Monday, September 22, 2025
Homeតារាខ្មែរពៅ សុជាតា ទម្លាយរឿងលែងប្ដីប៉េអឹម សល់កូនស្រី២នាក់ រ៉ាប់រងចិញ្ចឹមម្នាក់ឯង

ពៅ សុជាតា ទម្លាយរឿងលែងប្ដីប៉េអឹម សល់កូនស្រី២នាក់ រ៉ាប់រងចិញ្ចឹមម្នាក់ឯង

តារាចម្រៀងពៅ សុជាតា បានឲ្យដឹងថា ពេលនេះនាងក្លាយទៅជាស្រី្ដមេម៉ាយកូន២ ដែលត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯង ហើយអាជីពសិល្បៈត្រូវបានកាត់បន្ថយ ព្រោះនាងផ្ដោតទៅលើហាងសាឡនច្រើនជាង។

ទោះជាយ៉ាងណា សុជាតា មិនព្រមបង្ហើបពីមូលហេតុចែកផ្លូវជាមួយអតីតស្វាមីរបស់នាងឡើយ។

ពៅ សុជាតា វាចាថា ”ខ្ញុំនិងប្ដីបានបែកគ្នាហើយ អីចឹងខ្ញុំមិនចង់និយាយពាក់ព័ន្ធគាត់ទេ។ ខ្ញុំសល់កូនស្រី២នាក់ អាយុ៦ឆ្នាំ និងជិត៥ឆ្នាំម្នាក់ទៀត នៅជាមួយខ្ញុំរាល់ថ្ងៃហ្នឹង។ ឥឡូវខ្ញុំមិនសូវផ្ដោតលើអាជីពសិល្បៈទៀតទេ ព្រោះអីខ្ញុំមានហាងសាឡននៅផ្សារស្ទឹងមានជ័យថ្មី ដែលខ្ញុំបើកដំណើរការជាងកន្លះឆ្នាំមកហើយ”។

ទោះជាពៅ សុជាតា មិនចង់និយាយរឿងអតីតប្ដី និងមូលហេតុដែលនាំឲ្យនាងនិងស្វាមីចែកផ្លូវគ្នាមែន ប៉ុន្តែតាមព័ត៌មានថា តារាចម្រៀងសាច់សខ្ចីរូបនេះបានរៀបការជាមួយមន្រ្ដីប៉េអឹម ឈ្មោះជា បុណ្ណវឌ្ឍន៍ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣។

ប្រភពបានឲ្យដឹងថា ក្រោយរៀបការរួច សុជាតា ត្រូវប្ដីស្រលាញ់និងថ្នាក់ថ្នមនាងខ្លាំងណាស់ ប៉ុន្ដែលោកប៉េអឹមនោះក៏ហួងហែងប្រចណ្ឌនាងខ្លាំងដែរ ដែលគេជឿថា នេះអាចជាដើមចមធ្វើឲ្យចំណងស្នេហារបស់នាងឈានមករកការប្រេះឆាដូចពេលនេះ។

យ៉ាងណា ក្រោយធ្លាក់ខ្លួនជាស្រីមេម៉ាយកូន២នេះ សុជាតា ថា នាងមិនបោះបង់អាជីពចម្រៀងចោលទាំងស្រុងនោះទេ គឺគ្រាន់តែផ្អាកមួយរយៈសិន ដោយសារតែចង់យកពេលវេលាមកពង្រឹងហាងសាឡន។

ពៅ សុជាតា បន្ថែមថា ”ខ្ញុំនៅតែស្រលាញ់អាជីពចម្រៀងអីចឹង ប៉ុន្ដែមួយរយៈនេះ ខ្ញុំជាប់មើលហាងសាឡន អីចឹងមិនទាន់បានឡើងច្រៀងតាមប៉ុស្ដិ៍វិញទេ តែមានគេហៅដែរ។ ខ្ញុំមិនទាន់មានពេលឡើងច្រៀង ទើបបាត់មុខហ្នឹង។ ចំពោះការចេញទៅច្រៀងសម្ដែងនៅបរទេស ក៏មានគេទាក់ទងដូចមុនដែរ តែខ្ញុំអាចចាំមើលឆ្នាំក្រោយៗសិន ទើបសម្រេចចិត្តទៅច្រៀងនៅស្រុកគេវិញ”។

ស្ថិតក្នុងទឹកមុខស្រពោនស្រងូតស្រងាត់ខុសពីមិត្តរួមអាជីពនោះ ពៅ សុជាតា នៅតែបង្ហាញខ្លួនតាមបណ្ដាកម្មវិធីមិត្តភក្ដិ ប៉ុន្តែនាងគ្មានភាពរីករាយដូចមុនឡើយ។

អ្នកមេម៉ាយកូន២រូបនេះថា ចំពោះការគិតគូររឿងគូស្នេហ៍ថ្មីនោះ នាងមិនទាន់ចង់បានទេ ដោយរង់ចាំពេលវេលាតទៅមុខទៀតសិន ព្រោះឥឡូវនាងត្រូវរ៉ាប់រងមើលថែកូនៗឲ្យបានល្អសិន។

ក្រៅពីពៅ សុជាតា តារាដែលធ្លាក់ខ្លួនមេម៉ាយនៅឆ្នាំ២០២០នេះ មានដូចជា អ្នកនាងពេជេ្រ សោភា , កែវ និសា , សុខ ស្រីនាង , សុខ សោម៉ាវត្តី , អឿន ស្រីមុំ និងកែវ ពេជ្រពិសី ជាដើម។

ដោយឡែក សុជាតា វិញ បើទោះជាជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរក្ដី ប៉ុន្តែនាងនៅតែរក្សាបានរូបសម្រស់មិនប្រែប្រួលខ្លាំងឡើយ ហេតុនេះហើយគេជឿថា មិនយូរទេនាងនឹងរកបានម្ចាស់ស្នេហ៍ថ្មីស្អំរបួសបេះដូងជាមិនខាន៕

RELATED ARTICLES