នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ តារាសម្ដែងរូបស្រស់ម៉ាក សែនសូនីតា ហៅតូតា នឹងក្លាយទៅជាភរិយាស្របច្បាប់របស់លោកប៉ុល វិបូរ ហៅនីត ថៅកែផលិតកម្ម Angkor Picture ហើយដែលប្រុសៗទាំងឡាយនឹងអស់ឱកាសទាំងស្រុង ក្នុងការតាមស្នេហានាងទៀត។

ខណៈដែលមង្គលការរបស់តូតា កាន់តែខិតចូលកាន់តែកៀកនេះ កាលពីថ្ងៃទី១០ ខែមីនា នេះ ស្រីស្រស់រូបនេះត្រូវមិត្តភក្ដិជិតដិតបានធ្វើពិធីជប់លៀងលាភាពនៅលីវឲ្យតូតា។

តូតា ដែលត្រូវពួកម៉ាកចាប់ឲ្យស្លៀកឈុតរ៉ូបកូនក្រមុំ និងកាន់បាច់ផ្កា១បាច់នោះ រំភើបរហូតចង់រលេងរលោងទឹកភ្នែកតែម្ដង ខណៈដែលកញ្ញាគង់ វង្សយ៉ាទី ជាអ្នកនៅក្នុងពិធីនោះដែរ បានបញ្ចេញសារជូនពរទៅតូតា ថា ”សប្បាយចិត្តនិងរំភើបជំនួសមិត្តភក្ដិ ដែលជិតដល់ថ្ងៃពិសេស ថ្ងៃនេះ Suprise កម្មវិធីលាភាពនៅលីវ សម្រាប់មិត្តសម្លាញ់ម៉ាក សែនសូនីតា ជូនពរពួកម៉ាកឲ្យមានសុភមង្គលមានស្នាមញញឹម និងមានក្ដីសុខ i Love U”។

ម៉ាក សែនសូនីតា បានប្រាប់មុននេះថា មង្គលការរបស់នាងនឹងរៀបចំទទួលភ្ញៀវចំនួន១០០តុ ក្នុងនោះ នាងហៅមិត្តសិល្បករចំនួន៣០តុ (៣០០នាក់) និងភ្ញៀវអ្នកជំនួញ ក្រៅសិល្បៈ ៧០តុផ្សេងទៀត។ នាងថា ការចំណាយមិនទាន់អាចប៉ាន់ប្រមាណមុននឹងពិធីមកដល់ទេ ប៉ុន្ដែស្វាមីរបស់នាង លោកប៉ុល វិបូរ ហៅនីត បានអះអាងថា ការចំណាយអាចចូល១០ម៉ឺនដុល្លារ ដូចតារាផ្សេងៗទៀតដែលធ្លាប់រៀបការនៅសណ្ឋាគារសុខា ភ្នំពេញ ដែរ។

គួរបញ្ជាក់ថា ម៉ាក សែនសូនីតា បានភ្ជាប់ស្នេហ៍ជាមួយលោកប៉ុល វិបូរ ហៅនីត ជាង៥ឆ្នាំ ទើបសម្រេចចិត្តដឹកដៃគ្នារៀបការនៅពាក់កណ្ដាលខែមីនា នេះ ហើយក្រោយរៀបអាពាហ៍ពិពាហ៍រួច តូតា នឹងក្លាយទៅជាថៅកែស្រីផលិតកម្ម Angkor Picture ភ្លែតតែម្ដង។
ដោយឡែក ស្វាមីរបស់តូតា លោកវិបូរ វិញ បានអនុញ្ញាតឲ្យភរិយារបស់លោកបន្ដអាជីពសិល្បៈដដែល ប៉ុន្តែលោកថា ចង់បានកូនឆាប់ៗ ប្រសិនបើទេវតាប្រទានឲ្យ។

ពិធីមង្គលការរបស់ម៉ាក សែនសូនីតា ត្រូវគេរំពឹងថា នឹងមានតារាល្បីៗរាប់រយនាក់ចូលរួមមិនចាញ់មង្គលការរបស់ឱក សុគន្ធកញ្ញា ឡើយ។ ប៉ុន្ដែលោកវិបូរ ថា លោកនិងភរិយាធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមែនថាទៅរៀបការនៅសណ្ឋាគារប្រណីតនោះ ដើម្បីឲ្យស័ក្តិសមកេរ្ដិ៍ឈ្មោះនោះទេ។ លោកថា ក្រោយរៀបការរួច លោកនឹងនាំភរិយាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅក្រៅស្រុក ប៉ុន្តែទុកឲ្យភរិយារបស់លោកជាអ្នកជ្រើសរើសទីតាំង។

ម៉ាក សែនសូនីតា នឹងធ្វើពិធីមង្គលការផ្គួបខួបកំណើតរបស់នាង គម្រប់អាយុ២៦ឆ្នាំតែម្ដង ហើយតាមគម្រោងនាងនឹងប្រើឈុតអាពាហ៍ពិពាហ៍ខុសពីមង្គលការផ្សេងៗទៀត ព្រោះនឹងជ្រើសហាងសម្អាងការដល់ទៅ៣ហាងផ្សេងគ្នា ហើយរាល់កម្មវិធីនីមួយៗ នឹងប្រើឈុតសម្អាងការផ្សេងគ្នាទាំងអស់។

ការសម្រេចិត្តលាភាពក្រមុំរបស់តូតា នៅពេលនេះ ធ្វើឲ្យមន្រ្ដីធំៗ ឧកញ៉ាជាច្រើននាក់បានខកចិត្ត ព្រោះសេដ្ឋីៗទាំងនោះអស់ឱកាសក្នុងការតាមបេះដូងរបស់នាងតទៅទៀតហើយ៕