ភ្នំពេញ ៖ បុរសអាមេរិកម្នាក់ ដោយសារតែស្រលាញ់និងចង់រស់នៅកម្ពុជា ក៏សុខចិត្តលក់ទ្រព្យសម្បត្តិដែលមាននៅប្រទេសកំណើតនោះ មករស់នៅស្រុកខ្មែរ ដោយសង្ឃឹមថា នឹងបានសេចក្តីសុខ ប៉ុន្តែទីបំផុតត្រូវប្អូនធម៌ខ្មែរ ពីរនាក់ប្តីប្រពន្ធបោកយកប្រាក់គាត់ហ្មត់រលីងពីខ្លួន ហើយទៅប្តឹងតុលាការ ក៏តុលាការឥតចាត់ការទៀត ទើបគាត់សម្រេចរត់មករកលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្ស ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី ឱ្យជួយរកយុត្តិធម៌ដល់រូបលោក។
បុរសជនជាតិអាមេរិក ដែលត្រូវប្អូនធម៌ខ្មែរ បោកយកលុយអស់នេះ មានឈ្មោះថម អូប្រៀនចចរ៉ាល់ឡែន (Tom Obriengeor gerallen)។ ចំណែកប្អូនធម៌ខ្មែរពីរនាក់ប្តីប្រពន្ធដែលបោកយកលុយគាត់នោះ មិនស្គាល់អត្តសញ្ញាណទេ។
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ថា “សុំកុំស្រេកឃ្លានប្រយោជន៍ រហូតសុខចិត្តបោកជនជាតិបរទេសដែលនាំឱ្យជាតិអាប់ឱនកេរ្តិ៍ឈ្មោះ។ ជនជាតិអាមេរិក ឈ្មោះថម បានមកប្តឹងខ្ញុំដើម្បីឱ្យខ្ញុំជួយអន្តរាគមន៍ និងពិនិត្យមើលចំណាត់ការរបស់ព្រះរាជអាជ្ញា ជុំវិញការតម្កល់រឿងឥតចាត់ការ ពាក់ព័ន្ធករណីជនជាតិខ្មែរ ២នាក់ប្តីប្រពន្ធឆបោកប្រាក់របស់គាត់អស់ពីខ្លួន។
ការសាកសួរបឋម និងជាការអះអាងរបស់ជនរងគ្រោះជនជាតិបរទេសរូបនេះ មានឈ្មោះពេញ Obrien georgerallen ជនជាតិអាមេរិកាំង ជាអ្នកនេសាទម្នាក់នៅរដ្ឋអាឡាស្កា និងជាមនុស្សកំព្រាម្តាយឪពុកស្លាប់អស់ គ្មានបងប្អូន ប្រពន្ធកូនឡើយ។ គាត់បានស្រលាញ់កម្ពុជា និងចង់រស់នៅរហូតដល់ស្លាប់នៅកម្ពុជា ទើបសម្រេចចិត្តលក់ទូកនេសាទ និងទ្រព្យសម្បត្តិបានសរុបប្រមាណជាង៣០ម៉ឺនដុល្លារ និងពឹងពាក់ប្អូនធម៌ជាជនជាតិខ្មែរ ដើម្បីជួយឈរឈ្មោះទិញដី ដើម្បីបានរស់នៅខ្មែរ។ ក្រោយមកជនជាតិខ្មែរនោះបានឆបោកគាត់យកដីទាំងអស់ ធ្វើឱ្យគាត់បានរលាយគ្រប់យ៉ាង ហើយគាត់បានប្តឹងទៅតុលាការដើម្បីរកយុត្តិធម៌ តែតុលាការបានតម្កល់រឿងឥតចាត់ការ។

ករណីនេះ ខ្ញុំកំពុងពិនិត្យលទ្ធភាពក្នុងការស៊ើបអង្កេតបន្ថែមដើម្បីរកភ័ស្តុតាងរៀបចំសំណុំរឿងទៅសម្តេចតេជោ ប្រសិនជារកឃើញថា ព្រះរាជអាជ្ញារង ពិតជាតម្កល់រឿងឥតចាត់ការ ដោយភាពមិនប្រក្រតីណាមួយនៃការអនុវត្តច្បាប់។ ដោយឡែកខ្ញុំបានណែនាំដល់គាត់ ឱ្ប្តឹងបន្តទៅសាលាឧទ្ទរណ៍ បន្ថែមទៀត ដើម្បីជំទាស់ការតម្កល់រឿងរបស់តំណាងអយ្យការសាលាដំបូងខេត្តកំពត”។
“នគរធំ” បានព្យាយាមទាក់ទងលោកថម ដើម្បីសាកសួរបន្ថែមជុំវិញរឿងប្អូនធម៌ ខ្មែរបោកលុយ និងដីនេះដែរ តែមិនបានសម្រេចទេ កាលពីម្សិលមិញ។
ទោះបីយ៉ាងណា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោកថម បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកថា “រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំត្រូវការអ្នកជួយ ខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងនៅទីនេះ សូមជួយខ្ញុំផង! ជីវិតខ្ញុំឯកោនៅទីនេះ”។
លោកថម បានសរសេរបន្ថែមនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ថា “កម្ពុជា ខ្ញុំស្រលាញ់អ្នក ជីវិតខ្ញុំក្រៀមក្រំណាស់នៅកំពត ខ្ញុំចាកចេញពីប្រទេសខ្ញុំ លក់ទ្រព្យសម្បត្តិទាំងអស់មករស់នៅស្រុកខ្មែរ ជីវិតរបស់ខ្ញុំសន្សំនៅទីនេះ ខ្ញុំបានសាងសង់ផ្ទះក្នុងក្តីសុបិនរបស់ខ្ញុំនៅតាមដងទន្លេតូចមួយនៅលើផ្លូវខេត្តកែប។
នៅពេលខ្ញុំចូលនិវត្តន៍ ខ្ញុំជាអ្នកនេសាទ មកពីអាឡាស្កា ខ្ញុំធ្វើការយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំទុកចិត្តភ្នាក់ងារអចលនទ្រព្យក្នុងស្រុក និងទិញដីចំនួន៦ឡូត៍ នៅតាមដងទន្លេតូច និងរៀបចំសាងសង់ផ្ទះក្នុងក្តីសុបិនរបស់ខ្ញុំក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

ខ្ញុំមានមនុស្សជាច្រើនដែលមានមិត្តល្អជាមួយសហគមន៍នេសាទមូស្លីម នៅក្នុងភូមិដែលជួលមនុស្សជាច្រើន។ អ្នកស្រុកនឹងជួយចេញតាមការស្នើសុំ។ ជាអកុសល ភ្នាក់ងារក្នុងតំបន់បានលក់ដីគាត់ដោយគ្មានប័ណ្ណកម្មសិទ្ធិពិត ហើយបើទោះបីជាត្រូវបានក្លាយជាមិត្តក្លែងបន្លំក៏ដោយ… ជាអកុសល គាត់គឺជាភ្នាក់ងារដែលបានបង្កើតឡើងយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ដែលនៅតែធ្វើប្រតិបត្តិការ រហូតមកដល់សព្វថ្ងៃ។ ភាពតក់ស្លុតនៃឧក្រិដ្ឋកម្ម អាចសម្លាប់បុរសស្មោះត្រង់ដែលមានវ័យ ចំណាស់ម្នាក់យ៉ាងងាយ…។
ដូច្នេះភ្នាក់ងារនេះ អាចនៅតែមានច្រើនជាងបទឧក្រិដ្ឋក្លែងបន្លំប្រឆាំងនឹងឈ្មោះរបស់គាត់។ វាក៏ជាបទឧក្រិដ្ឋប្រឆាំងនឹងពលរដ្ឋដែលគួរឱ្យទុកចិត្តនៃអាឡាស្កា និងកំពត ផងដែរ ពីព្រោះឧក្រិដ្ឋកម្ម អាក្រក់បំផុតនឹងក្លាយជាការព្រមានដល់ជនបរទេសទាំងអស់ ហើយអាចនឹងទទួលបានការ ផ្សព្វផ្សាយកាន់តែទូលំទូលាយនៅក្នុងកាសែត និងទូរទស្សន៍អន្តរជាតិ…។

ជាពិសេសនៅពេលដែលការផ្សព្វផ្សាយតាមបណ្តាញសង្គមនេះ ទំនងជានឹងត្រូវបានរីករាលដាល …។ ប្រហែលជាការពិត នឹងក្លាយជាដែកគោលនៅក្នុងមឈូសរបស់ភ្នាក់ងារអចលនទ្រព្យ ដែលមិនស្មោះត្រង់នេះ…។ ខ្ញុំដឹងថា គាត់ជានរណា …។ ដូច្នេះ តើអ្នករាល់គ្នានៅខេត្តកំពត …។

ខ្ញុំពិតជាតូចចិត្តចំពោះរឿងសោកសៅរបស់ខ្ញុំ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា។ ខ្ញុំគិតថា ខ្ញុំនឹងផ្ញើជីវិតរបស់ខ្ញុំនៅទីនេះ ខ្ញុំមិនមានគ្រួសារទេ ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជា ផ្តល់ឱ្យខ្ញុំនូវជីវិតសន្តិភាព ប៉ុន្តែ អ្វីៗទាំងអស់វាគ្រាន់តែជាសុបិនសម្រាប់ខ្ញុំ ខ្ញុំចង់បានយុត្តិធម៌”។

លោកថម បានសរសេរបន្ថែមទៀតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ថា “ប្រទេសកម្ពុជា ខ្ញុំនៅតែស្រឡាញ់អ្នក ហើយនឹងស្រឡាញ់អ្នកជារៀងរហូត! សូមអរគុណលោកផែង វណ្ណៈ និងលោកវីល្លៀម ដែលបានព្យាយាម និងមានឆន្ទៈជួយខ្ញុំ។ ខ្ញុំពិតជាមានអំណរគុណណាស់ចំពោះរឿងនោះ។

ខ្ញុំមិនមានអារម្មណ៍ឯកោទៀតទេ នៅពេលដែលខ្ញុំបានឃើញការលើកទឹកចិត្តទាំងអស់ពីយោបល់របស់អ្នក។ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ខ្លាំងណាស់។ ខ្ញុំជឿថា យុត្តិធម៌ និងកម្មផល នឹងមាននៅក្នុងលោកនេះ។

អរគុណម្តងទៀត សម្រាប់ការគាំទ្រ បុរសកម្សត់ចំណាស់ម្នាក់នេះ នឹងមិនក្រៀមក្រំទៀតទេ ខ្ញុំនឹងបន្តស្វែងរកយុត្តិធម៌ ហើយសូមជួយខ្ញុំផង ព្រោះខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេ បើគ្មានជំនួយពីអ្នក”៕
កុលបុត្រ