ភ្នំពេញ៖ ដូចទស្សនិកជនបានជ្រាបច្បាស់ហើយ កន្លងទៅ តារាចម្រៀងខេម បានប្រកាសថា ខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ឡើយ ដើម្បីឲ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។ ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងរូបនេះបានធ្វើតាមពាក្យសន្យារបស់ខ្លួនពិតមែន ដោយលោកបានចុះជួបពលរដ្ឋផ្ទាល់ដើម្បីស្វែងយល់ ក៏ដូចជាលើកទឹកចិត្តកសិករខ្មែរយើងក្នុងផលិតបន្លែផ្លែឈើ ត្រីសាច់ដែលមិនមានប្រើជាតិគីមីនោះ។

ទីតាំងដែលម្ចាស់បទ “ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះ ចុះទៅនោះ គឺស្ថិតនៅដឹកដីខេត្តកំពង់ឆ្នាំង ដែលជាស្រុកកំណើតរបស់លោកតែម្ដង។ ខេម បានសិក្សាស្វែងយល់ ក៏ដូចជាលើកទឹកចិត្តកសិករដែលលោកបានចុះទៅជួបនោះ ហើយប្រជាពលរដ្ឋ ពិសេសកសិករខ្មែរ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំងនៅពេលដែលបានជួបលោកខេម។

លោកខេម បាននិយាយថា សូមបងប្អូនប្រជាកសិករព្រួយបារម្ភលើទីផ្សារបន្លែផ្លែឈើដែលដាំដោយធម្មជាតិតទៅទៀត ព្រោះមានផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា ចាំទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារបច្ចេកទេស។

ការចុះទៅជួបប្រជាកសិករនោះ ខេម និយាយថា ខ្លួនចូលរួមនោះជាការស្ម័គ្រចិត្តដោយមិនគិតប្រាក់ឡើយ ដើម្បីរួមចំណែកដល់ទីផ្សារកសិករខ្មែរឲ្យមានទីផ្សារ។ តារាចម្រៀងល្បីឈ្មោះរូបនេះបានសម្ដែងភាពសប្បាយចិត្តជាខ្លាំងនៅពេលដែលបានធ្វើសកម្មភាពជួយដល់កសិករខ្មែរ ពិសេសជួយដល់អ្នកខេត្តខ្លួនបែបនេះ។

មិនមែនមានតែខេម ម្នាក់ប៉ុណ្ណោះទេ តាមការប្រកាសជាសាធារណៈ កន្លងទៅ គេឃើញមានតារាចម្រៀងល្បីជាច្រើនទៀតដែលនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា របស់ឧកញ៉ាវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពនេះ ក្នុងនោះ មានដូចជា តារាចម្រៀង លោកខេមរៈ សិរីមន្ត , ប៉ែន ចំរ៉ុង និងកញ្ញាតន់ ច័ន្ទសីម៉ា ជាដើម។

តាមប្រភពច្បាស់ការមួយទៀត បានទម្លាយឲ្យដឹងថា កំពូលតារាចម្រៀងល្បីឈ្មោះ លោកព្រាប សុវត្ថិ ក៏អាចនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា ដោយឥតគិតថ្លៃផងដែរ។

តាមផែនការផ្សារដែលប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រពាសពេញប្រទេសនេះគ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះហើយ ដែលតាំងនៅកណ្តាលផ្សារទំនើបអូឡាំព្យ៉ា (Olympia) តែម្ដង។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនិងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកុម្មង់ទិញតាមលេខ 011 444 444 ឬ 0000 សម្រាប់ប្រព័ន្ធ Cellcard ដោយឥតគិតថ្លៃ ឬតាមវេបសាយអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃកុម្មង់តាមទំនិញដែលលោកអ្នកត្រូវការត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬត្រីសាច់ដែលលោកអ្នកកុម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕
