ខណៈដែលអតីតមិត្តរួមក្រុម មានខេមរៈ សិរីមន្ដ , សុខ ស្រីនាង , នីកូ សុទ្ធតែស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស នោះ តារាចម្រៀងអ៊ីវ៉ា នៅតែក្រាញជាមួយទ្រនំចាស់នេះដដែល បើទោះជានាងមិនសូវមានឱកាសបង្ហាញខ្លួនលើឆាកតន្រ្ដីធំៗ ព្រោះការប្រគំតន្រ្ដីជាច្រើនស្ថិតក្នុងកណ្ដាប់ដៃហង្សមាសក្ដី ប៉ុន្ដែអ៊ីវ៉ា នៅតែពេញចិត្តក្នុងការច្រៀងនៅបណ្ដាកម្មវិធីទាំងឡាយ ក្រៅពីហង្សមាស នេះ បើទោះជាកម្មវិធីខ្លះមិនផ្សាយផ្ទាល់ (live)ក៏ដោយ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា អ៊ីវ៉ា នឹងពិបាកគេចចេញេពីផលិតកម្មហង្សមាស ណាស់ ប្រសិនបើផលិតកម្មនេះពិតជាដាក់គោលដៅថា ត្រូវតែយករូបនាងមកធ្វើជាសមាជិករបស់ខ្លួនឲ្យខាងតែបានមែននោះ ព្រោះបច្ចុប្បន្នកម្មវិធីប្រគំតន្រ្ដីធំៗស្ទើរតែទាំងស្រុង គឺនៅលើហង្សមាស គ្រប់គ្រង។

លោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា បានឲ្យដឹងថា កូនស្រីរបស់លោកនៅតែបន្ដច្រៀងឲ្យផលិតកម្មសាន់ដេ ដដែលទេ ប៉ុន្តែលោកមិនបានបិទផ្លូវថា នឹងមិនឲ្យកូនស្រីទៅផលិតកម្មណាជាដាច់ខាតនោះទេ គឺធ្វើការទៅតាមពេលវេលា។

ប៉ុន្ដែលោកវ៉ាវ បានសរសើរថៅកែសាន់ដេ ថា ជាមនុស្សមិនចេះហួងហែងកូនចៅ ឬកាត់ភាគរយពីតារាចម្រៀងដែលចេញច្រៀងកម្មវិធីឡើយ។ លោកថា អ៊ីវ៉ា បានចាត់ទុកផលិតកម្មសាន់ដេ ជាឪពុកម្ដាយទី២របស់ខ្លួនទៀតផង។

តាមព័ត៌មានថា ក្រៅពីអ៊ីវ៉ា ផលិតកម្មរស្មីហង្សមាស នៅចង់បានតារាជើងខ្លាំង២នាក់ទៀតមកធ្វើជាសមាជិករបស់ខ្លួននោះ គឺមាស សុខសោភា និងឆាយ វីរៈយុទ្ធ ។

ដោយឡែក អ៊ីវ៉ា វិញ ធ្លាប់សារភាពថា ហង្សមាសនិងថោន ពិតជាធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែនាងថា ពេលនេះហង្សមាស ហាក់មានអ្នកចម្រៀងច្រើនបន្ដិចហើយ។ នាងថា នាងនៅតែជាតារាចម្រៀងសាន់ដេ ទេ ប៉ុន្តែនាងច្រៀងដោយគ្មានកុងត្រាឡើយ ពិសេសនាងមានសិទ្ធិក្នុងការបដិសេធមិនច្រៀងនូវបទចម្រៀងណាមួយ ដែលនាងមិនពេញចិត្តទៀតផង។

ស្ថិតក្នុងវ័យ២៤ឆ្នាំ ឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែលមិនព្រមផ្សះផ្សារស្នេហ៍ជាមួយលោក ”ប” ថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាបនោះ ពេលនេះនាងមិនទាន់បង្ហាញគូស្នេហ៍ថ្មីឡើយ ខណៈដែលឪពុករបស់នាងបានប្រកាសថា លោកសូមស្វាគមន៍បុរសណាដែលស្រលាញ់ និងចង់ចូលចែចូវកូនស្រីលោកដោយស្មោះស។

ប៉ុន្ដែប្រុសៗទាំងនោះដាច់ខាតមិនត្រូវបានអនុញ្ញាតឲ្យចូលក្បែរកូនស្រីឡើយ ប្រសិនណាពួកគេមានប្រពន្ធ ហើយទោះជាមានទ្រព្យប៉ុនណាក៏ដោយ គឺលោក និងស្រីនាថ មិនត្រូវការជាដាច់ខាត៕