តារាសម្ដែងរុន ណាកូ ចេញបាន៣បទភ្លាមៗសម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោកត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះមិនមែនជា Original Song។ ផលិតកម្មក្លាស៊ិក ហាក់រំពឹងខ្លាំងថា វត្តមានតារារះថ្មីរូបនេះនឹងក្លាយជាគ្រាប់ពេជ្រថ្មីនៅក្នុងផលិតកម្មរបស់ខ្លួននោះផង។

ហក់ចូលសិល្បៈប្រមាណតែជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតារាសម្ដែងវ័យ២២ឆ្នាំ លោករុន ណាកូ ត្រូវគេកត់សម្គាល់ថា ទទួលបានទីផ្សារច្រើននៅក្នុងវិស័យសម្ដែងនិងដើរម៉ូដ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសឲ្យសម្ដែងជាតួឯកក្នុងរឿង “ដំណក់ទឹកភ្នែក១លានដំណក់” និងផ្ដល់ឱកាសឲ្យក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថា លោកមានសមត្ថភាពសំឡេងល្អ។

លោកហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បញ្ជាក់ថា លោករុន ណាកូ មិនត្រឹមតែជាតួឯកក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” ដែលមានរូបរាងសង្ហានិងសម្ដែងបានល្អប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានសំលេងល្អមិនចាញ់តារាចម្រៀងអាជីពផងដែរ ទើបលោកសប្បាយចិត្តក្រោយពេលបញ្ចេញបទមេឲ្យច្រៀងចំនួន៣បទសម្រាប់ចូលឆ្នាំ។

លោកសុផល បន្តថា លោករុន ណាកូ មានបទផ្ទាល់ខ្លួនចំនួន៣បទ គឺបទ “កណ្ដៀវម៉ែមួយ” , “ចាប់យាយ ចាប់តា” ដែលជាបទទោលម្នាក់ឯង និងបទ “ចាប់កណ្ដុរ” ដែលបទច្រៀងរួមគ្នា៣នាក់ លោក បញ្ញា សិទ្ធិ និងលោកត្រា យ៉ាកូ។

លោករុន ណាកូ និយាយថា លោកមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និងខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើបដែល លោក ហួរ សុផល ផ្ដល់ឱកាសឲ្យខ្លួន និងអរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើអោយលោកមានទីផ្សារក្រោយពេលក្លាយជាសមាជិក។

យ៉ាងណាមិញ លោកណាកូ ថា សមត្ថភាពខ្លួននៅមានកម្រិតនៅឡើយ ដែលតម្រូវឲ្យលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យទើបបញ្ចប់ការសិក្សារូបនេះ ប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករនិងចម្រៀងឲ្យជោគជ័យ ខណៈដែលការសម្ដែងនិងដើរម៉ូដ ក៏នឹងចាប់មិនឲ្យរបូត៕

