Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងកាតុ ត្រៀមអញ្ជើញភ្ញៀវរាប់រយនាក់ ឡើងផ្ទះនៅបុរីជីព ម៉ុង

អ្នកនាងកាតុ ត្រៀមអញ្ជើញភ្ញៀវរាប់រយនាក់ ឡើងផ្ទះនៅបុរីជីព ម៉ុង

តារាចម្រៀងផលិតកម្មថោន អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ និងស្វាមី លោកគង់ សុគន្ធា ហៅខ្យង នឹងធ្វើពិធីជប់លៀងធំឡើងផ្ទះវីឡានៅបុរីជីពម៉ុង លែន ទី១ ផ្លូវឧកញ៉ាម៉ុងរិទ្ធី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។

ប្ដីប្រពន្ធតារាសិល្បៈ១គូនេះ បានកាន់សំបុត្រហៅតារាល្បីៗរាប់រយនាក់ឲ្យចូលរួមកម្មវិធីរបស់ពួកគេ ខណៈដែលកន្លងមក អ្នកនាងកាតុ និងប្ដីតែងតែបង្ហាញខ្លួនចូលរួមតាមបណ្ដាកម្មវិធីអ្នកសិល្បៈជាច្រើននាក់មកហើយ ហេតុនេះហើយក្រុមតារាទាំងនោះនឹងទៅចូលរួមចងដៃអ្នកទាំងពីរវិញមិនខាន។

គួរបញ្ជាក់ថា ក្រោយពីស្វាមីបានជាសះស្បើយពីជំងឺឡើងវិញនោះ អ្នកនាងសុខ ច័ន្ទធីតា មានជីវភាពល្អប្រសើឡើងវិញ រហូតមកដល់ពេលនេះស្ងាត់ៗ ស្រាប់តែធ្វើពិធីឡើងផ្ទះតែម្ដង។ ក្រៅពីអាជីពសិល្បៈអ្នកនាងកាតុ នាយិកាក្រុមហ៊ុនគីម ណាវ៉ាត់ ហើយកន្លងមកអ្នកនាងនិងស្វាមីតែងតែលេចមុខធ្វើកិច្ចការសប្បុរសធម៌ជាច្រើនផងដែរ តាមរយៈការចែកអំណោយដល់ទុរគតជន។

ដោយឡែក នៅផលិតកម្មថោន វិញ អ្នកនាងកាតុ ថា នាងនិងស្វាមីក៏ជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍មួយនេះដែរ ហើយនៅពេលអនាគត អ្នកនាងចង់ធ្វើសប្បុរសធម៌តទៅទៀត តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

ក្រៅពីមមាញឹកអាជីពចម្រៀង កាត់សក់ និងជាពិធីការិនី អ្នកនាងសុខ ច័ន្ទធីតា ក៏បានឆ្លៀតថតភាពយន្ដរឿង ”ព្រហ្មលិខិតដុះស្លាប” របស់ទូរទស្សន៍ថោន ផងដែរ។

ចំណែកគម្រោងយកកូនថែមវិញ អ្នកនាងកាតុ ធ្លាប់ប្រាប់ថា ចង់បានកូនមួយទៀត ប៉ុន្ដែពេលនេះគេនៅតែមិនទាន់ឃើញអ្នកនាងពពោះទៀតឡើយ បន្ទាប់ពីមានកូនស្រីម្នាក់ជាចំណងដៃស្នេហ៍។

ចំពោះអាជីពចម្រៀងវិញ អ្នកនាងកាតុ ល្បីបទចុងក្រោយ ”សុដន់ម៉ែ” ហើយនៅតាមបណ្ដាកម្មវិធីសិល្បៈទាំងឡាយ ភ្ញៀវជាច្រើនតែងសំណូមពរឲ្យនាងច្រៀងបទនេះផងដែរ៕

RELATED ARTICLES