ព្រាប សុវត្ថិ បន្ទាប់ពីជូតទឹកភ្នែកដោយរលេងរលោង នៅថ្ងៃសន្និសីទកាសែតកាលពីថ្ងៃទី៦ ខែមីនា ដោយសារមានប្រជាពលរដ្ឋម្នាក់តំណាងប្រជាជន៧០គ្រួសារ បានសុំទោសលោកជាសារធារណៈនោះ ពេលនេះជម្លោះវិវាទរវាងលោក និងប្រជាពលរដ្ឋរស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែតារាហង្សមាសរូបនេះ បានទទួលយកសំណើរបស់ប្រជាពលរដ្ឋទៅដោះស្រាយនូវរឿងមួយចំនួន ដែលប្រជាជនស្នើសុំ។

បន្ទាប់ពីបានដោះស្រាយជម្លោះជាមួយប្រជាពលរដ្ឋចប់មក ពេលនេះ ព្រាប សុវត្ថិ បានឡើងច្រៀងតាមឆាកធម្មតា ហើយអារម្មណ៍របស់លោកក៏ចាប់ផ្ដើមស្រស់ថ្លាវិញដែរ ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងថា តើក្រោយមានរឿងប្រជាជន៧០គ្រួសារ ធ្លាប់ប្ដឹងបែបនេះមក ព្រាប សុវត្ថិ នឹងប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះកម្រិតណាទៅ ក្នុងអាជីពចម្រៀងរបស់ខ្លួន?

អ្នកយកព័ត៌មានយើងបានទាក់ទងទៅអ្នកជំនាញសិល្បៈ នៅក្រុមហ៊ុនហង្សមាសហើយបុរសដែលមានអាយុ៥០ប្លាយ ត្រូវបានតារាចម្រៀងហៅថា លោកគ្រូៗនោះ បានស្នើសុំដោយមិនឲ្យដាក់ឈ្មោះថា ព្រាប សុវត្ថិ មិនប៉ះពាល់ខ្លាំងចំពោះរឿងទាំងនោះទេ ព្រោះបានចូលខ្លួនដោះស្រាយ និងធ្វើតាមសំណើប្រជាជនហើយ។

លោកគ្រូភ្លេងនៅហង្សមាស រូបនេះ អះអាងថា សូម្បីតែព្រះក៏គង់នៅមានគេស្អប់ ចុះទម្រាំព្រាប សុវត្ថិ ជាមនុស្សធម្មតា រឿងអីដែលថាគ្មានអ្នកស្អប់ អ្នកស្រលាញ់នោះ? លោកថា កន្លងមកប្រជាជនភាគច្រើនឲ្យតែឮដល់ឈ្មោះព្រាប សុវត្ថិ ពួកគាត់គិតថាជាមនុស្ស ”ល្អ”។ ដោយសារព្រាប សុវត្ថិ ត្រូវបានមនុស្សជាច្រើនគិតថា លោកជាមនុស្សល្អបែបនេះហើយ ទើបលោកមិនចង់ឲ្យមានស្លាកស្នាមបែបនេះកើតឡើងឡើយ ព្រោះបញ្ហាដីធ្លីជារឿងរសើបមួយ អីចឹងបើតារាល្បីម្នាក់ត្រូវគេចោទថា ទៅរំលោភដីធ្លីគេ តើយ៉ាងណាវិញ?

លោកគ្រូភ្លេងនៅហង្សមាស រូបនេះ បន្ថែមថា ប្រជាជនក៏មិនគួរធ្វើបែបនេះចំពោះព្រាប សុវត្ថិ ដែរ គួរតែមកជួបលោកផ្ទាល់ ឬជូនដំណឹងទៅអាជ្ញាធរ ហើយបើព្រាប សុវត្ថិ មិនព្រមដោះស្រាយ ចាំលើកគ្នាមកធ្វើចឹងចុះ ប៉ុន្តែនេះសាមីខ្លួនមិនបានដឹងមុនសោះ លើកគ្នាមកតវ៉ាបែបនេះទៅវិញ។

ទោះជាយ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរថា ចុះរឿងប្រជាពលរដ្ឋម្នាក់សម្ភាសន៍ឲ្យអ្នកកាសែត ហើយថា ព្រាប សុវត្ថិ ខឹងខ្លាំងពេក រហូតបបួលវាស់ដីបាញ់គ្នានោះយ៉ាងណាដែរ លោកគ្រូភ្លេងរូបនោះថា រឿងនេះលោកក៏មិនបានដឹងច្បាស់ដែរ ប៉ុន្ដែតាមលោកបានស្គាល់ជាមួយព្រាប សុវត្ថិ ជាច្រើនឆ្នាំមកហើយនោះ គឺពាក្យទាំងនេះមិនមែនជាចរិតរបស់ព្រាប សុវត្ថិ ទេ។

ក្រោយភ្លៀងមេឃស្រឡះនេះ ព្រាប សុវត្ថិ កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ ថែមទៀត ហើយនៅថ្ងៃបុណ្យទិវាសិទ្ធិនារីអន្ដរជាតិ លើកទី១០៩ ឆ្នាំ២០២០នេះ ព្រាប សុវត្ថិ ក៏បានធ្វើឲ្យភរិយារបស់លោកកាន់តែរីករាយថែមទៀតផងដែរ តាមរយៈការទិញកាបូបម៉ាកល្បីៗ Louis Vuitton ពណ៌លឿង ដល់ទៅ២ដែលមានតម្លៃរាប់ពាន់ដុល្លារឯណោះ។

អ្នកស្រីឡុង ស្រីមុំ ថ្លែងសារដោយរំភើបថា ”អរគុណ អាយដល សម្រាប់កាដូថ្ងៃសិទ្ធិនារី ហេតុអីដឹងចិត្តអូនម្ល៉េះ?”៕