តារាចម្រៀងគង់ សុកញ្ញា ហៅអែនជី បានឱ្យដឹងថា ការពពោះកូនដំបូងនៅពេលនេះ ធ្វើឱ្យនាងពិបាកក្នុងខ្លួនខ្លាំងណាស់ គឺរកកលចង់ក្អួតចង្អោរ រហូតស្ទើរតែទ្រាំមិនបានទេ ខណៈដែលពេលនេះនាងមានផ្ទៃពោះជិត៣ខែហើយ ប៉ុន្តែមិនទាន់ដឹងថា ជាកូនប្រុសឬស្រីឡើយ ។

ការថ្ងូរពិបាកក្នុងខ្លួនរបស់អ្នកនាងអែនជី នៅពេលនេះ ជាសញ្ញាមួយបញ្ជាក់ថា អាជីពចម្រៀងរបស់នាងក៏អាចដើរដល់ទីបញ្ចប់ផងដែរ ក្រោយនាងខកខានកាន់ក្បាលមីក្រូជាង៣ឆ្នាំមកហើយ…។

អែនជី ម្ចាស់បទ “កំដរបងត្រឹមជាតិនេះ” ពពោះជិត៣ខែហើយ ខណៈដែលពេលនេះនាងថា កូនដំបូងធ្វើឱ្យនាងពិបាកទ្រាំខ្លាំងណាស់ រហូតដល់មិនចង់អាចធ្វើការអីបានទៀតផង។ ទោះជាយ៉ាងណា នាងថា មិនទាន់ដឹងថាទារកក្នុងផ្ទៃរបស់នាងជាកូនស្រីឬកូនប្រុសឡើយ។

ក្នុងជំនួបផ្ទាល់ អែនជី វាចាថា “និយាយទៅ មានអារម្មណ៍ថាពិបាកទ្រាំខ្លាំងណាស់បង ពេលហ្នឹងចាញ់កូនខ្លាំងតែម្តង។ ឥឡូវជិត៣ខែហើយ ប៉ុន្តែមិនទាន់ពិនិត្យដឹងថាជាកូនប្រុសឬស្រីទេ។ ខ្ញុំមានអារម្មណ៍ខុសប្លែកពីមុនមែនទែន នៅពេលដែលយើងមានកូនដំបូងអ៊ីចឹង វាមិនស្រួលទេ ព្រោះចាញ់កូនពេក”។

អែនជី បានរៀបការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ជាមួយលោកគង់ សុខអេង ហើយរយៈពេលជិត២ឆ្នាំនេះ ចំណងស្នេហានាងជាមួយស្វាមីកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ចំណែក ជីវភាពវិញកាន់តែធូរធារហូតនាងមានលទ្ធភាពទិញបានផ្ទះវីឡា និងជិះរថយន្តទំនើបៗទៀត ដែលក្រៅពីមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន នាងក៏ជាអ្នកលក់តាមអនឡាញដ៏ជំនាញម្នាក់ដែរ។

ប៉ុន្តែបើក្រឡេកមើលអាជីពចម្រៀងវិញ ពេលនេះ អែនជី ហាក់ស្ងប់ស្ងាត់ខ្លាំង ព្រោះតាំងពីក្រោយរៀបការមក នាងមិនដែលឡើងឆាកតន្ត្រីទេ ហើយបទចម្រៀងនៅផលិតកម្មសាន់ដេ ក៏មិនចេញដូចមុនទៀត ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែបាក់ស្រុតចុះខ្លាំង៕