ខណៈដែលចំណងស្នេហាអ្នកនាងគង់ សុជាតិ និងស្វាមីក្មេង លោកជា វិបុល ស្ថិតក្នុងសភាពស្រពេចស្រពិលកាន់តែខ្លាំងថា តើប្ដីប្រពន្ធតារា១គូនេះ នៅរក្សាចំណងស្នេហាបានទៅមុខទៀតឬអត់? ព្រោះតែមានព័ត៌មានថា លោកវិបុល មានការប្រែប្រួលចិត្តមិនស្មោះត្រង់ជាមួយសុជាតិ ដូចមុន១០០%នោះ ស្រាប់តែកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះ សុជាតិ បានប្រារព្ធខួបវ័យ៤០បា្លយ ហើយលោកវិបុល បានបង្ហាញការស្រលាញ់ប្រពន្ធកូនយ៉ាងខ្លាំង ដោយថែមទាំងបានឱបថើបសុជាតិ នៅថ្ងៃពិសេសនោះទៀតផង ធ្វើឲ្យពិធីការិនីជើងចាស់រូបនេះញញឹមបិទមាត់មិនជិតឡើយ។

ទោះជាយ៉ាងណា សុជាតិ មិនបានបង្ហាញឲ្យគេឃើញថា នាងទទួលបានកាដូអ្វីខ្លះពីស្វាមីឡើយ គ្រាន់តែនេះជាសញ្ញាមួយបញ្ជាក់ពីភាពតានតឹងទាំងឡាយ ត្រូវបានធូរស្រាលឡើងវិញខ្លះៗហើយ។

គង់ សុជាតិ ដែលមានសម្រស់ក្មេងជាងវ័យ បានថ្លែងសារថា ”អរគុណបងសម្លាញ់ សម្រាប់ខួបកំណើតដ៏រីករាយ នៅឆ្នាំនេះ ០៤.០៨.២០២០ ហើយគ្មានពាក្យអ្វីក្រៅពីចង់ឲ្យសុភមង្គលមួយនេះនៅឋិតថេរជាដ៏រាប”។

គេកត់សម្គាល់ឃើញថា កម្មវិធីខួបកំណើតរបស់គង់ សុជាតិ នៅឆ្នាំនេះខុសពីឆ្នាំមុនៗ ដែលនាងមានតារារួមអាជីពជិតស្និទ្ធទៅអបអរសាទរ និងជូនពរនាងដល់ខុនដូរបស់អ្នកនាងនៅទួលគោក តែម្ដង ប៉ុន្ដែកាលពីម្សិលមិញនេះ មានតែកូនស្រីនិងឪពុកម្ដាយរបស់នាងប៉ុណ្ណោះ ដែលចូលរួមអបអរសាទរ។
ចំណែកកូនចៅរបស់នាងនៅហាងសាឡនរបស់សុជាតិ ក៏មិនបានទៅជួបជុំដោយផ្ទាល់ជូនពរនាងដែរ ព្រោះខ្លាចជំងឺកូវី១៩ ហេតុនេះហើយបានជាពិធីនោះហាក់សោះកក្រោះបន្ដិច។

គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ៕

