ស្រីស្អាតគីម ហួរ បានឲ្យដឹងថា សម្រាប់ការថតសម្ដែង MV ចូលឆ្នាំខ្មែរឆ្នាំនេះ នាងត្រូវប៉ាន់ខ្លាំងថតសម្ដែងឲ្យផលិតកម្មរស្មីហង្សមាស ពី៧ទៅ៨បទឯណោះ ហេតុនេះហើយនាងសប្បាយចិត្តណាស់ ព្រោះឆ្នាំថ្មីរាសីឡើង ហើយអ្នកដែលនិយមទស្សនាបទចម្រៀងរបស់ផលិតកម្មមួយនេះ ប្រាកដជាបានឃើញស្ទីលសម្ដែងថ្មីរបស់នាងជាមិនខានឡើយ។

ចំពោះ MV ដែលនាងសម្ដែងឲ្យផលិតកម្មធំមួយនេះ សម្រាប់បុណ្យចូលឆ្នាំខ្មែរ មានដូចជា ជាមួយលោកខេមរៈ សិរីមន្ដ, នី រតនា , សំ សុវណ្ណារ៉ាក់, ថែល ថៃ, Vid Cooler, ណុប បាយ៉ារិទ្ធ ជាដើម។

គីម ហួរ ថាការតុបតែងខ្លួនរបស់នាងមានទាំងបែបសុភាពយុវវ័យ និងបែបកំប្លែង ពាក់វ៉ែនតា និងសក់ខ្លីត្រឹមកញ្ចឹងក ជាដើមដែលឈុតខ្លះសូម្បីតែរូបនាងផ្ទាល់ក៏មានអារម្មណ៍ថា ខ្លួនឯងដូចជាលេងខ្លួនប្លែកបន្ដិចហើយ។

ទោះជាយ៉ាងណា មិនមែនត្រឹមតែត្រូវប៉ាន់ថតសម្ដែង MV នោះទេ ប៉ុន្តែគីម ហួរ ក៏សម្ងំថតសម្ដែងភាពយន្ដ២រឿងឲ្យផលិតកម្មនេះដែរ ទើបធ្វើឲ្យមិត្តរួមអាជីពនាំគ្នាខ្សឹបខ្សៀវគ្នាថា ស្រីស្អាតរូបនេះប្រហែលជាមានខ្សែធំនៅហង្សមាស ហើយបានជាចេញមុខមាត់ច្រើនបែបនេះ។

ការអះអាងបែបនេះ ដោយសារតែក្រៅពីថត MV ចូលឆ្នាំខ្មែរនេះ ជាញឹកញាប់ គេឃើញគីម ហួរ ក៏តែងតែចេញថតសម្ដែង MV បទចម្រៀងល្បីៗរបស់ហង្សមាស ផងដែរ ហើយនាងមិនសូវចេញបទឲ្យផលិតកម្មណាផ្សេងឡើយ។

គីម ហួរ វាចាថា ”ឆ្នាំនេះខ្ញុំរីករាយមែន ព្រោះបានថតបទចម្រៀងចូលឆ្នាំខ្មែរ ឲ្យហង្សមាស ច្រើនបទ។ តាមពិតខ្ញុំគ្មានខ្សែ ទុយោអីនៅហង្សមាស ទេ ប៉ុន្តែការដែលខាងអ្នកដឹកនាំសម្ដែងតែងហៅខ្ញុំថត អាចមកពីបទចម្រៀងទាំងនោះ ស័ក្តិសមជាមួយការសម្ដែងរបស់ខ្ញុំ និងម្យ៉ាងទៀតយើងធ្វើការគោរពពេលវេលាអីផង”។

គឹម ហួរ បន្តថា “ចំពោះផលិតកម្មផ្សេង ខ្ញុំអត់បានថតឲ្យទេសម្រាប់ចូលឆ្នាំខ្មែរនេះ ប៉ុន្តែខ្ញុំអាចថតទូទៅឲ្យផលិតកម្មណាក៏បានដែរ ដោយសារតែយើងអត់មានកុងត្រាឲ្យខាងណាទាំងអស់។ ក្រៅពីថត MV ខ្ញុំក៏បានថតភាពយន្ដ២រឿង ឲ្យហង្សមាស ដែរ ប៉ុន្តែខ្ញុំមិនអាចប្រាប់បានទេព្រោះអ្នកដឹកនាំគាត់មិនឲ្យនិយាយមុន”។

អំឡុងពេលដែលអាជីពសិល្បៈកាន់តែមមាញឹកនេះ គីម ហួរ អាយុ២៣ឆ្នាំថា នាងមិនទាន់ចង់រៀបការឡើយ បើទោះជានាងបង្ហើបថា មានម្ចាស់ចិត្តហើយក្ដី៕
