ម្ចាស់បទ ”ទូរស័ព្ទប្រាប់ផង”, ”ជាប់រវល់” លោកសាន ផានិត ស្រាប់តែនៅសុខៗបានចេញមុខសរសើរសិស្សប្អូនក្នុងសិល្បៈ ដល់ទៅ៣នាក់ ដោយអះអាងថា ទោះជាអំឡុងពេលដែលលោកធ្លាក់ខ្លួនយ៉ាងណា ក៏តារាទាំង៣ នៅតែគោរពនិងរាប់អានលោកជារៀមច្បងម្នាក់ដែរ។

តារាទាំង៣ដួង ដែលសាន ផានិត ចេញមុខសរសើរពេញៗមាត់នោះ មានលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ , ខាន់ ជេមស៍ និងខេម។

សាន ផានិត បានឲ្យដឹងថា នៅពេលដែលលោកធ្លាក់ខ្លួនខ្លាំង អ្នកចម្រៀងទាំង៣ខាងលើនេះ នៅតែគោរព ដោយចាត់ទុកលោកថា ជាសិស្សច្បងម្នាក់ក្នុងសិល្បៈ។

សាន ផានិត អះអាងថា ”សិរីមន្ដ, ជេមស៍ និងខេម ទាំង៣នាក់ហ្នឹង ទោះជាឃើញខ្ញុំនៅឯណា ក៏លើកដៃសំពះដែរ។ ខ្ញុំមិនចង់ឲ្យគេគោរពខ្ញុំទេ ប៉ុន្ដែពួកគេធ្វើដោយស្ម័គ្រចិត្ត អីចឹងខ្ញុំរំភើបដែលប្អូនទាំង៣ បានឲ្យតម្លៃខ្ញុំ”។

លោកសាន ផានិត បន្តថា “ខ្ញុំចាំបានថា កាលខ្ញុំធ្លាក់ខ្លួនខ្លាំង សិរីមន្ដ បានហៅខ្ញុំទៅចូលខារ៉ាអូខេមួយ ក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយខេម ពេលទៅច្រៀងនៅកូរ៉េ គាត់ចាប់ឱបខ្ញុំថត ចំណែកជេមស៍ ក៏ខ្ញុំមានអនុស្សារីយ៍មួយចំនួនជាមួយគាត់ដែរ។ តាមពិត ខ្ញុំមិនចង់ឲ្យគេគោរពខ្ញុំទេ ប៉ុន្តែធ្វើម៉េចពួកគាត់ស្ម័គ្រចិត្តធ្វើចឹង ហើយខ្ញុំរំភើបខ្លាំងណាស់ដែលប្អូនៗឲ្យតម្លៃខ្ញុំបែបនេះ”។

ក្រៅពីចេញមុខសរសើរសិស្សប្អូនទាំង៣ដួងខាងលើនេះ សាន ផានិត ដែលធ្លាប់ច្រៀងជាមួយខេមរៈ សិរីមន្ត នៅផលិតកម្ម U2 នោះ បានរំលឹកអនុស្សារីយ៍ជាមួយលោកសិរីមន្ដ ថា នៅពេលដែលសិរីមន្ដ ថត MV បទ ”ស្អប់” លោកបានជូនខ្សែដៃ (ខ្សែដៃជ័រ) ១ខ្សែ ដែលលោកបានទិញនៅថៃ ឲ្យទៅសិរីមន្ដ ប៉ុន្តែអ្វីដែលលោកមិននឹកស្មាន ទោះជាលោកធ្លាប់ធ្លាក់ខ្លួនយ៉ាងណា ក៏សិរីមន្ដ នៅតែរាប់អាននិងលើកដៃសំពះលោកនៅតាមកម្មវិធីដែលជួបគ្នាដែរ។

ក្រៅពីចេញមុខសរសើរតារាទាំង៣ដួងខាងលើនេះ សាន ផានិត ដែលបានរៀបការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ជាមួយអ្នកនាងចេវ សោភា ហើយពេលនេះមានកូនប្រុស២នាក់នោះ ក៏បានទិញផ្ទះ១ល្វែង តម្លៃ៤៦០០០ដុល្លារ នៅក្បែផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយអតីតតារារស្មីស្ទឹងសង្កែរូបនេះថា លោកចង់បានកូនស្រីម្នាក់ថែមទៀត៕