ខេត្តកណ្តាល ៖ គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) មួយគូ ដែលបានដឹកដៃគ្នាចូលរោងការតាមប្រ ពៃណី រួមរស់ជាប្តីប្រពន្ធ អស់រយៈពេល ៣ឆ្នាំ ស្រាប់តែជួបរឿងអកុសល ត្រូវព្រាត់និរាសគ្នា លែងមានថ្ងៃជួប បន្ទាប់ពីតួអង្គប្រពន្ធ បានកើតមានជំងឺ និងបាត់បង់ជីវិត ក្នុងវ័យ២៦ឆ្នាំ ធ្វើឱ្យបុរសជាប្តី ស្រណោះអាល័យយ៉ាងខ្លាំង។

តួអង្គប្រពន្ធ ដែលលាចាកលោកចោលប្តីជាទីស្រលាញ់របស់ខ្លួន មានឈ្មោះសម្បត្តិ ដារ៉ា បានទទួលមរណ ភាព កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងវ័យ២៦ឆ្នាំ។ ចំណែកបុរសជាប្តី មានឈ្មោះហាក់ ភោគ មានលំនៅក្នុងភូមិព្រែកកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។លោក ហាក់ ភោគ ត្រូវជាប្តី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយប្រពន្ធ ១សន្លឹក ក្នុងថ្ងៃមង្គលការរបស់ខ្លួន ដោយភ្ជាប់ជាមួយសំណេរទុក្ខសោក ថា “ប្រពន្ធបង Makelove Love គាត់ទៅបានសុខហើយ កើតជាតិណាៗ កុំឱ្យដូចជាតិនេះទៀត មនុស្សល្អរបស់បង សោកស្តាយណាស់ អូនល្អណាស់ ម៉េចទៅចោលបងចឹង អូនលាបងរហូតហើយ គ្មានថ្ងៃត្រឡប់…”។

លោក ហាក់ ភោគ បានបន្តថា “អូនលាបងរហូតហើយ មិនចង់ជឿទេ ពិធីបុណ្យសព ធ្វើនៅភូមិក្បាលកោះ ទៀវ ស្ពាន៦៤…”។

ដោយឡែក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់ប្រពន្ធជាទីស្រលាញ់ លោក ហាក់ ភោគ ជាប្តី បានសរសេរបន្ថែមថា “អូនដឹងអត់ ថាបងនឹកអូន គ្មានថ្ងៃបំភ្លេចបាន…”។

គួររំលឹកថា គូស្នេហ៍ភេទដូចគ្នា (ស្រលាញ់ប្រុស) ខាងលើនេះ បានរៀបការតាមប្រពៃណី កាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៣ កន្លងទៅ។ លុះក្រោយពីរួមរស់ជាប្តីប្រពន្ធនឹងគ្នា ប្រកបដោយសុភមង្គល និងភាពផ្អែមល្ហែម អស់រយៈពេល ៣ឆ្នាំ ស្រាប់តែភរិយាជាទីស្រលាញ់ បានលាចាកលោកចោលប្តី ទាំងសោកអាល័យជាទីបំផុត៕


