មាស សុខសោភា នៅតែមិនទាន់ត្រូវបានផលិតកម្មរស្មីហង្សមាស ប្រកាសជាផ្លូវការថា នាងក្លាយជាសមាជិកថ្មីរបស់ផលិតកម្មនេះទេ បើទោះជាមានការសន្និដ្ឋានពីមហាជនស្ទើរតែ១០០% សោភា បើចេញពីថោន ប្រាកដជានាងនឹងទៅចូលហង្សមាស ក្ដី។

ការទន្ទឹងរង់ចាំរបស់ទស្សនិកថា តើមាស សុខសោភា នៅថោន តទៅទៀត ឬក៍ស្ពាយបង្វេចចូលហង្សមាស នោះ នៅតែមិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីតារាចម្រៀងរូបនេះនៅឡើយ ខណៈដែលក្នុងជំនួបជាមួយអ្នកយកព័ត៌មានយើងកន្លងមក សោភា វាចាថា នាងនៅតែមានមនោសញ្ចេតនាជាមួយថោនពិសេស គឺការរាប់អានជាមួយថៅកែប្រុសស្រីទាំងពីរផងដែរ។

មាស សុខសោភា ថា ថោន មានបញ្ហាខ្លះព្រោះក្រុមការងារមួយចំនួនបានបែកបាក់គ្នា ប៉ុន្ដែនឹងមានដំណោះស្រាយឆាប់ៗ ហើយពេលនោះនាងអាចឆ្លើយបានហើយថា នឹងនៅច្រៀងថោន តទៅទៀតឬមួយក៏ទៅផលិតកម្មផ្សេង។

តាមរយៈការអះអាងរបស់មាស សុខសោភា បែបនេះ បញ្ជាក់ថា ការរាប់អានរវាងនាង និងថៅកែថោន នៅតែមាននៅឡើយ ទោះជាថ្មីៗនេះ នាងថានឹងដើរចេញពីថោន ព្រោះផលិតកម្មនេះលែងអើពើជាមួយនាងក្ដី ប៉ុន្ដែបើសិនជាថោន មានដំណោះស្រាយល្អជាមួយនាងនោះ សោភា នឹងអាចបន្ដច្រៀងនៅផលិតកម្មមួយនេះតទៅទៀតជាមិនខាន។

ដោយឡែកមហាជនវិញថា ក្រៅពីមានការរាប់អានយ៉ាងជ្រាលជ្រៅជាមួយថៅកែនោះ មាស សុខសោភា ក៏ខ្លាចបាត់បង់តំណែងរបស់បងប្រុសនាង លោកមាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅរបស់ថោន ផងដែរ ប្រសិនបើនាងចាកចេញនោះ។

ហេតុនេះហើយផលិតកម្មរស្មីហង្សមាស នៅតែពិបាកអូសទាញតារារូបនេះជាមិនខាន ពិសេសការខ្វែងគំនិតរវាងហង្សមាស និងសោភា ព្រោះផលិតកម្មធំមួយនេះចង់ឲ្យសោភា ច្រៀងកុងត្រា៥ឆ្នាំនោះ មិនមែនជាចំណូលចិត្តរបស់តារារូបនេះឡើយ៕
