Tuesday, September 23, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា កូនប្រុសជាថ្នាំកម្លាំង

ឱក សុគន្ធកញ្ញា កូនប្រុសជាថ្នាំកម្លាំង

តារាចម្រៀងឱក សុគន្ធកញ្ញា ថា នៅពេលដែលនាងមកពីធ្វើការហត់ គ្រាន់តែឃើញកូនប្រុសភ្លាម មានកម្លាំងភ្លែតតែម្ដង។

ការវាចាបែបនេះរបស់សុគន្ធកញ្ញា ប្រាកដជាធ្វើឲ្យតារារួមអាជីពជាច្រើន ពិសេសអ្នកដែលសាងស្នេហាលួចលាក់នោះ ប្រាកដជាចាប់ផ្ដើមងាកមកចង់បើកស្នេហ៍ចំហ​និងចង់បានកូនដែរជាមិនខានឡើយ ព្រោះថា ពេលនេះ​ សុគន្ធកញ្ញា ជាបទពិសោធន៍មួយទៅហើយ គឺនាងរៀបការភ្លាមយកកូនភ្លែតតែម្ដង​ហើយនាងបានរសជាតិជីវិតថ្មីដែលពីមុនមិនធ្លាប់ជួបនោះ គឺក្រោយវិលត្រឡប់មកពីធ្វើការវិញភ្លាម​មិនចាំបាច់លេបថ្នាំកម្លាំងនោះទេ ប៉ុន្តែស្នាមញញឹមរបស់កូនប្រុសនាង ធ្វើឲ្យការហត់នឿយទាំងឡាយត្រូវបានរំសាយចោលវិញអស់ភ្លាមតែម្ដង នៅពេលដែលបានជួបមុខកូន។

មិនត្រឹមតែបង្ហាញកាយវិការស្រលាញ់កូនប្រុសស្ទើរលេបនោះទេ ប៉ុន្តែឱក សុគន្ធកញ្ញា នៅពេលដែលនាងចេញក្រៅផ្ទះ ក៏តែងតែ Call ជា Video ទៅកូនប្រុសរបស់នាងផងដែរ បើទោះជាកូននាងមិនទាន់ចេះនិយាយក្ដី ដែលរឹតតែធ្វើឲ្យតារារួមអាជីពស្ញប់ស្ញែងពីសុគន្ធកញ្ញា ថា ពេលនេះនាងលែងខ្លាចរឿងមានប្ដីកូន ធ្លាក់កូដអាជីពចម្រៀងទៀតហើយ​ព្រោះសេចក្ដីសុខរបស់នាងពិតប្រាកដ​គឺនៅពេលដែលនាងរស់នៅជួបជុំជាមួយប្ដីនិងកូនប្រុស។

ដោយឡែករូបរាងវិ​ញ​ ពេលនេះគេនៅតែឃើញសុគន្ធកញ្ញា មិនទាន់មានរាងស្វែលស្អាតដូចកាលនៅក្រមុំឡើយ​បើទោះជាពេលឡើងឆាកកាលពីពេលថ្មីៗនេះ​ នាងនៅតែតែងខ្លួនបែបយុវ័យក្ដី ប៉ុន្ដែរាងរបស់នាងនៅតែកាម៉ាប់ៗនៅឡើយ។

ចំណែកបទចម្រៀងវិញ តាំងពីក្រោយរៀបការរហូតមកដល់ពេលនេះ សុគន្ធកញ្ញា នៅតែគ្មានបទចច្រៀងបែបយុវ័យ ល្បីណាមួយគូរឲ្យចាប់អារម្មណ៍ខ្លាំងទេ ក្រៅពីបទច្រៀងតពីព្រាប សុវត្ថិ “កូនយំល្វើយៗ”។

អ្នកជំនាញសិល្បៈបានលើកឡើងថា ឱក សុគន្ធកញ្ញា អាចរង់ចាំកូនធំជាងនេះបន្ដិច ហើយនាងរាងរឹងដៃរឹងជើងឡើងវិញ ទើបប្អូនថ្លៃលោកថៅកែហង្សមាស រូបនេះ ចាប់ផ្ដើមពង្រឹងទីផ្សារចម្រៀងឡើងវិញ។ ប៉ុន្ដែខណៈដែលកូវីដ-១៩ កំពុងតែរាតត្បាតបែបនេះ សុគន្ធកញ្ញា នឹងចំណាយពេលលើការជួបជុំប្ដី និងកូនប្រុស ច្រើនជាងការរាំច្រៀងបទថ្មីៗ។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេស្វែងយល់ចិត្តគ្នាជាង៨ឆ្នាំ។

មនុស្សជាច្រើនបានគិតថាសុគន្ធកញ្ញា ជាតារាដែលជោគជ័យទាំងអាជីពសិល្បៈ និងស្នេហាព្រមគ្នាតែម្ដង ក្រោយពីនាងសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆាលី។

យ៉ាងណា ការរក្សាតំណែងជាតារាស្រីឈានមុខគេនៅហង្សមាស​តទៅទៀត ឬត្រូវបាត់បង់នោះ នៅតែជាភាពស្រពេចស្រពិលនៅឡើយ ព្រោះថា ជាង៥ខែមកនេះ សុគន្ធកញ្ញា នៅមិនទាន់មានបទចម្រៀងផ្ទុះដូចមុនទេ៕

RELATED ARTICLES