Tuesday, September 23, 2025
Homeតារាខ្មែរនាយចឺម ចាត់ទុកខេមរៈ សិរីមន្ត ជា Idol ពេលតាមលែងទាន់ និងត្រៀមធ្វើដូច

នាយចឺម ចាត់ទុកខេមរៈ សិរីមន្ត ជា Idol ពេលតាមលែងទាន់ និងត្រៀមធ្វើដូច

តារាចម្រៀងសុខ មេសា ហៅនាយចឺម បានឲ្យដឹងថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យផ្អើលអ្នកស្រុកនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នាយចឺម

ការអះអាងរបស់នាយចឺម បែបនេះ ដោយសារតែនាយថា នឹងមានគម្រោងសង់ផ្ទះវីឡាស្កឹមស្កៃឲ្យដូចខេមរៈ សិរីមន្ដ ដែរ ហើយប្រជាជននៅទីនោះនឹងដឹងថា នោះជាផ្ទះរបស់នាយដូចផ្ទះរបស់សិរីមន្ដ នៅក្បែរវត្តសំរោងអណ្ដែតដែរ។

នាយ​ចឺម ដែលធ្លាប់អះអាងកាលពីឆ្នាំ២០១៨ ថា នឹងប្រើពេលតែ១ឆ្នាំ ដើម្បីតាមឲ្យទាន់ភាពល្បីរបស់ខេមរៈ សិរីមន្ដ នោះ បែរជាមកហៅលោកខេមរៈ សិរីមន្ត ថាជា ”Idol” ហើយចង់យកគំរូតាមអ្នកចម្រៀងនេះទៀតផង។

នាយចឺម អះអាងថា ”Idol ក្នុងចិត្តរបស់ខ្ញុំ គឺបងខេមរៈ សិរីមន្ដ ខ្ញុំចង់ធ្វើដូចគាត់អីចឹង ព្រោះនៅម្ដុំវត្តសំរោងអណ្ដែត អ្នកណាក៏ដឹងថាផ្ទះសិរីមន្ដ នៅក្បែរហ្នុងដែរ។ អីចឹងខ្ញុំចង់សង់ផ្ទះវីឡាមួយនាពេលខាងមុខ ហើយទីតាំងដែលខ្ញុំស្រលាញ់ គឺនៅម្ដុំខណ្ឌឬស្សីកែវ។ ប៉ុន្ដែពេលនេះខ្ញុំអត់ទាន់មានដីសម្រាប់សង់ផ្ទះហ្នឹងទេ។ សម្រាប់ខ្ញុំមិនដឹងជាម៉េចទេស្រលាញ់តែផ្ទះវីឡា ផ្ទះធម្មតាមិនសូវស្រលាញ់ទេ អីចឹងថ្ងៃខាងមុខខ្ញុំចង់ធ្វើផ្ទះវីឡាមួយ ហើយឲ្យអ្នកស្រុកនៅម្ដុំនោះដឹងថា ជាផ្ទះរបស់ខ្ញុំដូចផ្ទះរបស់បងសិរីមន្ដ អីចឹងដែរ”។

ខេមរៈ សិរីមន្ត ថតរូបពីមុខផ្ទះវីឡារបស់ខ្លួន ក្បែរវត្តសំរោងអណ្តែត

ការប្រកាសត្រៀមខ្លួនធ្វើវីឡាថ្មីរបស់នាយចឺម នៅពេលនេះ​ស្របពេលដែលកាលពីដើមខែមករា ឆ្នាំ២០២០នេះ នាយទើបបានធ្វើពិធីឡើងផ្ទះវីឡាឲ្យម្ដាយនៅខេត្តកំពង់ស្ពឺ តម្លៃជាង២០ម៉ឺនដុល្លារ។

ដោយឡែក ពេលនេះ នាយចឺម ចាប់ផ្ដើមសម្លឹងមើលការសាងសង់ផ្ទះវីឡាផ្ទាល់ខ្លួនវិញម្ដង ដែលរឿងនេះប្រាកដជាធ្វើឲ្យអនាគតភរិយានាយចឺម គឺស្រីស្អាតគៀត បែលឡា ហៅអូនហ្វា ហ្វា រីករាយរំភើបចិត្តរហូតដេកមិនលក់ជាមិនខានឡើយ ព្រោះថា ផ្ទះវីឡាទ្រនំស្នេហ៍នោះ ពួកគេនឹងរស់នៅតែ២នាក់ ក្រោយរៀបអាពាហ៍ពិពាហ៍រួច។

ទោះជាយ៉ាងណា នាយចឺម ថា ពេលនេះនាយមិនទាន់គិតគូររឿងរៀបការទេ ដែលអាចនឹងប្រើពេលរហូតដល់ទៅ៥ឆ្នាំខាងមុខទៀត ទើបនាយគិតគូររឿងការប្រពន្ធ៕

RELATED ARTICLES