Thursday, July 17, 2025
Homeព័ត៌មានជាតិប្តីបញ្ចេញសាររៀបរាប់យ៉ាងវែងអន្លាយពីអនុស្សាវរីយ៍ ពេលភរិយាលាចាកឆ្ងាយ គ្នាថ្ងៃត្រឡប់វិញ

ប្តីបញ្ចេញសាររៀបរាប់យ៉ាងវែងអន្លាយពីអនុស្សាវរីយ៍ ពេលភរិយាលាចាកឆ្ងាយ គ្នាថ្ងៃត្រឡប់វិញ

ខេត្តកោះកុង ៖ ជារឿងដ៏គួរឱ្យសង្វេគនិងរន្ធត់ចិត្តបំផុតសម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលកំពុងរួមរស់ជួបជុំគ្នាយ៉ាងមានសុភមង្គល ស្រាប់តែស្ត្រីជាប្រពន្ធបានជួបគ្រោះអកុសល ក្រឡាប់រថយន្តស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និងកូនប្រុសស្រីតូចៗ២នាក់ ធ្វើឱ្យបុរសជាប្តីតក់ស្លុតរន្ធត់ចិត្តបញ្ចេញសារទុក្ខសោករៀបរាប់គួរឱ្យសង្វេគ។

ស្ត្រីរងគ្រោះដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់ចោលប្តី និងកូនប្រុសស្រីខាងលើនេះ មានឈ្មោះឈួន ផាន់ណា មានប្តីនិងមានកូនប្រុសស្រី២នាក់ ក្នុងបន្ទុក។

ស្ត្រីរងគ្រោះបានបាត់បង់ជីវិតកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Seiha Sem ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះបានបង្ហោះសារដ៏សោកសង្រេងមួយ រៀបរាប់ថា “មកដល់ពេលនេះ ឈានចូលពីរយប់បីថ្ងៃហើយ ដែលអូនសំឡាញ់ មិននិយាយស្តីរកបងសោះ ខុសពីរាល់ដង បងនឹកណាស់ធ្លាប់តែមានអូននៅក្បែរទាំងពេលគេង ពេលដើរកំសាន្ត ពេលមកពីធ្វើការ ពេលទៅចម្ការ មិនដែលចន្លោះទេ ហើយតែងតែមានភាពស្និទ្ធស្នាល ម្ញិកម្ញក់ប្រឡែងនឹងបងរាល់ថ្ងៃ តែឥឡូវស្ងាត់ណាស់”។

បុរសខាងលើបន្តថា “បងមានតែកូនពីរនាក់ដែលនៅក្បែរ អូនចិត្តដាច់ណាស់ អូនសំឡាញ់ចិត្តបង ដែលទុកឱ្យបងនិងកូនកំព្រារងារដូចចាបគ្មានសំបុក ជាពិសេស អធ្រាត្រកាន់តែជ្រៅកាន់តែនឹក នៅពេលរឭកធ្លាប់តែឃើញនៅក្បែរប្រាណ តែពេលនេះមិនដូចពេលមុនទេ ឃើញតែកូនៗ បងប្រាប់អូនថា បងនឹកអូនណាស់អូនសំឡាញ់ តាំងពីយើងទាំងពីរបានចាប់ដៃកសាងគ្រួសារដ៏តូចមួយនេះ”។

បុរសរូបនេះបន្ថែមថា “ប្រើអស់រយៈពេល១៣ឆ្នាំហើយ អូនមិនដែលទៅណាឆ្ងាយពីបងមួយជំហានទេ មិនដែលធ្វើអ្វីឱ្យប្តីពិបាកចិត្ត ឬឈឺចាប់ឡើយ តែពេលនេះបែរជាលាបងគ្មានពេលត្រឡប់វិញ ហើយប្រាប់បងកុំឱ្យយំ កុំឱ្យស្រក់ទឹកភ្នែក កុំឱ្យពិបាកចិត្ត តែបងធ្វើមិនបានទេអូន វាដូចជាលឿនពេកហើយសម្រាប់បង ដូចជាកំពុងគេងលក់ក្នុងសុបិន្តមួយដ៍អាក្រក់ មិនដឹងពេលណាភ្ញាក់មកវិញទេអូនអើយ”។

បុរសខាងលើ បន្ថែមចុងក្រោយថា ​”ឱ្យបងសូមទោសផង ដែលបងមើលថែអូនមិនបានល្អ ដល់ចាស់កោងខ្នង ដូចដែលកាលសន្យាណាអូន បងសូមបួងសួងកើតជាតិណាៗប្រាថ្នាឱ្យបានជួបអូនគ្រប់ៗជាតិ អូនសំឡាញ់…”។

គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខកោះកុង ២B- ៦៣៦៣ បើកបរសុខៗស្រាប់តែតៃកុងរថយន្តងងុយដេក ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ចូលស្នាមភ្លោះ  រួចក៏ជ្រុលទៅបុកដើមអាកាស្យាយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សក្មេងចាស់ប្រុសស្រីមួយគ្រួសារ មានគ្នាសរុប៧នាក់ បានរងរបួសធ្ងន់ស្រាល ហើយក្រោយមកស្ត្រីម្នាក់ដែលទទួលរងរបួសធ្ងន់ជាងគេបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ស្នាមភ្លោះ ជ្រុលទៅបុកដើមឈើយ៉ាងពេញទំហឹងតែម្តង។ ចំណែកមូលហេតុដោយសារតែអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងោកងុយ៕

RELATED ARTICLES