Tuesday, September 23, 2025
Homeតារាខ្មែរ​មាស សុខសោភា សម្រស់កាន់តែលេចធ្លោ ពេលគ្រងឈុតទេវធីតាជិះខ្លា

​មាស សុខសោភា សម្រស់កាន់តែលេចធ្លោ ពេលគ្រងឈុតទេវធីតាជិះខ្លា

ខណៈដែលជំងឺកូវីដ-១៩ ធ្វើឲ្យតារាជាច្រើនថ្ងូរដូចព្រាប ព្រោះបាត់ប្រាក់ចំណូលសឹងគ្រប់គ្នានោះ មាស សុខសោភា ក៏បានចាប់ដៃខេម ច្រៀងបទ ”អនាម័យប្រល័យកូវីដ-១៩” ផងដែរ ដែលជាចម្រៀងមួយជួយដាស់តឿនដល់ប្រជាជន​បន្ថែមពីលើក្រសួងសុខាភិបាល។

ប៉ុន្ដែនៅពេលដែលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ប្រជាជនមិនអាចជួបជុំគ្នាបានដូចមុន ហើយនៅតែក្នុងផ្ទះ ព្រោះខ្លាចកូវីដ-១៩នោះ ស្រាប់តែមាស សុខសោភា មានឱកាសបានគ្រងឈុតទេវតា តំណាងឲ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូត ព្រះនាង ”គោរាគទេវី” ជាបុត្រទី២ នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តតំណែង ទេវតាឆ្នាំចាស់។

មាស សុខសោភា ​តែងខ្លួនតំណាងឲ្យទេវតាបានស្លៀកពាក់ (ទ្រង់អម្ពរ) ពណ៌លឿង,​សៀតផ្កាអង្គារ៍បុស្ស នៅព្រះការណ៍ (ត្រចៀក) , អាភតរណៈ(ម្កុដ) កែវមុត្ថាគូថខ្យង​, ភក្សាហារ ទ្រង់សោយតេលំ (ប្រេងល្ង)​, ព្រះហស្ថស្ដាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ធិ (ឈើច្រត់), គង់ផ្លុំបើកព្រះនេត្រ រំពៃលើខ្នងព្យគ្ឃ (ខ្លាដំបង)។

ក្រុមអ្នកគាំទ្រតារាចម្រៀងមាស សុខសោភា បានជូនពរតារាចម្រៀងរូបនេះថា សូមឲ្យនាងមានរាសីឡើង ក្រោយពីបានគ្រងឈុតទេពធីតាឆ្នាំថ្មីនេះ ខណៈដែលមនុស្សជាច្រើនបានសរសើរថា នាងស្លៀកពាក់ឈុតនេះទៅ កាន់តែលើកសម្រស់បានថែមមួយកម្រិតទៀត។

កាលពីពិធីបុណ្យចូលឆ្នាំខ្មែរ២០១៩ មាស សុខសោភា ធ្លាប់បាន​ចាប់ដៃតារាចម្រៀងរួមអាជីព លោកខេម ចេញបទ ”ឲ្យអត់ស្រឡះទៅ” ដែលជាចង្វាក់រាំវង់ ទទួលបានការគាំទ្រច្រើនណាស់ ហើយនៅឆ្នាំ២០២០នេះ ទោះជាសោភា មិនអាចចេញទៅច្រៀងសម្ដែងនៅទីណា ដោយសារតែកូវីដ-១៩មែន។

ប៉ុន្ដែតារាចម្រៀងល្បីល្បាញរូបនេះបានចាប់ដៃខេម ជាលើកទី២ ក្នុងការចេញបទចម្រៀងឆ្លងឆ្លើយគ្នា តាមរយៈបទ ”អនាម័យប្រល័យកូវីដ-១៩” ដែលជាបទមានអត្ថន័យអប់រំមួយ អំឡុងពេលដែលជំងឺផ្លូវដង្ហើមមួយនេះ កំពុងតែរីករាលដាលជុំវិញពិភពលោក។

ប៉ុន្តែគេមិនទាន់ដឹងថា តើបទចម្រៀងមួយនេះនឹងទទួលបានការគាំទ្រកម្រិតណាទេ ព្រោះពេលនេះមហាជនចាប់អារម្មណ៍សោភា ទៅលើការគ្រងឈុតទេវតាតំណាងឲ្យទេពធីតាសង្រានឆ្នាំថ្មី ច្រើនជាងបទចម្រៀង។

យ៉ាងណា ការចេញបទចម្រៀងថ្មីៗរបស់មាស សុខសោភា នៅថោន នេះ ធ្វើឲ្យក្រុមអ្នកគាំទ្ររបស់តារាចម្រៀងសោភា ដែលបានចាំអ៊ុតមើលបទចម្រៀងថ្មីរបស់នាង នៅផលិតកម្មរស្មីហង្សមាស ហាក់ស្ងប់ចិត្តខ្លះៗទៅវិញ ព្រោះទោះជា សោភា បានអះអាងថា នាងត្រូវតែដើរ​ចេញពីថោន នៅឆ្នាំ២០២០នេះមែន ប៉ុន្តែពេលនេះក្រោយជួបចរចារជាមួយថ្នាក់ដឹកនាំផលិតកម្មនេះមក ទីបំផុត សោភា ព្រមច្រៀងឲ្យថោន ដោយគ្មានកុងត្រា។

ចំណែកស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្ម Camtrax នោះ សុខចិត្តសម្របខ្លួនតាមសោភា គ្រប់បែបយ៉ាងទាំងអស់៕

RELATED ARTICLES