តារាចម្រៀងម៉ូលីកា បានពពោះកូនស្រីសមតាមបំណងហើយ ដែលពេលនេះទាំងរូបនាងនិងស្វាមីមានក្ដីរំភើបក្រៃលែង ព្រោះតែពួកគេទាំងពីរត្រៀមខ្លួនធ្វើជាឪពុកម្ដាយរបស់គេហើយ។
ដោយឡែក មុខជំនួញផ្នែកគ្រឿងសម្អាងរបស់នាងនៅតែដំណើរការដោយរលូនដដែល បើទោះជាជំងឺកូវីដ-១៩កំពុងតែវាយលុក ធ្វើឲ្យប៉ះពាល់ខ្លាំងលើគ្រប់វិស័យក្ដី។

ចំណែកកាលពីម្សិលមិញនេះដែរ លោកហេង ឡុង ដែលជាប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម វិញ បានបង្ហោះសារអរគុណដល់ម៉ូលីកា អគ្គនាយិកាក្រុមហ៊ុន អិនខេ ម៉ូលីកា ត្រេឌីងឯ.ក ដែលបានបរិច្ចាគទឹកប្រាក់ចំនួន១,៥០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់រាលដាលជំងឺកូវីដ-១៩ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ម៉ូលីកា បានឲ្យដឹងថា នាងពិតជាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១,៥០០ដុល្លារមែន ព្រោះមិនអាចឈរឱបដៃមើលជំងឺដ៏កាចសាហាវនេះរីករាយដាលទៀតទេ អីចឹងត្រូវតែចូលរួមជាមួយរដ្ឋាភិបាលដែលខ្លួនអាចធ្វើទៅបាន។ នាងថា ពេញចិត្តចំពោះសកម្មភាពសប្បុរសធម៌ទាំងនេះ ខណៈដែលកន្លងមកនាងធ្លាប់ជួយដល់តារាដែលមានជីវភាពខ្វះខាតខ្លាំងមួយចំនួនផងដែរ។
គួររំលឹកថា ម៉ូលីកា បានដឹកដៃលោកហុង មានុន ហៅឆានុន រៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាជាង៣ឆ្នាំ។

អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ បានប្រាប់នៅថ្ងៃរៀបការថា នាងចង់បានកូន៣នាក់ ហើយកូនដំបូងជាកូនស្រី។ ឥឡូវពេលនេះបានកូនស្រីដូចបំណងមែន ប៉ុន្ដែនាងត្រូវតាមយកកូនថែម២នាក់ទៀត ដើម្បីធ្វើឲ្យចំណងស្នេហាកាន់តែរឹងមាំ។
ក្រោយម៉ូលីកា មានប្ដីនិងពពោះកូនដំបូងនេះ ទំនងជាអាជីពចម្រៀងរបស់នាងអាចនឹងបញ្ចប់ទៅហើយ ព្រោះនាងគ្មានពេលគ្រប់គ្រាន់សម្រាប់ការលេងសិល្បៈទៀតទេ។

ប៉ុន្ដែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ម៉ូលីកា បញ្ជាក់ថា នាងនៅតែស្រលាញ់អាជីពសិល្បៈដដែលទេ ហើយនឹងឆ្លៀតធ្វើបទចម្រៀងដោយខ្លួនឯង នៅពេលវេលាសមស្របណាមួយ ដែលអាចចេញបាន។
ប៉ុន្តែការពពោះកូនដំបូងជាង៣ខែនេះ ម៉ូលីកា នឹងអាចយកពេលវេលាច្រើនទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងផ្ដោតលើការពង្រឹងមុខជំនួញថែមទៀត ខណៈដែលអាជីពចម្រៀងវិញ នាងឃ្លាតពីឆាកតន្រ្ដីជាង៣ឆ្នាំទៅហើយ។

ក្រៅពីម៉ូលីកា តារាដែលកំពុងតែចាញ់កូនខ្លាំង មានដូចជា សួស វីសា និងកែវ សីហា ជាដើម ដែលមើលទៅពួកគេមិនត្រឹមតែរៀបការប្រដមប្រសងគ្នានោះទេ ប៉ុន្ដែការសម្រាលកូនវិញ ក៏អាចនឹងនៅខែជាមួយគ្នាទៀតជាមិនខានឡើយ។

មហាជនបានកោតសរសើរម៉ូលីកា ដែលផ្ដើមចេញពីដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាមអនឡាញ ហើយពេលនេះនាងបានក្លាយទៅជាថៅកែស្រីផ្នែករក្សាសម្រស់ដ៏ល្បីឈ្មោះ ទិញបានផ្ទះ និងរថយន្ដទំនើបៗជិះយ៉ាងកាលីព ខណៈដែលកិច្ចការសប្បុរសធម៌វិញ នាងបានចូលរួមជាបន្ដបន្ទាប់ ដូចជាពេលនេះបានចំណាយលុយ១,៥០០ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕