អ្នកមេម៉ាយកូន២ ស៊ិន ឧត្តមផល្លា នៅតែមានទីផ្សារចម្រៀងដដែល បើទោះជាពេលនេះវ័យរបស់នាងរាងជ្រេបន្ដិចក្ដី ប៉ុន្តែអ្នកនាងបានចេញច្រៀងតាមបណ្ដាកម្មវិធីផ្សេងៗជាច្រើន ដែលរៀបចំដោយក្រុមហ៊ុនកម្សាន្ដ លោកយ៉ែម សំអូន។

អ្នកនាងស៊ិន ឧត្តមផល្លា តែងច្រៀងតាមកម្មវិធីទាំងនោះជាបទចម្រៀងភាសាចិន ស្ទើរតែទាំងស្រុងតែម្ដង ហើយសំនៀងរបស់នាងនៅតែពិរោះ ធ្វើឲ្យភ្ញៀវទស្សនាដោយជក់ចិត្ត។ ក្រៅពីច្រៀងតាមបណ្ដាកម្មវិធីជប់លៀង និងមង្គលការផ្សេងៗនោះ អ្នកនាងឧត្តមផល្លា ក៏ធ្លាប់ច្រៀងនៅតាមហាងរាត្រីផងដែរ ដូចជា ហាងពិភពរាត្រីថ្មី ជាដើម។

ទោះជាអាជីពចម្រៀង អ្នកនាងស៊ិន ឧត្តមផល្លា នៅតែមានទីផ្សារក្ដី ប៉ុន្ដែអ្នកនាងក៏បានបើកហាងលក់ស្បង់ជីវរ១ នៅម្ដុំបុរីកីឡាផងដែរ ដោយនាងប្រឹងប្រែងរកលុយមកចិញ្ចឹមកូនទាំងពីរ។

ដោយឡែក អតីស្វាមីរបស់អ្នកនាងស៊ិន ឧត្តមផល្លា លោកយុទ្ធិ ស័ក្កិ វិញ ថ្មីៗនេះបានបណ្ដើរភរិយាថ្មី អ្នកស្រីខៀវ ចិន្ដា ដែលជាថៅកែផលិតកម្មតោមាស រៃមាស មកពីបារាំង ជាចំហតែម្ដង ចូលរួមកម្មវិធីអ្នកសិល្បៈ ខណៈដែលអ្នកនាងផល្លា ហាក់មិនខ្វល់ខ្វាយពីរឿងស្នេហាចាស់នេះទេ ដោយនាងគិតតែពីផ្ដោតលើការរកលុយចិញ្ចឹមកូនរៀនសូត្រតែម្នាក់ឯង។

ក្នុងជំនួបនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីខែមុន អ្នកនាងស៊ិន ឧត្តមផល្លា ថា ពេលនេះនាងមិនទាន់មានស្នេហាថ្មីឡើយ។ ចំណែកអាជីពចម្រៀង អ្នកនាងនៅតែស្រលាញ់ ហេតុនេះហើយទោះជាមានហាងលក់ដូរក្ដី ប៉ុន្តែនាងនៅតែបន្ដរច្រៀងសម្ដែងដូចមុនដដែលឲ្យតែគេហៅ។

ប្រភពពីតារារួមអាជីពបានឲ្យដឹងថា ឲ្យតែមានកម្មវិធីណាដែលមានការប្រគំតន្រ្ដីត្រូវការអ្នកចម្រៀងភាសាចិននោះ ម្ចាស់កម្មវិធីតម្រូវជ្រើសយកអ្នកនាងឧត្តមផល្លា ហេតុនេះហើយបានជានាងនៅតែមានទីផ្សារសិល្បៈដដែល បើទោះជាពេលនេះមានតារាក្មេងៗច្រើនក្ដី៕
