Tuesday, September 23, 2025
Homeតារាខ្មែរសុខ ពិសី នាយករដ្ឋមន្ត្រីសរសើរ

សុខ ពិសី នាយករដ្ឋមន្ត្រីសរសើរ

ភ្នំពេញ ៖ តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី បានទទួលការកោតសរសើរ និងអរគុណពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះទឹកចិត្តសប្បុរសធម៌របស់នាង ដែលបានបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កញ្ញាសុខ ពិសី បានបង្ហោះក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាងនូវលិខិតរបស់សម្តេចហ៊ុន សែន ជូនចំពោះនាង ដោយសម្តេចនាយករដ្ឋមន្ត្រី បានអរគុណនិងកោតសរសើរចំពោះនាងដែលបានបរិច្ចាគថវិកាជំនួយសម្រាប់ចូលរួមក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩។

ជាមួយនេះ កញ្ញាសុខ ពិសី បានសរសេរក្នុងទំព័រហ្វេសប៊ុកដដែលនោះថា “រួមគ្នាទប់ស្កាត់ជំងឺ (Covid-19)។ នាងខ្ញុំ សុខ ពិសី សូមជូនពរបងប្អូនជនរួមជាតិ ជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនកញ្ញាសុខ ពិសី តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់នាង ដែលបានបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លិខិតសម្តេចនាយករដ្ឋមន្ត្រី ជូនចំពោះកញ្ញាសុខ ពិសី មានខ្លឹមសារថា “ប្រជាជនកម្ពុជាយើង កំពុងតែប្រឈមនឹងហានិភ័យដែលបង្កឡើងដោយជំងឺរាលដាលកូវីដ-១៩ (Covid-19)។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះនាងកញ្ញា ដែលបានបរិច្ចាគនូវជំនួយជាថវិកាចំនួន២០០០ដុល្លារ (ពីរពាន់ដុល្លារ) អាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា។

សូមនាងកញ្ញា និងក្រុមគ្រួសារ បានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

សូមបញ្ជាក់ថា យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទឹកប្រាក់សរុបចំនួនជាង១៣លានដុល្លារអាមេរិក (១៣៥៩៧២៩៥ដុល្លារ) ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខារ ដូចជា ម៉ាសក៍ អាល់កុល សាប៊ូ សម្ភារៈពេទ្យ៘ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។

ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬមួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានចំនួន១៤៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ”៕

RELATED ARTICLES