Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងកាតុ និងស្វាមី តស៊ូតាំងពីនៅផ្ទះជួល រហូតមានផ្ទះខ្លួនឯង តម្លៃ៣០មុឺនដុល្លារ

អ្នកនាងកាតុ និងស្វាមី តស៊ូតាំងពីនៅផ្ទះជួល រហូតមានផ្ទះខ្លួនឯង តម្លៃ៣០មុឺនដុល្លារ

តារាចម្រៀង កំប្លែង និងពិធីការិនី អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ និងស្វាមីលោកគង់ សុគន្ធា ហៅខ្យង បានធ្វើពិធីឡើងផ្ទះវីឡាកូនកាត់តម្លៃជិត៣០ម៉ឺនដុល្លារ នៅបុរីជីពម៉ុង លែន ទី១ ផ្លូវឧកញ៉ាម៉ុង រិទ្ធី កាលពីរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយមានភ្ញៀវជាង៣០០នាក់ចូលរួម ក្នុងនោះមានសិល្បករប្រមាណ៧០% ទៅអបអរសាទប្ដីប្រពន្ធអ្នកសិល្បៈ១គូនេះ។

ពិធីឡើងផ្ទះថ្មីរបស់អ្នកនាងកាតុ នេះ គឺធ្វើផ្គួបខួបកំណើតកូនស្រីរបស់នាង​ ឈ្មោះគង់ សុណានជីង អាយុ៦ឆ្នាំតែម្ដង។

អ្នកនាងកាតុ បានឲ្យដឹងថា ”ខ្ញុំធ្វើកម្មវិធីឡើងផ្ទះនេះ ផ្គួបខួបកំណើតកូន ហើយកម្មវិធីខ្ញុំរៀបចំ៣០តុ ក្នុងនោះបានហៅតារាទូទៅចំនួន៧០%ផងដែរ។ ផ្ទះរបស់ខ្ញុំនេះ ទិញបង់រំលស់តាមដំណាក់កាល រយៈពេល៤ឆ្នាំ ហើយពេលនេះបង់ដាច់អស់ហើយ តាំងពីមុនឡើងផ្ទះនេះម្ល៉េះ។ ចំពោះតម្លៃវិញ ខ្ញុំមិនចង់និយាយទេ ប៉ុន្តែគ្រាន់តែអាចប្រាប់បានថា ជាង២០ម៉ឺនដុល្លារ”។

តាមពិត អ្នកនាងកាតុ និងស្វាមី មិនមែនមានផ្ទះតែមួយឡើយ គឺមានផ្ទះ១ផ្សេងមួយទៀត នៅភ្នំពេញ ដូចគ្នា ដែលត្រូវដាក់លក់ ឬជួល ហើយក៏មានដីធ្លី២ទៅ៣កន្លែងទៀត សម្រាប់ទុកឲ្យកូនៗរបស់ពួកគេនៅថ្ងៃអនាគតផងដែរ។

អ្នកនាងកាតុ បានឲ្យដឹងថា ចំពោះប្រាក់ដែលទិញផ្ទះវីឡាកូនកាត់ និងដីធ្លីមួយចំនួននោះ បានមកពីប្រាក់ចំណូលពីអាជីពសិល្បៈ និងការលក់ផលិតផលដែលនាំចូលពីក្រៅស្រុក ហើយនាងថា នឹងប្រឹងរកលុយថែមទៀត ព្រោះការមានត្រឹមផ្ទះ២នេះ នៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ប្ដីប្រពន្ធនាង។

អ្នកនាងកាតុ បន្ថែមថា ”មនុស្សយើងមិនមែនមនុស្ស ”លោក” ទេ ប៉ុន្តែគឺជាមនុស្ស ”លោភ” ណា។ សេចក្ដីត្រូវការរបស់យើងនៅតែមានសម្រាប់ទុកឲ្យកូនៗយើងនៅថ្ងៃមុខ ព្រោះយើងបង្កើតគេហើយ ត្រូវតែផ្គត់ផ្គង់ពួកគេ។ ខ្ញុំនិងប្ដីរៀបការតាំងពីឆ្នាំ២០០៧​ហើយពេលនេះមានកូនស្រីម្នាក់តាមបំណងហើយ អីចឹងខ្ញុំចង់បានកូនថែមទៀត ដែលកូនក្រោយចង់បានប្រុសក៏បាន ស្រីក៏បានដែរ”។

អ្នកនាងសុខ ច័ន្ទធីតា បានរៀបការជាមួយលោកគង់ សុគន្ធា កាលពីឆ្នាំ២០០៧ ដែលចំណងស្នេហ៍១៣ឆ្នាំនេះ ពួកគេបានឆ្លងកាត់ការតស៊ូជាមួយគ្នាច្រើន ដូចជាធ្លាប់រស់នៅផ្ទះជួលតម្លៃ១៦០ដុល្លារ គ្មានឡានជិះ ហើយពេលនេះស្រាប់តែទិញផ្ទះវីឡាបានស្កឹមស្កៃ និងមានរថយន្ដទំនើបជិះយ៉ាងកាលីពតែម្ដង។

លោកសុគន្ធា ហៅខ្យង បានឲ្យដឹងថា ក្រៅពីជាអ្នកសិល្បៈលោកនិងភរិយា ក៏ជាអ្នកផលិតកម្មវិធីនៅទូរទស្សន៍ថោន ផងដែរ ហើយនឹងត្រៀមចេញកម្មវិធីថ្មីមួយទៀត បន្ទាប់ពីកម្មវិធី ”ឆ្ងាញ់ទេ?”។

ដោយឡែក អ្នកនាងកាតុ បន្ថែមថា ថ្មីៗនេះនាងទើបថតបញ្ចប់រឿង ”ព្រហ្មលិខិតដុះស្លាប” របស់ថោន នឹងត្រៀមចេញចម្រៀង២បទសម្រាប់ចូលឆ្នាំខ្មែរ ខាងមុខនេះ។ នាងថា អាជីពសិល្បៈរបស់នាងមានការប្រែប្រួលតិចតួចដែរ ក្រោយផ្ទុះជំងឺ Covid-19 នេះ ព្រោះកម្មវិធីមួយចំនួន គេបានលុបចោលវិញ ដូចជា នៅខេត្តសៀមរាប និងបាត់ដំបង ជាដើម៕

RELATED ARTICLES