ភ្នំពេញ ៖ អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ និងស្វាមី លោកគង់ សុគន្ធា រួមទាំងមន្រ្ដីថ្នាក់ដឹកនាំសាលាខណ្ឌច្បារអំពៅ បាននាំយកអំណោយជិត៥០០កញ្ចប់ចែកជូនដល់ប្រជាពលរដ្ឋចំនួនជាង៤០០គ្រួសារ ដែលរស់នៅភូមិដើមស្លែង (សហគមស្មសាន) សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

អ្នកនាងកាតុ បានឲ្យដឹងថា អ្នកនាងបានសហការជាមួយលោកអភិបាលរងសាលាខណ្ឌច្បារអំពៅ ដើម្បីនាំយកសម្ភារៈដែលបានចែកជូនដល់បងប្អូននៅថ្ងៃមុនពិធីចូលឆ្នាំខ្មែរនេះ ជាការសម្រួលការលំបាករបស់ពួកគាត់បានមួយគ្រាដែរ។

អ្នកនាងបន្តថា ក្នុងកញ្ចប់នោះ មានអង្ករ មី និងទឹកអាល់កុលលាងសម្អាតដៃ ជាដើមដែលគ្រួសារខ្លះទទួលបាន១កញ្ចប់ ខ្លះបាន២កញ្ចប់។
ក្នុងឱកាសនោះដែរ អ្នកនាងនិងអាជ្ញារងខណ្ឌច្បារអំពៅ ក៏បានណែនាំប្រជាជនឲ្យសម្អាតអនាម័យឲ្យបានជាប្រចាំ តាមរយៈការលលាងដៃជាមួយអាល់កុល ឬសាប៊ូផងដែរដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។

អ្នកនាងកាតុ បន្តទៀតថា ចំពោះមូលហេតុដែលអ្នកនាងបានជ្រើសរើសយកការចែកអំណោយនៅទីតាំងខាងលើនេះ ព្រោះតំបន់នេះបងប្អូនមានជីវភាពលំបាកច្រើន ដូចជាការធ្វើផ្ទះ និងរស់នៅជាមួយថ្នូរខ្មោច ជាដើម។ ដោយឡែក នៅពេលខាងមុខនេះ អ្នកនាងនឹងត្រៀមចែកសម្ភារៈទាំងនេះនៅទីតាំងផ្សេងៗទៀតផងដែរ ទៅតាមសភាពជាក់ស្ដែង និងលទ្ធភាពដែលនាងអាចធ្វើបាន។
អ្នកនាងកាតុ បន្ថែមថា ការចែកសម្ភារៈលើកនេះចំណាយអស់ថវិកាជិត៥ពាន់ដុល្លារ ហើយលុយទាំងនោះបានមួយផ្នែកធំ មកពីក្រុមហ៊ុនគីម ណាវ៉ាត់ និងសប្បុរសជនមួយចំនួនទៀត ដែលបានចូលថវិការតាមរយៈនាង។

តារាពហុជំនាញរូបនេះក៏បានផ្ញើសារសូមឲប្រជាជនទាំងអស់រក្សាសុខភាពឲ្យបានសុខភាពល្អ ដើម្បីគេចផុតពីជំងឺកូវីត១៩ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ពីកូនចៅគ្រប់ពេលវេលាទាំងអស់ ដូចជាថ្មីៗនេះ សម្ដេចបានចេញបញ្ជាឲ្យបិទផ្លូវ ហាមបងប្អូនធ្វើដំណើរឆ្លងខេត្ត ដែលធ្វើឲ្យបងប្អូនខ្លះអន់ចិត្ត តែតាមពិតសម្ដេចពុកយើង គាត់បារម្ភពីកូនចៅណាស់ សូមបងប្អូនកុំខឹងរដ្ឋាភិបាល។

គួររំលឹកថា ក្រៅពីនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ២ នេះកន្លងមកអ្នកនាងកាតុ ធ្លាប់នាំយកថវិការរបស់ក្រុមហ៊ុនគីម ណាវ៉ាត់ ទៅទិញសម្ភារៈចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រនៅខេត្តសៀមរាប និងព្រះវិហារ ផងដែរ។

អ្នកនាងបន្ថែមទៀតថា ទោះជាពេលនេះនាងបាត់បង់ប្រាក់ចំណូលទាំងស្រុងពីសិល្បៈព្រោះកូវីដ១៩ ដោយសារម្ចាស់កម្មវិធីទាំងឡាយលុបចោលកម្មវិធីអស់ក្ដី ប៉ុន្តែអ្នកនាងនឹងបន្ដសកម្មភាពសប្បុរសធម៌តទៅទៀត តាមដែលខ្លួនអាចធ្វើទៅបាន៕


