Tuesday, September 23, 2025
Homeតារាខ្មែរពេជ្រ សូលីកា ថៅកែមិនហា៊នប្រថុយ ពេលកំពុងមានផ្ទៃពោះ

ពេជ្រ សូលីកា ថៅកែមិនហា៊នប្រថុយ ពេលកំពុងមានផ្ទៃពោះ

តារាចម្រៀងប្រុសស្រីទាំងអស់របស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមមាញឹកក្នុងការចេញរកលុយនៅរដូវប្រាំងនេះ ស្ទើរតែមិនបានដេកពួនឡើយ ព្រោះជារដូវដែលខាត់ សុឃីម ហៅថា “ផ្ការីក”។

ប៉ុន្តែពេជ្រ សូលីកា ដែលជាអ្នកចម្រៀងម្នាក់របស់ផលិតកម្មនេះដែរ បែរជានាងគ្មានឱកាសទាល់តែសោះក្នុងការចេញច្រៀងសម្តែងតាមបណ្តាឆាកប្រគំតន្ត្រីនានា ដោយសារថៅកែក្រុមហ៊ុនមិនហ៊ាន ប្រថុយឱ្យនាងបង្ហាញមុខ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងនៅតែមិនអាចឡើងដល់ចំណុចដែលប៉ងប្រាថ្នាដដែល ស្របពេលដែលសូលីកា បង្ហូរទឹកនេត្រាស្ទើររៀងរាល់រាត្រី ដោយសារតែអាណិតម្តាយដែលជាប់គុកដោយសារតែរឿងឃាតកម្មលើគូស្នេហ៍ស្រីភេទដូចគ្នាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០…។

តារាចម្រៀងស្រីរបស់ហង្សមាសស្ទើរតែទាំងអស់ត្រូវបានផលិតកម្មមួយនេះដាក់ស្ពតរបស់ខ្លួនក្នុងការចេញច្រៀងសម្តែងតាមបណ្តាខេត្តនានា ត្រូវបានផលិតកម្មមួយនេះបែងចែកឱ្យត្រូវចុះទៅច្រៀងរាំរកលុយតាមបណ្តាខេត្តរៀងៗខ្លួន មិនឱ្យនៅទំនេរដេកផ្ទះឡើយ។

ប៉ុន្តែសម្រាប់ពេជ្រ សូលីកា វិញ មិនត្រូវបានហង្សមាស ប្រកាសឱ្យចេញច្រៀងតាមខេត្តណាមួយក្នុងកម្មវិធីប្រគំតន្ត្រីរបស់ខ្លួននោះទេ បើទោះជានាងត្រូវបានគេស្គាល់ច្បាស់ជាងតារាស្រីរបស់ផលិតកម្មនេះមួយចំនួនទៀតក្តី។

អ្នកគាំទ្រពេជ្រ សូលីកា ខ្លះ មានការអាក់អន់ស្រពន់ចិនត្ត ព្រោះមិនឃើញ Idol របស់ខ្លួនចេញច្រៀងដូចគេ ទើបធ្វើឱ្យពួកគេចាត់ទុកថា ហង្សមាស ផ្អឹបសូលីកា មិនឱ្យចេញច្រៀងតែម្តងបានជាពេលនេះនាងទៅមុខមិនរួច។

លោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាស មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ ព្រោះ ទូរស័ព្ទចូល តែមិនមានអ្នកលើកទទួល។

ប៉ុន្តែអ្នកជំនាញសិល្បៈម្នាក់នៅហង្សមាស ដែលតារាៗហៅថា “លោកគ្រូៗ“ នោះ បានបង្ហើបឱ្យដឹងថា មិនអាចបន្ទោសហង្សមាស បានទេ ព្រោះការចេញច្រៀងសម្តែងរបស់តារាទាំងអស់ គឺខាង Sponsor ជាអ្នកជ្រើសយក មិនមែនថៅកែបែងចែកទេ។ លោកថា រឿងសូលីកា ក៏ដូចគ្នាដែរ បើខាង Sponsor តម្រូវថៅកែមានបិទអី ឱ្យចេញច្រៀងដូចគេហើយ។

ប៉ុន្តែលោកថា ថ្មីៗនេះ សូលីកា មានរឿងម្តាយជាប់គុក ហើយនាងមានផ្ទៃពោះទៀត អ៊ីចឹងពិបាកចេញច្រៀងសម្តែងដូចតារាផ្សេងៗទៀតណាស់ ព្រោះអារម្មណ៍មិនដូចគេគ្មានរឿងទេ។ លោកថា តើថៅកែឯណាចង់ឱ្យកូនចៅពោះធំចេញច្រៀងទៅ? គេមិនប្រថុយទេ…។

ពេជ្រ សូលីកា បានជួប “សំណាងក្នុងគ្រោះ” ព្រោះនាងបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីអូស្ត្រាលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នោះ នាំឱ្យអ្នកគាំទ្ររបស់នាងសាទរដល់តារាចម្រៀងរូបនេះសឹងគ្រប់គ្នា ព្រោះថានាងបានកប់ស្នេហ៍ចាស់ដែលធ្លាប់បោកបក់លើនាង ជាង៥ឆ្នាំ ចាប់ពីពេលនេះតទៅហើយ។ ប៉ុន្តែក្រោយភ្ជាប់ពាក្យបាន២ខែ នាងមានផ្ទៃពោះ២ខែ ទើបធ្វើអ្នកខ្លះរិះគន់នាងថា មិនទាន់បានរៀបការត្រឹមត្រូវផងពពោះទៅហើយ។

អ្វីដែលគួរឱ្យរន្ធត់បំផុតសម្រាប់សូលីកា នោះ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ម្តាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ ត្រូវបានប៉ូលិសចាប់វ៉ៃខ្នោះបញ្ចូនទៅកាន់តុលាការដែលអាចប្រឈមជាប់គុកអស់១ជីវិតទៀតផង ជុំវិញករណីឃាតកម្មលើគូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី អាយុ៥០ឆ្នាំ។

ពេជ្រ សូលីកា តក់ស្លុតខ្លាំងណាស់ រហូតសម្រេចចិត្តលើកគម្រោងរៀបការ នៅដើមឆ្នាំ២០២០នេះ ដោយសារមិនចង់សប្បាយរីករាយ ពេលម្តាយ ជាប់គុក ដែលការលុបចោលគម្រោងក្រាបផ្ទឹមទាំងទាន់ហន់បែបនេះ មានន័យថា ពេជ្រ សូលីកា នឹងពពោះរហូតដល់ថ្ងៃសម្រាលតែម្តង ទើបគិតគូររៀបការតាមក្រោយ។

ការពន្យារពេលរៀបការប្តី ដើម្បីបានចេញទៅរស់នៅអូស្ត្រាលី ឆាប់ៗនេះ ធ្វើឱ្យសូលីកា ពិបាករក្សាចំណងស្នេហាឱ្យបានគង់វង្ស ព្រោះអនាគតស្វាមីរបស់នាងក៏ធ្លាប់មានប្រវត្តិមានចិត្តរេផ្តាច់ខ្លួនពីសង្សារចាស់ ដែលជាមិត្តជិតដិតរបស់នាង គឺថៃ នារីសុជាតា មកភ្ជាប់ស្នេហាជាមួយនាងដែរ៕

RELATED ARTICLES