ភ្នំពេញ ៖ នៅទីបំផុតស្នាដៃភាពរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលត្រូវបានមហាជនទាំងក្នុងស្រុកនិងក្រៅស្រុក ទទួលស្គាល់ថា ជាអ្នកត្រួសត្រាយផ្លូវឱ្យសិល្បៈក្បាច់គុនល្បុក្កតោបានរស់ឡើងវិញនោះ បានលេចចេញជារូបរាងហើយ ដោយមានការរំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់នៅពេលដាក់បញ្ចាំងក្នុងរោងកុន។

ភាពយន្ត “ព្រលឹងល្បុក្កតោ” នេះ ក៏ត្រូវបានប្រកាសមានការចូលរួមសម្ដែងដោយអ្នកជំនាញក្បាច់គុនល្បុក្កតោដល់រាប់រយនាក់យ៉ាងកម្រ ដែលមិនខុសពីការចងក្រងក្បាច់គុនទាំងមូលឲ្យពិភពលោកបានស្គាល់ផងដែរ។
តាមប្រសាសន៍របស់លោកគ្រូ សាន គឹមស៊ាន ដែលជាអ្នកតម្លើងសាច់រឿង ប្រាប់ដល់បណ្តាញសារព័ត៌មានថា ខែ្សភាពយន្តរឿង “ព្រលឹងល្បុក្កតោ” នេះ គឺជាការវ៉ៃតប់គុនបុរាណខ្មែរបែបរស់រវើក។ ភាពយន្តនេះចំណាយពេលផលិតជិត២ឆ្នាំ និងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ទម្រាំសម្រេចបានជាសមិទ្ធិផលជូនដល់ទស្សនិកជន។

លោកគ្រូ សាន គឹមស៊ាន បន្តលើកឡើងថា ក្នុងនាមលោកជាស្ថាបនិកល្បុក្កតោ លោកចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុននេះដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតា កាលពី១០០ទៅ២០០ឆ្នាំមុន យកមកលាតត្រដាង ទើបលោកពុះពារតម្លើងរឿងនេះឡើង។ ភាពយន្តនេះស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ អមដោយការរំលេចក្បាច់គុនដើម្បីសុខភាព និង ការពារខ្លួន។ សាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍឱ្យគង់វង្សយូរអង្វែងដល់ខ្មែរជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង “ព្រលឹងល្បុក្កតោ” ត្រូវបានឧបត្ថម្ភការផលិតដោយឯកឧត្តម “តឹក ង៉ូយ” ដែលសាធារណជនមួយចំនួនហៅលោកថា “ស្តេចនំដូណាត់” ដោយសារតែលោកមានសាវតាជាអាជីវករដើមកំណើតខ្មែរដំបូង ដែលនាំពលរដ្ឋខ្មែរនៅអាមេរិក បើកហាងលក់នំដូណាត់ តាមរូបមន្តជោគជ័យរបស់ឯកឧត្តម ខណៈដែលអាជីវកម្មទាំងនោះក៏ទទួលជោគជ័យតាំងពីបណ្តាឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន។

ឯកឧត្តមតឹក ង៉ូយ បានគូសបញ្ជាក់ថា វិភាគទានរបស់លោកគ្រាន់តែមានបំណងចង់ជួយឱ្យក្បាច់គុនល្បុក្កតោខ្មែរកាន់តែល្បី និងសុសសាយទាំងក្នុងស្រុកនិងក្រៅស្រុកប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺឯកឧត្តមចង់ឲ្យស្នាដៃនេះដក់ជាប់ក្នុងផ្នត់គំនិតរបស់មហាជនខ្មែរ ជាពិសេសអ្នកស្រលាញ់និងគាំទ្រក្បាច់គុនខ្មែរ។

ភាពយន្តនេះនឹងធ្វើសន្និសីទកាសែត និងដាក់បញ្ចាំងជូនដៃគូព័ត៌មាននៅថ្ងៃទី១៦ ខែមីនា ក្នុងឆ្នាំ២០២០នេះ រួចបញ្ចាំងផ្លូវការជូនទស្សនិកជនចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ នេះតទៅ នៅគ្រប់រោងកុន៕