ក្រោយត្រូវកីឡាករបាល់ទាត់ ង៉ែត លីទី វាយឲ្យរបួសធ្ងន់រហូតដេរអស់៥ថ្នេរ ដោយសារតែខឹងនាយចឺម ញ៉ែសង្សាររបស់ខ្លួន ឈ្មោះស្រីលាភ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នោះ នាយចឺម បានប្រាប់អ្នកយកព័ត៌មានយើងថា តាមពិតស្រីស្អាតស្រីលាភ ជាសង្សាររបស់នាយទេ។

ភ្លាមៗនោះដែរ នាយចឺមក៏បានចេញបទចម្រៀងមួយបទដែលហាក់ដាក់កំហុសទៅលើស្រីលាភ ដែលមានសង្សារហើយ តែមកកុហកប្រាប់នាយថា អត់សង្សារនោះ តាមរយៈបទ ”ហេតុអ្វីកុហកបងថា គ្មានសង្សារ?” ដែលបទនេះទទួលបានការគាំទ្រ និងរិះគន់ស្មើគ្នា។

ប៉ុន្ដែការចេញមួយបទនេះហាក់មិនទាន់អស់ចិត្តនៅឡើយ ទើបពេលនេះ នាយចឺម ត្រៀមចេញបទថ្មីមួយបទទៀត ក្នុងន័យហាក់នៅតែចង់ឌឺទៅឲ្យអ្នកវាយនាយ ឲ្យរបួសធ្ងន់នោះ តាមរយៈបទ ”សង្សារបងទេ អាស្វា” ដែលជាបទស្ទាវ ចង្វាក់ញាក់។

នាយចឺម បានឲ្យដឹងថា ”នៅឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំត្រៀមចេញ៥បទ ដូចជាបទ ”តាស្រម៉ូម”, ”បងចូលចិត្តស៊ីកណ្ដុរ” និង ”ចាប់ផ្កាយ” ជាដើម។ ចំណែកបទ ”សង្សារបងទេអាស្វា” គឺជាបទញាក់បែបយុវវ័យ ហើយត្រៀមចេញឆាប់ហ្នឹងដែរ”។

នាយចឺម បន្តថា “ក្នុងចំណោមបទចម្រៀងខាងលើនេះ មានតែបទ ”បងចូលចិត្តស៊ីកណ្ដុរ” ទេ ដែលបទនេះខ្ញុំពិបាកថតជាងគេ ព្រោះតាមពិតខ្ញុំមិនដែលចេះស៊ីកណ្ដុរមែនទែនទេ ប៉ុន្តែដល់ពេលគេឲ្យថតបទហ្នឹង មានអីដាក់កណ្ដុរមែនទែនចូលមាត់ ពិបាកទ្រាំមែនទែន តែមិនដឹងធ្វើម៉េច ចេះតែធ្វើទៅតាមអ្នកដឹកនាំទៅ”។

នាយចឺម បានឲ្យដឹងដែរថា ពេលនេះស្ថានភាពរបួសរបស់នាយបានជាហើយ ដោយមិនបាច់លេបថ្នាំទៀតទេ។ នាយថា បានចេញទៅច្រៀង Concert តាមបណ្ដាខេត្ត-ក្រុងទាំងឡាយ ស្ទើររៀងរាល់ថ្ងៃ ដោយមិនមានការបាមរម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដូចមុនទៀតឡើយ។ ចំណែករឿងរៀបការជាមួយសង្សារថ្មី អូនហ្វាហ្វា នាយថា អាចមើលចិត្តគ្នា៥ឆ្នាំទៀតសិន៕