Tuesday, September 23, 2025
Homeតារាខ្មែរឆុំ វត្តី កៀកថ្ងៃរៀបការទៅហើយ អនាគតស្វាមីមិនឃាត់

ឆុំ វត្តី កៀកថ្ងៃរៀបការទៅហើយ អនាគតស្វាមីមិនឃាត់

តារាសម្ដែងស្រអែមស្រស់ កញ្ញាឆុំ វត្តី បានឲ្យដឹងថា ទោះជាពេលនេះថ្ងៃរៀបការរបស់នាងកាន់តែខិតកៀកមែនទែនហើយក្ដី ប៉ុន្ដែស្វាមីរបស់នាងមិនហាមឃាត់នាងក្នុងការថតសម្ដែងភាពយន្ដឲ្យផលិតកម្មផ្សេងនោះទេគឺលោកបើកចិត្តទូលាយឲ្យនាងបានលេងសិល្បៈតាមចិត្តចង់។

វត្តី ថា បច្ចុប្បន្នកំពុងតែថតភាពយន្ដមួយឲ្យស្ថានីយទូរទស្សន៍ CTN គឺរឿង ”ម្ចាស់ក្រោលដំរី” បាន៥០%ហើយ ខណៈដែលមានផលិតកម្មមួយចំនួនទៀត ក៏បានទាក់ទងឲ្យនាងសម្ដែងរឿងផ្សេងទៀតដែរ។ ប៉ុន្ដែយ៉ាងណា នាងថា នៅបាំងមិនដល់២ខែទៀតឡើយ នាងនឹងរៀបអាពាហ៍ពិពាហាហ៍ជាមួយគូស្នេហ៍ហើយ។

ឆុំ វត្តី បានឲ្យដឹងថា ”ថ្ងៃរៀបការខ្ញុំកាន់តែកៀកមែន ប៉ុន្តែខ្ញុំនៅតែថតរឿងដដែលតើ‌‌! គូដណ្ដឹងខ្ញុំគាត់មិនថាអីទេ នៅតែឲ្យថតអីចឹង ឲ្យតែខ្ញុំឆ្លៀតបាន ហើយពេលនេះខ្ញុំថតរឿងឲ្យ CTN ”ម្ចាស់ក្រោលដំរី” ប៉ះគ្នាជាមួយលោកអ៊ុន សិទ្ធា។ មើលទៅថ្ងៃក្រោយ ទោះជាខ្ញុំរៀបការហើយ ក៏នៅតែថតភាពយន្ដធម្មតាដែរ ព្រោះគ្រួសារខ្ញុំមិនហាមឃាត់ទេ”។

ឆុំ វត្តី ដែលជាតួឯករឿង ”ហ្លួងព្រះស្តេចកន” បានភ្ជាប់ស្នេហាជាមួយលោករិទ្ធិ ហួរក្សា ដែលជាកូនរបស់អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះ លោកទិត ធារិទ្ធ ហើយពេលនេះ វត្តី បានក្លាយទៅជាអ្នកចាត់ការទូទៅនៅផលិតកម្មរបស់ឪពុកក្មេកនាងតែម្ដង។

ដោយឡែក ទាក់ទងរឿងរៀបការថាត្រៀមហៅភ្ញៀវប៉ុន្មាននាក់ ហើយធ្វើនៅថ្ងៃណា កន្លែងណានោះ វត្តី ថា នាងមិនទាន់អាចប្រាប់បានទេ គឺទាល់តែកៀកថ្ងៃពិសេសនោះ ទើបប្រកាសតែម្ដង។

ឆុំ វត្តី បន្ថែមថា ”ឥឡូវខ្ញុំមិនទាន់អាចប្រាប់ថ្ងៃរៀបការបានទេ។ ចាំកៀកថ្ងៃបន្ដិចសិនទៅ ដឹងតែថាធ្វើនៅដើមខែឧសភា ឆ្នាំ២០២០ហ្នឹង ទៅបានហើយ។ ទោះជាខ្ញុំមានតួនាទីនៅផលិតកម្មប៉ាក្មេកខ្ញុំមែន ប៉ុន្តែខ្ញុំនៅតែថតកុនខាងក្រៅអីចឹង គ្រាន់តែយើងទទួលបានបទពិសោធន៍ថ្មីៗច្រើន តាំងពីខ្ញុំក្លាយទៅជាអ្នកដឹកនាំរឿង និងជាអ្នកចាត់ការទូទៅនៅផលិតកម្មគាត់មក”៕

RELATED ARTICLES