Saturday, March 28, 2026
Homeសង្គម និងជីវិតភរិយាលោកស៊ីន ស៊ីសាមុត ចូលពេទ្យ សង្គ្រោះបន្ទាន់

ភរិយាលោកស៊ីន ស៊ីសាមុត ចូលពេទ្យ សង្គ្រោះបន្ទាន់

ខេត្តស្ទឹងត្រែង ៖ ឧត្ដមភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយឧបាសិកា ខាវ ថងញ៉ុត ដែលមានវ័យជរា រស់នៅខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ បន្ទាប់ពីជំងឺសួត របស់លោកយាយ ធ្វើទុក្ខខ្លាំង ពិបាកដកដង្ហើម ។

 តាមប្រភពក្រុមគ្រួសារ កូនចៅលោកស៊ីន ស៊ីសាសាមុត បានឲ្យដឹងថា កាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អាការជំងឺលោកយាយ ខាវ ថងញ៉ុត ធ្វើទុក្ខខ្លាំង បណ្តាលឲ្យស្ទះខ្យល់ ដកដង្ហើមមិនចង់ដល់គ្នា ធ្វើឲ្យកូនចៅភ័យស្លន់ស្លោ ប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ ទាំងយប់ ។

 បើតាមអ្នកស្រី ញូ មារតី ត្រូវជាចៅស្រីរបស់លោកយាយ ខាវ ថងញ៉ុត បានប្រកាសតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ថា ជីដូនរបស់អ្នកស្រី ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយទើបតែបានថតសួតរួចហើយ សូមឲ្យអ្វីគ្រប់យ៉ាងប្រសើរឡើងវិញឆាប់ៗ ។

 ដោយឡែក ប្រភពស្និទ្ធនឹងគ្រួសារលោកយាយ ខាវ ថងញ៉ុត បង្ហើបថា ក្នុងជីវិតចុងក្រោយនេះ លោកយាយ មិនបានសោយសុខក្នុងនាមជាភរិយាអធិរាជសំឡេងមាស នោះទេ ព្រោះតែជីវភាពខ្វះខាត ដោយសព្វថ្ងៃ លោកយាយ រស់នៅពឹងអាស្រ័យនឹងចៅស្រីម្នាក់ ដែលជាគ្រូបង្រៀន ក្នុងខេត្តស្ទឹងត្រែង ដែលហ៊ុមព័ទ្ធដោយបំណុលជុំទិស សូម្បីផ្ទះ ក៏ប្រកាសលក់ដែរ។ តួយ៉ាងនៅថ្ងៃលោកយាយត្រូវជំងឺធ្វើទុក្ខខ្លាំង ដំបូងបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែដោយត្រូវចំណាយច្រើន គ្មានលទ្ធភាព ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង វិញ។

 ជុំវិញបញ្ហានេះ អ្នកស្រី ញូ មារតី ជាចៅស្រី ទទួលស្គាល់ថា ក្រុមគ្រួសាររបស់អ្នកស្រីដែលទទួលបន្ទុកមើលថែជីដូន ពិតជាកំពុងជួបការលំបាកមែន ប៉ុន្តែអ្នកស្រី មិនបានត្អូញត្អែរពីការលំបាកក្នុងការមើលថែជីដូននេះ ឲ្យអ្នកណាដឹងទេ គ្រាន់តែចង់បញ្ជាក់ពីទឹកចិត្តរបស់ជីដូនថា គាត់មិនដែលចង់បានអ្វីពីកូនចៅទេ ខណៈដែលពេញមួយជីវិតនេះ គាត់រ៉ាប់រងចិញ្ចឹមទាំងអស់ ទាំងកូនបង្កើត កូនប្រសា ចៅ និងចៅទួត ទៅតាមលទ្ធភាពតិចឬច្រើន ។ ដូច្នេះកូនចៅប្រុសស្រី ត្រូវសួរសុខទុក្ខ ត្រូវបារម្ភ និងធ្វើល្អជាមួយគាត់ នៅពេលគាត់នៅដឹងខ្លួន បើលែងដឹងខ្លួនហើយ ទោះចង់ធ្វើអ្វីឲ្យគាត់ ក៏គ្មានន័យដែរ ។

  អ្នកស្រី ញូ មារតី បានសរសេរថា “ត្រូវសួរសុខទុក្ខ ត្រូវបារម្ភ ត្រូវធ្វើល្អជាមួយគាត់ តែពេលគាត់នៅដឹងខ្លួនទេ បើមនុស្សលែងដឹងឮហើយ ទោះចង់ធ្វើអ្វីឲ្យគាត់ ក៏គ្មានន័យដែរ ។ មនុស្សចាស់ មិនដែលចង់បានអ្វីលើសពីការសួរសុខទុក្ខពីកូនចៅ សាច់ញាតិ និងអ្នកដែលគាត់ស្រលាញ់ទេ លុយវាសំខាន់ពិតមែន នៅពេលដែលគាត់ឈឺម្តងៗ តែម៉ាក់យាយម្នាក់នេះ មិនដែលចង់បានអ្វីពីកូនចៅទេ មួយជីវិតរបស់ម៉ាក់យាយ គាត់រ៉ាប់រងចិញ្ចឹមទាំងអស់ ទាំងកូនកូនប្រសា ចៅ និងចៅទួត (តាមតិចតាមច្រើន) ។ ខ្ញុំសសេរនេះ មិនបានត្អូញត្អែរថា ខ្ញុំលំ បាកក្នុងការមើលថែគាត់ទេ  តែចង់ប្រាប់ថា ម៉ាក់យាយម្នាក់នេះ ធ្វើគ្រប់យ៉ាង ដើម្បីកូនចៅ មិនចង់ទទួល សំណងអ្វីទាំងអស់ ក្រៅពីការនឹករលឹកគាត់តែមួយមុខគត់ ។ ស៊ូៗក្មេងតូច យើងនឹងឆ្លងកាត់ការលំបាកនេះជាមួយគ្នា” ។

 លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារលោកយាយ ខាវ ថងញ៉ុត បានប្រកាសប្រាប់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងស្ថានភាពអាកាសធាតុឡើងកម្តៅខ្លាំង បានធ្វើឲ្យមនុស្សដែលមានសុខភាពទន់ខ្សោយ ចាស់ជរា ធ្លាក់ខ្លួនឈឺ គឺពេលនេះ លោកយាយ ខាវ ថងញ៉ុត ឧត្តមភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានធ្លាក់ខ្លួនឈឺផងដែរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ ដូច្នេះលោកសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាលោកយាយ ខាវ ថងញ៉ុត ឆាប់បានជាសះស្បើយឡើងវិញឆាប់ៗ ។

 គួរបញ្ជាក់ថា ឆ្នាំនេះ លោកយាយ ខាវ ថងញ៉ុត មានអាយុ៨៨ឆ្នាំ ។ លោកយាយ បានរៀបអាពាហ៍ពិពាហ៍ជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត តាំងពីឆ្នាំ១៩៤៩  ដែលលោកទាំងពីរនាក់ ជាបងប្អូនជីទួតមួយនឹងគ្នា ព្រមទាំងមានបុត្រ ចំនួន ៤នាក់ រួមមាន : ១-  លោកស្រី ស៊ីន យុទ្ធនា ទី២- លោក ស៊ីន ចន្ទឆាយា ទី៣- លោក ស៊ីន វន្ថា (ស្លាប់) និង៤- លោក ស៊ីន ប្រាសាទសង្ខា (ស្លាប់) ។ មកដល់ពេលនេះ លោកយាយ ខាវ ថងញ៉ុត មានចៅ និងចៅទួត ជាច្រើននាក់ ៕

RELATED ARTICLES