តារាចម្រៀងសុខ មេសា ហៅនាយចឺម ដែលជាសង្សាររបស់ស្រីស្អាត អូនហ្វា ហ្វា បានឲ្យដឹងថា គ្រាន់តែនៅមេសា ឆ្នាំ២០២០នេះ នាយបានបាត់បង់ការប្រគំតន្ត្រីអស់ពីខ្លួនតែម្ដង ព្រោះកូវីដ១៩នេះ ហើយការប្រគំន្រ្ដីទាំងឡាយត្រូវបានលុបចោលទាំងអស់។

នាយថា បើនិយាយតែខែមេសា នេះ១ នាយត្រូវបានគេកក់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ពោលគឺ១ខែពេញតែម្ដង អីចឹងចំនួនលុយដែលត្រូវខាតបង់ក៏មានចំនួនច្រើនគួរសមដែរ។
ទោះជាយ៉ាងណា នាយចឺម ថា មិនមានការសោកស្ដាយខ្លាំងពេកទេ ព្រោះតារាផ្សេងក៏បានជួបប្រទះរឿងដូចនាយដែរ ហើយអំឡុងពេលដែលនាយលែងមានការប្រគំតន្ត្រីធំៗច្រៀងតាមខេត្តទៀតនេះ នាយមិនបានជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ ព្រោះថា ការរកលុយបានពីឆ្នាំមុនៗ នាយបានសន្សំប្រាក់បានមួយចំនួនដែរ។

នាយចឺម ថ្លែងថា ”ខ្ញុំនិយាយតែនៅខែមេសា ហ្នឹង១សិន គឺខែនេះគេកក់ខ្ញុំពេញទាំងអស់តែម្ដង ហើយឥឡូវគេលុបចោលទាំងអស់វិញ។ ប៉ុន្ដែបើនិយាយពីការវល់ខ្លាំងតែម្ដង គឺមានចាប់តាំងពីខែមីនា រហូតដល់ខែឧសភា ឯណោះ។ ចំពោះខ្ញុំមិនជាស្ដាយការបាត់ប្រាក់ចំណូលទាំងអស់នោះខ្លាំងទេ ដោយសារតែតារាផ្សេងទៀតក៏ជួបរឿងដូចខ្ញុំអីចឹងដែរ ហើយយើងចូលរួមយុទ្ធនាការប្រឆាំងកូវីដ១៩ទាំងអស់គ្នា។
នាយចឺម បន្ថែមថា “ចំណែករឿងសេដ្ឋកិច្ចរបស់ខ្ញុំ ចំណូលធ្លាក់ចុះមែន តែយើងមិនពិបាកខ្លាំងណាស់ណាទេ ទោះជាខ្ញុំនៅជាប់បង់ធនាគារខ្លះៗមែន ប៉ុន្តែកាលពីឆ្នាំមុនៗ យើងរកលុយបានច្រើនដែរ អីចឹងខ្ញុំបានសន្សំបានខ្លះៗ ហើយពេលរកលែងសូវបាននេះ បានលុយហ្នុងសម្រាប់ទប់។ ម្យ៉ាងទៀតឥឡូវខ្ញុំនៅចេញច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ សឹងរាល់សប្ដាហ៍ដែរ អីចឹងរកបានតក់ដែរ”។

តាមរយៈការអះអាងរបស់នាយចឺម ថា ខាតលុយធំ ១ខែ បាត់៣០កម្មវិធីនេះ បញ្ជាក់ថា តារាសាន់ដេ រូបនេះ បាត់លុយមិនក្រោម៦ម៉ឺនដុល្លារឡើយ ក្នុងខែមេសា នោះ ព្រោះនាយចឺម ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី២ពាន់ដុល្លារឡើង។ ប៉ុន្ដែទោះជានាយចឺម ធ្លាក់ប្រាក់ចំណូលយ៉ាងណា ក៏ថ្មីៗនេះសង្សារសំណព្វចិត្តរបស់នាយ ស្រីស្អាតអូនហ្វា ហ្វា បានលើកទឹកចិត្តនាយតាមរយៈការធ្វើខួបកំណើតឲ្យទាំងកណ្ដាលរាត្រីតែម្ដង។

នាយចឺម ដែលធ្លាប់ភ្លាត់ស្នៀតរបូតសង្សារម្ដងដល់ទៅ២ គឺស្រីស្អាតពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី នោះ បានប្រាប់អ្នកកាសែតថា នាយមិនទាន់អាចនិយាយរឿងថា ពេលណា ទើបអាចរៀបការជាមួយសង្សារថ្មីអូនហ្វា ហ្វា បានទេ ព្រោះថា ប្ដីប្រពន្ធខ្លះគង់នៅមានបែកគ្នា ចុះទម្រាំឋានៈនាយ ត្រឹមជាសង្សារនឹងគ្នា មានរឿងអីដែលថា មិនអាចប្រែប្រួលបានទៅ?

អំឡុងពេលដែលជំងឺកូវីដ១៩ ធ្វើឲ្យនាយចឺម បាត់លុយធំនេះតារាចម្រៀងសាន់ដេ រូបនេះ ក៏បានចេញបទមច្រៀង១បទ ទាក់ទងនឹងជំងឺនេះដែរ តាមរយៈបទ”ឆ្នាំឯកា” ដែលផ្ដោតអត្ថន័យលើសាច់ញាតិមិនបានទៅជួបគ្នានៅស្រុកកំណើតបាន ដោយសារតែជំងឺកូវីដ១៩នេះ។

ដោយឡែក សង្សាររបស់នាយចឺម អូនហ្វា ហ្វា វិញ រយៈពេលចុងក្រោយនេះបានតុបតែងខ្លួនកាន់តែសិចស៊ីចម្លែកជាងមុន ដើម្បីចងចិត្តម្ចាស់បទ ”សង្សារបងទេ អាស្វា”កុំឲ្យបែកឆ្វេងងាកទៅលួចស្នេហ៍ស្រីផ្សេង ដែលអាចប្រឈមការដេរ៥ថ្នេរទៀត៕