សារ៉ាយ សក្ខណា បានសម្រាលកូនប្រុសទី២ ដោយជោគជ័យ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានម្ដាយរបស់នាង អ្នកស្រីសម្ផស្ស បានទៅលើកទឹកចិត្តនាង និងមើលថែរចៅដល់អាមេរិកតែម្ដង។ នេះជាការសម្រេចបំណងរបស់សក្ខិណា ព្រោះនាងចង់បានកូនប្រុសថែមមួយទៀត ពេលនេះបានដូចបំណងមែន។

ដោយឡែក ម្ដាយរបស់នាង អ្នកស្រីសម្ផស្ស ក៏រីករាយខ្លាំងដែរ ព្រោះគាត់មានចៅប្រុសស្រី២នាក់ហើយ។

គួររំលឹកថា សារ៉ាយ សក្ខិណា បានរៀបការនៅក្នុងស្រុកជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ និងបានរៀបការលើកទី២ នៅអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ ហើយពេលនេះ នាងទទួលបានចំណងដៃកូន២នាក់ គឺកូនស្រីទី១ ឈ្មោះ Mataysia អាយុជាង៥ឆ្នាំ និងកូនប្រុសទី២ សម្រាលកាលពីថ្ងៃម្សិលមិញនេះ ប៉ុន្តែនាងមិនទាន់ដាក់ឈ្មោះឡើយ។

ចាប់តាំងពីចេញទៅរស់នៅអាមេរិក តាមស្វាមី ជាង៧ឆ្នាំនេះ សក្ខណា តែងតែចុះមកលេងស្រុកជាញឹកញាប់ ហើយនាងបានបើកហាងកែសម្រស់នៅម្ដុំទួលគោក ផងដែរ ដោយប្ដីរបស់នាងចូលហ៊ុនជាមួយមិត្តភក្ដិ។

អតីតតារាសម្ដែងល្បីឈ្មោះរូបនេះមិនចេញទៅច្រៀងសម្ដែងនៅអាមេរិកដូចអតីតតារាមួយចំនួនទៀតទេតែមុនសម្រាលកូនអំឡុងពេលដែលនាងមកលេងស្រុកកំណើតនាងតែងតែឆ្លៀតថតភាពយន្ដឲ្យបណ្ដារផលិតកម្មមួយចំនួនដោយស្វាមីរបស់នាងមិនបានហាមឃាត់ឡើយ។

ក្រោយសម្រាលកូនទី២ភ្លាម សារ៉ាយ សក្ខណា ទទួលបានសារជួនពរពីមិត្តភក្ដិជាបន្ដបន្ទាប់ ហើយក៏មានតារាជិតដិតនាង បានសរសើរសក្ខណា ថា ទោះជាមានកូន២មែន ប៉ុន្តែសម្រស់នាងមិនប្រែប្រួលខ្លាំងឡើយ ហេតុនេះហើយពួកគេនៅតែជឿថា ពេលដែលអតីតតារារូបនេះបានរឹងដៃរឹងជើងវិញ នាងនឹងមកលេងស្រុកជាថ្មី ហើយនាងនៅតែឆ្លៀតថតសម្ដែងភាពយន្ដដូចមុនជាមិនខាន៕




