Tuesday, September 23, 2025
Homeតារាខ្មែរលោកអេង រិទ្ធី ស្នើសុំឲ្យកែតម្រូវព័ត៌មាន និងផ្ដាំផ្ញើប្រជាជនឲ្យថែរក្សាសុខភាព ការពារកូវីត១៩

លោកអេង រិទ្ធី ស្នើសុំឲ្យកែតម្រូវព័ត៌មាន និងផ្ដាំផ្ញើប្រជាជនឲ្យថែរក្សាសុខភាព ការពារកូវីត១៩

លោកអេង រិទ្ធី បានប្រិតកម្មចំពោះព័ត៌មានដែលផ្សព្វផ្សាយនៅលើសារព័ត៌មាន ”នគរធំ”​កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដែលមានចំណងជើងថា ”ស៊ឹម សូលិកា ស្វាមីមិនប្រចណ្ឌ ថែមទាំងស្រលាញ់លើសដើម” ដោយលោកចាត់ទុកថា​ដំណឹងនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងភរិយាជាខ្លាំង ពិសេសត្រង់សំណេរថា ជីវភាពរបស់លោកកាន់តែមានទ្រព្យច្រើន ហើយសង្ស័យថា មានអ្នកណានៅក្រោយខ្នងភរិយារបស់លោកនោះ។

លោកអេង រិទ្ធី ប្រាប់ថា ”ប្រសិនបើប្អូនជាតួអង្គនៃសារព័ត៌មាននេះ គេសរសេររបៀបនេះ ហើយប្អូនជាមនុស្សប្រុសម្នាក់ ជាប្ដីម្នាក់ តើមានអារម្មណ៍យ៉ាងដូចម្ដេច? ក្នុងន័យសន្ដិភាពមួយ បងសង្ឃឹមថា ប្អូននឹងកែប្រែអត្ថបទនេះ ក្នុងន័យសន្ដិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត”។

លោករិទ្ធី បន្តថា “សិល្បករជាអ្នកបម្រើនៅលើសមរភូមិសតិអារម្មណ៍មួយ។ បងទទួលស្គាល់ថា បុគ្គលនៃសិល្បករខ្លះ គាត់មានរឿងមិនល្អរបស់គាត់ ប៉ុន្ដែជាទូទៅ មិនថាអ្នកណាជាអ្នកណាទេ រាល់បុគ្គលិក មន្រ្ដីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ស៊ីវិលទាំងអស់ គ្រប់ស្ថាប័ន ជារឿងបុគ្គល តែងមានបញ្ហាតិចតួចជារឿងធម្មតា ប៉ុន្ដែសិល្បករមិនមែនជាពិរុទ្ធជនទេ សិល្បករមិនមែនជាអ្នកជួញដូរអាវុធខុសច្បាប់ទេ មិនមែនជាអ្នកជួញដូរព្រៃឈើ ដែលយើងទាំងអស់គ្នាគួរតែថ្កោលទោសគាត់ទេ ហើយខ្ញុំនៅតែជាសិល្បករអីចឹង”។

លោករិទ្ធី បន្តទៀតថា ក្នុងមួយជីវិតបងនេះ ទោះបីជាបងស្លាប់ទៅវិញ ក៏នៅតែជាសិល្បករដែរ។ អីចឹងបងសុំឲ្យប្អូនមានការសុំទោសមួយ ដើម្បីឲ្យបងមានការប៉ះប៉ូវផ្លូវចិត្តទៅដល់ភរិយារបស់បង។ គាត់អានអត្ថបទនេះហើយ គាត់មានអារម្មណ៍ថា អត់ស្រួលទេ។ នេះជាអំពើហិង្សាមួយដែលត្រូវបានគេកំណត់នៅលើផ្លូវចិត្ត“។

លោកអេង រិទ្ធី ថា លោកមិនចង់ឲ្យមានការយកជីវិតឯកជនរបស់គ្រួសារលោកទាំងមូល ទៅភ្ជាប់នឹងអតីតកាលនោះទេ ព្រោះវាជារឿងមន្ទិលដែលលោកមិនចង់រំលឹក ទោះជាអតីតកាលមិនអាចលាក់បាំងបានក៏ដោយ។ ពិសេសការលើកឡើងថា នៅលើជីវភាពធូរធាកម្រិតមធ្យមរបស់លោកនោះ ដោយសារសារភរិយារបស់លោកមានរឿងនៅក្រោយខ្នង ព្រោះមានរឿងចម្ងល់ ចម្ងល់ចុះនេះ ជាការវាយតម្លៃមួយនៅក្នុងភាពអវិជ្ជមានធ្ងន់ធ្ងរណាស់។

លោកអេង រិទ្ធី ក៏បានបញ្ជាក់ដែរថា លោកមានជីវភាពធូរធាដូចនៅពេលនេះ ដោយសារតែលោកមានសមត្ថភាពផ្ទាល់ខ្លួន បម្រើការតាមជំនាញ និងសមត្ថភាពរបស់លោក ព្រោះលោកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ , សញ្ញាបត្រអនុបណ្ឌិត២ និងបានបញ្ចប់ការសិក្សានៅសកវិទ្យាល័យការពារជាតិ ក្នុងនាមលោកជាយោធិនម្នាក់ បញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល និងសព្វថ្ងៃ គឺជាសមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។

ចំណែកនៅក្រសួងការពារជាតិ លោកអេង រិទ្ធី ថា លោកជាសមាជិកក្រុមអ្នកស្រាវជ្រាវយុតិ្តសាស្រ្ដយោធា ថ្នាក់ក្រសួងការពារជាតិ។

ដោយឡែក នៅទូរទស្សន៍បាយ័ន លោកជាប្រធានក្រុមពិធីកររបស់ទូរទស្សន៍បាយ័ន ហើយលោកបានចូលបាយ័ន តាំងពីឆ្នាំ២០០៧ម្ល៉េះ។

លោកអេង រិទ្ធី ដែលមានឈ្មោះដើមថា ម៉ែន អេង បានបញ្ជាក់សង្កត់ធ្ងន់ថា អាជីពសិល្បៈបានជួយលោកឲ្យមានកិត្តិយស និងជីវភាពរហូតមកដល់សព្វថ្ងៃនេះ ខណៈដែលលោកបានចូលសម្ដែងភាពយន្ដតាំងពីឆ្នាំ១៩៩៧ ហើយបានថតភាពយន្ដបានប្រមាណជិត១០០រឿងឯណោះ។

លោកអេង រិទ្ធី បានសំណូមពរថា ត្រូវមើលសិល្បករក្នុងន័យវិជ្ជមាន កុំគិតតែពីភាពអវិជ្ជមាន ហើយសិល្បករត្រូវរៀនឲ្យតម្លៃខ្លួនឯង បង្កើនសមត្ថភាពដោយខ្លួនឯង ព្រោះនៅស្រុកគេ គេឲ្យតម្លៃសិល្បករ ហើយនយោបាយបម្រើជាតិគេ គឺសិល្បករបម្រើប្រជាជន។

លោករិទ្ធី ថា កន្លងមកអ្វីដែលជាភាពជោគជ័យរបស់លោក គឺកម្រនឹងបានឃើញពីការចុះផ្សាយរបស់អ្នកសារព័ត៌មានណាស់ ប៉ុន្ដែផ្ទុយទៅវិញ គឺឃើញតែការវិភាគ សរសេរអត្ថបទនៅលើចំណងជើង ក្នុងន័យអវិជ្ជមាន ដែលធ្វើឲ្យអ្នកអានមើលឃើញថា សិល្បករខ្មែរថោក។ អីចឹងជាបេះដូងខ្មែរ លោកថា យើងត្រូវស្រលាញ់គ្នា មើលមុខគ្នាដោយសេចក្ដីស្មោះត្រង់។

ទន្ទឹមនឹងឲ្យសារព័ត៌មានកែតម្រូវអត្ថបទនេះ លោកអេង រិទ្ធី ក៏ទទួលស្គាល់ថា លោកនិងភរិយា អ្នកនាងស៊ឹម សូលិកា ពិតជាមិនដែលឆ្លើយបំភ្លឺពីការសុំសម្ភាសន៍របស់អ្នកកាសែតមែន ព្រោះរវល់ជាប់ការងារ។

ប៉ុន្តែលោកថា ការសរសេរបែបនេះ ដោយសារលោកនិងភរិយា មិនមានពេលសម្ភាន៍នោះ លោកយល់ថា មិនមែនត្រឹមត្រូវតាមក្រមសីលធម៌និងវិជ្ជាជីវៈឡើយ ព្រោះយើងរស់នៅក្នុងសង្គមនីតិរដ្ឋ។

លោកអេង រិទ្ធី ក៏ថ្លែងសារផ្ដាំផ្ញើឲ្យប្រជាជនទាំងឡាយថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺកាចសាហាវកូវីត១៩ផងដែរ។ ប៉ុន្ដែលោកថា ជំងឺដែលកាន់តែគូរឲ្យបារម្ភថែមទៀតនោះ គឺគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែល១ថ្ងៃៗ មិនក្រោម៥នាក់ទេ ហេតុនេះហើយលោកសូមឲ្យបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកុំឲ្យមានជំងឺនេះបន្ដការឈឺចាប់ចំពោះប្រជាជនយើងតទៅទៀត។

សារព័ត៌មាន ”នគរធំ” ក៏មានការសោកស្ដាយ និងសូំធ្វើការសុំទោសលោករិទ្ធី ចំពោះអត្ថបទចេញថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ផងដែរ ហើយសង្ឃឹមថា លោកនិងភរិយានឹងបើកចិត្តទូលាយផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន ដូចតារាផ្សេងៗទៀតជាមិនខាន៕

RELATED ARTICLES