ខណៈដែលការទប់ស្កាត់ជំងឺកូវីដ១៩ បានធ្វើឲ្យតារាជាច្រើនបានដេកផ្ទះ ព្រោះបណ្ដាការប្រគំតន្ត្រីទាំងឡាយ ត្រូវបានលុបចោលអស់នោះ តារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស លោកព្រាប សុវត្ថិ ហៅស្នាយ ឯណេះវិញ មិនបាននៅសម្ងំស្ងៀមទ្រឹងឡើយ គឺលោកនៅតែមានភាពមមាញឹកក្នុងមុខជំនួញរបស់លោកតាមរយៈការដាក់ទុនធំរហូតដល់រាប់សែនដុល្លារ វិនិយោគទៅលើការកស៊ីមុខរបរធំ២ផ្សេងគ្នា ក្នុងពេលតែមួយដែលអាចនិយាយបានថា នៅពេលជំងឺផ្លូវដង្ហើមនេះស្ងប់ស្ងាត់ទៅ គឺអាជីវកម្មនេះនឹងដំណើរការព្រមគ្នាតែម្ដង។

ព្រាប សុវត្ថិ កំពុងសាងសង់ភោជនីយដ្ឋាន ផ្គួបហាងកាហ្វេ នៅភូមិច្រេស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ ដែលតាមរយៈការតុបតែងយ៉ាងប្រណីតនោះ ច្បាស់ជាចំណាយលុយរាប់សិបម៉ឺនដុល្លារ ខណៈដែលនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ឯណោះវិញ តារាចម្រៀងហង្សមាសរូបនេះ បានទិញដីទុកជាច្រើនឆ្នាំមកហើយ ពេលនេះកំពុងសាងសង់រមណីយដ្ឋាន ដោយដាក់ឈ្មោះថា ព្រាប សុវត្ថិ រីសត ទៀតផង។

តាមរយៈការដំណើរការគម្រោងរកស៊ីធំទាំង២នេះ ព្រាប សុវត្ថិ ច្បាស់ជាចំណាយលុយរាប់សែនដុល្លារជាមិនខាន ពិសេសនៅរដូវដែលតារាជាច្រើនកំពុងតែគ្មានការងារធ្វើ ព្រោះតែបណ្ដាការប្រគំតន្ត្រីទាំងឡាយ ត្រូវបានលុបចោលអស់នោះ បែរជាព្រាប សុវត្ថិ កាន់តែរវល់ និងជាប់ដៃក្នុងការសាងសង់ទាំងភោជនីយដ្ឋាន និងរមណីយដ្ឋានរបស់លោក ដំណាលគ្នាទៅវិញ។
ព្រាប សុវត្ថិ ប្រកាសថា លោកស្រលាញ់ទេសភាពធម្មជាតិ ហើយបានទិញដីនៅស្រុកអូរាំង ខេត្តមណ្ឌលគិរី នោះជាយូរឆ្នាំមកហើយ ទើបតែពេលនេះបានឈូសឆាយឲ្យស្អាត មានទាំងទឹកជ្រោះហូរពីធម្មជាតិ ព្រោះលោកនឹងអភិវឌ្ឍន៍នៅតំបន់នោះ ឲ្យក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ស្អាតនាពេលខាងមុខ។

តារាចម្រៀងដែលល្បីជិត៣ទសវត្សនៅហង្សមាស រូបនេះ មិនប្រាប់ថា លោកចំណាយថវិកាអស់ប៉ុន្មានទេ ទៅលើការធ្វើរមណីយដ្ឋាននោះ ដោយគ្រាន់តែលោកថា ទេសភាពបែបនេះជាអ្វីដែលលោកស្រលាញ់ខ្លាំងណាស់ ជាប់នៅក្នុងបេះដូងតែម្ដង ហើយលោកចង់អភិវឌ្ឍន៍នៅទីនោះឲ្យបានស្អាត ដើម្បីបន្សល់ដល់មនុស្សជំនាន់ក្រោយឲ្យបានឃើញ នៅពេលដែលលោកស្លាប់ទៅ។
ដោយឡែក ភោជនីយដ្ឋានវិញ ព្រាប សុវត្ថិ មិនប្រាប់ថា នឹងដំណើរការនៅពេលណាដែរ បន្ទាប់ពីលោកបានដោះស្រាយជាមួយប្រជាជនចំនួន៧០គ្រួសារ ដែលបានប្ដឹងលោក កាលពីខែមុនមក។

ព្រាប សុវត្ថិ ជាអ្នកចម្រៀងមានទ្រព្យស្ដុកម្នាក់ ដែលក្រៅពីឈរជើងក្នុងសិល្បៈបានយូរជាងគេ លោកក៏មានមុខរបរក្រៅសិល្បៈជាច្រើនផងដែរ ដូចជា បើកហាងកាត់សក់, បុកល្ហុង និងរកស៊ីផ្នែកអចលនទ្រព្យ ជាដើម ខណៈដែលមុខជំនួញធំ២ គឺភោជនីយដ្ឋាន និងរមណីយដ្ឋាន នឹងដំណើរការនាពេលខាងមុខនេះហើយ។

តារាចម្រៀងដែលថតបានជាង៣ពាន់បទ នៅហង្សមាស រូបនេះ ជិះរថយន្ដទំនើប Range Rover , Ford និង ISUZU ហើយលោករស់នៅភូមិគ្រឹះនៅក្បែរផ្សារទួលគោក យ៉ាងមានសេចក្ដីសុខជាមួយភរិយា និងកូនប្រុសទាំង៣។

ខណៈដែលឆ្នាំនេះ ព្រាប សុវត្ថិ មានវ័យ៤៥ឆ្នាំទៅហើយនោះ លោកបានងាកមកបុកផ្នែកជំនួញផ្ទួនៗគ្នា និងបានផ្ដល់បទពិសោធន៍អាជីពចម្រៀងទៅឲ្យកូនប្រុសទាំង៣ របស់លោក ក្នុងការត្រៀមស្នងតំណែងលោកនាពេលអនាគតផងដែរ បើទោះជាពេលនេះ លោកនិងតារាចម្រៀងខេមរៈ សិរីមន្ត កាន់តែមានការប្រជែងគ្នាកាន់តែខ្លាំងទៅៗក៏ដោយ។

មហាជនបានមើលឃើញថា ព្រាប សុវត្ថិ ដែលជាកូនកំព្រាឪពុកតាំងពីក្មេង បានវិវឌ្ឍន៍ខ្លួនក្លាយជាតារាមានទ្រព្យស្ដុកស្ដម្ភ និងមានមុខជំនួញជាច្រើនក្នុងដៃ នៅពេលនេះ ជាគំរូល្អមួយសម្រាប់តារាស្រករក្រោយ ព្រោះថាទោះជានាពេលខាងមុខ ព្រាប សុវត្ថិ ច្រៀងលែងកើត ក៏លោកមិនជួបផលវិបាកផ្នែកសេដ្ឋកិច្ចដែរ ព្រោះអ្វីៗពេលនេះលោកបានរៀបគម្រោងរកលុយ ក្រៅពីអាជីពសិល្បៈទៅហើយ៕