Tuesday, September 23, 2025
Homeតារាខ្មែរចំរើន សុភ័ក្រ លើកពាន៣ហើយ មិនអស់ចិត្ត ចង់លើកពានស្មូត១ទៀត

ចំរើន សុភ័ក្រ លើកពាន៣ហើយ មិនអស់ចិត្ត ចង់លើកពានស្មូត១ទៀត

តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញាចំរើន សុភ័ក្រ បានឲ្យដឹងថា​ពេលនេះនាងឆ្អែតឆ្អន់គ្រប់គ្រាន់ក្នុងការលើកពានឡើយ ព្រោះតាមចិត្តចង់នាងចង់បានពានថ្មីមួយទៀតនោះ គឺ ”ពានស្មូត”។

ការអះអាងរបស់សុភ័ក្រ នៅពេលនេះ ក្រោយពីនាងបានក្លាយទៅជាម្ចាស់ពាន “The Mask Singer Cambodia” រដូវកាលទី១ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយទទួលបានទឹកប្រាក់ចំនួន១០០លានរៀល។

ចំរើន សុភ័ក្រ បានប្រាប់អ្នកសារព័ត៌មានយើងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ថា ពេលនេះខ្ញុំបានពានផ្នែកល្ខោនបាសាក់ , ប្រពៃណី និងថ្មីៗហ្នឹង ទើបបានពានសម័យថ្មីមួយទៀត “The Mask Singer Cambodia” រដូវកាលទី១ អីចឹងខ្ញុំចង់បានពានមួយទៀត គឺពានផ្នែក ”ស្មូត”។

ក្រោយអះអាងបែបនេះ សុភ័ក្រ ក៏បានកាន់ក្បាលមីក្រូស្មូត ធ្វើឲ្យទាំងពិធីករ និងទស្សនិកជនទស្សនាផ្ទាល់ ព្រឺសម្បុរគ្រប់គ្នាតែម្ដង។

ចំរើន សុភ័ក្រ បានឲ្យដឹងដែរថា ការក្លាយទៅជាម្ចាស់ពាន “The Mask Singer Cambodia” រដូវកាលទី១នេះ នឹងធ្វើឲ្យនាងមានគ្រឹះកាន់តែរឹងមាំថែមទៀត ក្នុងអាជីពចម្រៀង ព្រោះនាងទទួលបានបទពិសោធន៍ច្រើនពីកម្មវិធីមួយនេះ ក៏ដូចជា កម្មវិធី “The Voice Cambodia” កាលពីរដូវកាលទី១។

ដោយឡែក សម្រាប់អាជីពចម្រៀងនៅពេលនេះ គឺនាងក៏ដូចជាតារាផ្សេងៗទៀតដែរ ព្រោះត្រូវលុបចោលការប្រគំតន្ត្រីទាំងឡាយអស់ ដោយសារតែជំងឺកូវីដ-១៩ នេះ ហើយមិនត្រឹមតែច្រៀងតាមឆាកតន្ត្រីធំៗទេ សូម្បីតែការច្រៀងភ្លេងការ ក៏ត្រូវអាក់ខានអស់ដែរ។ ប៉ុន្ដែនាងថា មិនមានការសោកស្ដាយទេ ព្រោះថាមិនមែនតែនាងម្នាក់ទេ គឺតារាទូទៅប៉ះទាំងអស់គ្នាតែម្ដង។

ចំរើន សុភ័ក្រ ជាអ្នកចម្រៀងវ័យក្មេងដែលមានសមត្ថភាពមិនធម្មតាទេ ព្រោះនាងអាចច្រៀងសម្ដែងបានជាច្រើនទម្រង់ ដូចជា អាចច្រៀងបទសម័យ, បុរាណ, ភ្លេងការ, ស្មូត , រាំរបាំបុរាណ ជាដើម។ នាងមានគូស្នេហ៍ជាតន្រ្ដីករម្នាក់ដែលធ្លាប់បានបង្ហាញគូស្នេហ៍ជាចំហ ប៉ុន្តែមិនទាន់មានគម្រោងរៀបការឆាប់ៗឡើយ៕

RELATED ARTICLES