Saturday, March 28, 2026
Homeព័ត៌មានជាតិឆ្លងកាត់វិបត្តិប្រេង កម្ពុជា គួរបន្តគិតគូរពីអណ្តូងប្រេងនៅខេត្តព្រះសីហនុ

ឆ្លងកាត់វិបត្តិប្រេង កម្ពុជា គួរបន្តគិតគូរពីអណ្តូងប្រេងនៅខេត្តព្រះសីហនុ

ភ្នំពេញៈ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា ឆ្លងកាត់វិបត្តិប្រេងនៅពេលនេះ កម្ពុជា ដែលជាប្រទេសពឹងផ្អែកទាំងស្រុង ការនាំប្រេងចូលពីបរទេស គួរបន្តគិតគូរពីអណ្ដូងប្រេង នៅខេត្តព្រះសីហនុ ដើម្បីធ្វើអាជីវកម្មបូមប្រេង ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា “ កម្ពុជាអាចជជែកជាមួយក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក Chevron ឡើងវិញ រឿងអណ្តូងប្រេងនៅតំបន់ឈូងសមុទ្រខេត្តព្រះសីហនុ ដែលកម្ពុជាធ្លាប់អះអាងកន្លងមក តំណក់ប្រេង ១២ ១២ ២០១២ តើដល់ណាទៅហើយ? “ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា បើរដ្ឋាភិបាលមានមហិច្ឆតាក្នុងការធ្វើឲ្យប្រទេសខ្លាំងរឹងមាំក្នុងផ្នែកសេដ្ឋកិច្ច ដើម្បីជួយសម្រាលដល់កត្តាជីវភាពរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋដែលត្រូវការប្រើនូវថាមពលប្រេងឥន្ធនៈ វាជារឿងល្អ ដែលត្រូវតែគិតគូរឡើងវិញអំពីការខួងអណ្ដូងប្រេងកាត ពីព្រោះកាលសម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ សុទ្ធតែយើងទទួលបានផលប្រេងពីតំបន់សមុទ្រដែលមានប្រេងកាតនេះដែរ ។ ដូច្នេះវិបត្តិជាសកលនៃថាមពលប្រេងឥន្ធនៈ បើមានឆន្ទៈ លោកជឿថា កម្ពុជា អាចធ្វើបាន ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំថា វាជាឱកាស ជាមេរៀន ជាបទពិសោធន៍ ដែលមិនត្រឹមតែកម្ពុជាមួយ ត្រូវតែតែមានអណ្ដូងប្រេងកាតខ្លួនឯងទេ គឺថា ត្រូវតែវិនិយោគផ្នែកថាមពលហ្នឹង ព្រោះយើងដឹងហើយថា វិបត្តិជាសកលនៃថាមពលប្រេងឥន្ធនៈ ប្រទេសណាក៏វាមានដែរ ដោយសារបញ្ហាប្រទេសអ៊ីរ៉ង់ សង្រ្គាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកហ្នឹង គឺបើយើងគិត ទោះបីជាមានការឈានទៅរកការចរចាក្នុងពេលឆាប់ៗខាងមុខ ក៏យើងត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការផលិតប្រេង កន្លែងបូមប្រេង ស្ថានីយនាំប្រេងចេញពីតំបន់មជ្ឈិមបូព៌ា មិនគ្រាន់តែប្រទេសអ៊ីរ៉ង់ទេ ប្រទេសផ្សេងៗ ដែលរងការធ្វើសង្រ្គាមមក៤សប្ដាហ៍នេះ គឺយើងឃើញថា វិបត្តិប្រេងឡើងថ្លៃកប់ពពក ទៅតាមតម្លៃទីផ្សារជាក់ស្ដែង ។ អ៊ីចឹងហើយវាប៉ះពាល់ទៅគ្រប់តំបន់ដែលត្រូវការប្រេងឥន្ធនៈប្រើប្រាស់ ។ អ៊ីចឹងសម្រាប់កម្ពុជា យើងត្រូវមានអ្វីដែលយើងអាចធ្វើដោយខ្លួនយើងបាន វិនិយោគនូវប្រេងឥន្ធនៈ គឺដូចកន្លងមក យើងមានការខួងយកប្រេងនៅតំបន់ខេត្តកំពង់សោម ឬក៏កោះកុង ឈូងសមុទ្រជាប់នឹងព្រំដែនថៃអីហ្នឹង គឺដូចជាមានជាមួយក្រុមហ៊ុនឆេវើរ៉ុន ក្រុមហ៊ុនរុស្ស៊ី ឬក៏ក្រុមហ៊ុនផ្សេងៗ បារាំង អីជាដើម  “។

លោកមាជ សុវណ្ណារ៉ា បន្តថា “អ៊ីចឹងហើយអាហ្នឹងហើយជាអ្វីដែលយើងអាចធ្វើបាន យើងធ្វើខ្លួនយើង យើងមានដង្ហើមយើងដក ទោះបីវាមិនមានកម្រិតថាឲ្យបានមួយរយភាគរយ ក៏វាជួយចែករំលែកគ្នា៥០% នៃការនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេស ហើយនិងរបស់យើងមានស្រាប់អីទៅ គឺថា យើងកែច្នៃគ្រប់បែបយ៉ាង ថែមទាំងឧស្ម័ន ហ្គាស់អីជាដើម ខ្ញុំថា កម្ពុជាអាចធ្វើបាន បើសិនជាយើងមានឆន្ទៈ យើងគិតអំពីអនាគតពេ្រងវាសនារបស់ប្រទេសជាតិ ពិសេសកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ខ្ញុំថា បើរដ្ឋាភិបាលមានមហិច្ឆតាក្នុងការធ្វើឲ្យប្រទេសខ្លាំងរឹងមាំក្នុងផ្នែកសេដ្ឋកិច្ច ក្នុងផ្នែកជួយសម្រាលដល់កត្តាជីវភាពរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋដែលគាត់ត្រូវការប្រើនូវថាមពលប្រេងឥន្ធនៈ សាំង ប្រេង ម៉ាស៊ូត ក៏ដូចជាឧស្ម័ន ហ្គាស់អីហ្នឹង គឺថា វាជារឿងល្អ ដែលយើងត្រូវតែគិតគូរឡើងវិញអំពីការខួងអណ្ដូងប្រេងកាតអីជាដើមហ្នឹង គឺថា យើងធ្លាប់ហើយ កាលសម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ សុទ្ធតែយើងទទួលបានផលប្រេងពីតំបន់សមុទ្រដែលមានប្រេងកាត ឬក៏តំបន់ត្រួតស៊ីគ្នា ជាមួយនឹងឈូងសមុទ្រថៃ នៃប្រទេសថៃ ដូចនៅក្បែរកោះគត់ ក្បែរកោះផ្សេងៗ នៅខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ អីជាដើមហ្នឹង “ ។

សូមរំលឹកថា កម្ពុជា ​ទទួល​បាន​តំណក់​ប្រេង​លើកដំបូង​របស់​ខ្លួន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​ការ​ទន្ទឹងរង់ចាំ​អស់​រយៈកាល​ដ៏​យូរ​ កន្លងមក ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង ​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​កាចាប់ផ្តើម​បូម​ប្រេង​ជា​លើកដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់​សង្គ្រាម ​នាំមក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​  របស់​សម្តេច​ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​។

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន ប្រកាស​តាម​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​សម្តេច ​ពីដំណឹងរីករាយសម្រាប់កម្ពុជា ពីការចាប់ផ្តើមផលិតកម្មប្រេងដំបូង របស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា នៅពេលនោះថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ហើយនេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា ។ សម្ដេចបានបញ្ជាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះ យើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេង របស់យើង។ តំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី២៩ ធ្នូ ១៩៩៨ បង្កលក្ខណសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ ២០២០ ។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកនៅពេលនោះថា កិច្ចព្រមព្រៀងប្រេងកាតដំបូង ត្រូវបានចុះនៅឆ្នាំ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច។

តាមផែនការនោះ ផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនឹងផែនការអភិវឌ្ឍនិងអាជីវកម្ម ស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរ ត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជា ផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ ២០១២ ក៏ត្រូវបានរាំងស្ទះ មិនអាចអនុវត្តបាន ។

ការចរចាកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ រវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចាដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ២០១៤ និង២០១៦។ ការចរចាត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្ម ជារួមមាន ៖ ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរ នៅថ្ងៃទី០៧ កញ្ញា ២០២០។ កប៉ាល់ផលិតកម្មប្រេង បានដំឡើង ជួសជុល និងបំពាក់សម្ភារៈបរិក្ខាររួចរាល់ នៅខែ កញ្ញា ២០២០ នៅប្រទេសសិង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់ នៅប្លុក A នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់ នៅប្លុក A នៅថ្ងៃទី០៩ ខែវិច្ឆិកា ២០២០។

ជាការកត់សម្គាល់ផងដែរ កែវតំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាត របស់ព្រះរាជាណាចក្រកម្ពុជា ​ត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរ ដើម្បីតម្កល់ទុកជាប្រវត្តិសាស្ត្រ នៅវិមានឈ្នះ-ឈ្នះ ។ ក្នុងនោះ អត្ថន័យសំខាន់ៗ នៃកែវតំណក់ប្រេងដំបូង របស់កម្ពុជា រួមមាន៖

១- កែវតំណក់ប្រេង មានទម្រង់ក្រពុំឈូក ឬស្លឹកពោធិ៍ តំណាងឱ្យ ភាពរុងរឿង បរិសុទ្ធ ការ​ចម្រើន​លូត លាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវតំណក់ប្រេង មានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាង​ឱ្យថ្ងៃទី២៩ ដែលទទួលបានតំណក់ប្រេងដំបូង របស់កម្ពុជា។

២-ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រហូតទទួលបាននូវលទ្ធ​ផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើង​ពាន​ត្របក​ឈូក មានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានតំណក់ប្រេង​ដំបូង ​របស់កម្ពុជា។

៣-​ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំប្រឹងប្រែងធ្វើការងារ ទាញយកភោគផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋាន ជើងបាត មានកម្ពស់ ២០សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានតំណក់ប្រេងដំបូង របស់កម្ពុជា។

៤-ក្បាច់កញ្ចាំងភ្ញីភ្លើ ងលម្អដោយនាគក្បាលបី តំណាងឲ្យ តេជះ ភាពចម្រុងចម្រើន សម្បូរ​សប្បាយ ​និងតំណាងឲ្យឆ្នាំរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជា​ណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវតំណក់ប្រេងដំបូង របស់កម្ពុជា។

៥-និមិត្តរូបរួមនៃតំណក់ប្រេងដំបូង របស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាតំណក់ កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា “តំណក់ប្រេងដំបូងរបស់កម្ពុជា” ។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងដំណើរវិវត្តនៃវិស័យថាមពលនៅកម្ពុជា ចាប់ពីចុងឆ្នាំ២០២០ រហូតដល់ខែមីនា ឆ្នាំ២០២៦នេះ អ្នកនយោបាយ និងអ្នកវិភាគ តាមដានសង្គម បានធ្វើការកត់សម្គាល់ថា គឺជាមេរៀនដ៏សំខាន់មួយដែលបង្ហាញពីការលំបាកក្នុងការទាញយកធនធានធម្មជាតិ មកប្រើប្រាស់ ព្រោះថា ទោះបីជាកម្ពុជា មានសក្តានុពលប្រេងក្នុងដីក៏ដោយ ក៏នៅតែជួបឧបសគ្គផ្នែកគ្រប់គ្រង និងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដដែល ។ ជាក់ស្ដែង មកដល់ដើមឆ្នាំ២០២៦នេះ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងការសម្រេចចិត្តយ៉ាងម៉ត់ចត់បំផុត។ បន្ទាប់ពីកម្ពុជា ធ្លាប់មានមោទនភាពថា ខ្លួនជាប្រទេសផលិតប្រេងបាន ក្នុងរយៈពេលខ្លី កាលពីខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលទ្ធផលមិនសមប្រកបនោះទេ ដែលនាំឱ្យបច្ចុប្បន្ន កម្ពុជា ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពដែលត្រូវពឹងផ្អែកលើការនាំចូលប្រេង ពីក្រៅប្រទេស ទាំងស្រុងវិញ។ ការពឹងផ្អែកលើការនាំចូលនេះ បានក្លាយជាបញ្ហាធំនៅដើមឆ្នាំ ២០២៦ ដោយសារមានចលាចលនយោបាយក្នុងពិភពលោក ដែលបង្កឱ្យកើតមានវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។ ពោលគឺទោះបីជាមានការរំពឹងទុកខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធផលជាក់ស្តែងនៃការបូមប្រេង គឺខុសគ្នាឆ្ងាយណាស់ពីអ្វីដែលរដ្ឋាភិបាល បានប៉ាន់ស្មានទុក។

កាលពីដំបូង គេគិតថាប្លុក A អាចមានប្រេង រហូតដល់ ៧០០លានបារ៉ែល និងអាចបូមបាន ៧,៥០០ បារ៉ែល ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលក្រុមហ៊ុន គ្រីស អេនើជី ចាប់ផ្តើមបូមដោយប្រើអណ្តូងចំនួន ៥ របស់ខ្លួន ពួកគេបែរជាជួបការលំបាកតាំងពីដំបូងទី។ នៅដើមឆ្នាំ២០២១ ការបូមប្រេងជាក់ស្តែង ធ្វើបានត្រឹមតែចន្លោះពី ១,០០០ ទៅ ៣,៥០០ បារ៉ែលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដោយសារស្ថានភាពភូមិសាស្ត្រនៅតំបន់អប្សរា មានលក្ខណៈបែកខ្ញែកគ្នាខ្លាំង ដែលធ្វើឱ្យប្រេងក្នុងអណ្តូងនីមួយៗ ឆាប់អស់យ៉ាងលឿន។ បញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុន គ្រីស អេនើជី (Kris Energy) ជួបវិបត្តិហិរញ្ញវត្ថុភ្លាមៗ រហូតដល់ត្រូវប្រកាសរំលាយក្រុមហ៊ុន ក្នុងខែមិថុនា ឆ្នាំ២០២១ ព្រោះតែបំណុលច្រើនលើសលប់ ហើយប្រាក់ចំណេញពីការលក់ប្រេង មិនគ្រប់គ្រាន់សម្រាប់សងបំណុលឡើយ។ បន្ទាប់ពីការបញ្ឈប់សកម្មភាព ក៏មានរឿងចម្រូងចម្រាសតាមផ្លូវច្បាប់ជាមួយនាវាដឹកប្រេងឈ្មោះ អឹមធី ស្រ្តូវ៉ូឡូស (MT Strovolos) ដែលបានដឹកប្រេងឆៅដែលបូមបានចាកចេញពីទឹកដីកម្ពុជា បង្កឱ្យមានការតតាំងគ្នាជាអន្តរជាតិ ដើម្បីទាមទារយកប្រេងនោះមកវិញ។ ទោះបីជាបញ្ហានេះ ត្រូវបានដោះស្រាយនៅឆ្នាំ២០២២ក៏ដោយ ក៏ការរុករកប្រេងក្នុងសមុទ្រកម្ពុជា នៅតែបន្តជាប់គាំងរហូតមកដល់ខែមីនា ឆ្នាំ ២០២៦ នេះ ដែលធ្វើឱ្យសក្តានុពលប្រេងក្នុងសមុទ្ររបស់កម្ពុជា ក្លាយជារឿងដែលនៅមិនទាន់ដឹងច្បាស់ដដែល។

ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាសុខាភ្នំពេញ លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​​​បានបន្តអំពាវនាវដល់បណ្តាប្រទេស​មួយចំនួនដូចជា បារាំង ចិន ​ថៃ ម៉ាឡេស៊ី និងជប៉ុន ជាដើម​ មកសិក្សាវិនិយោគបូមប្រេងនៅ​ប្លុក A ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់សិង្ហបុរី Kris Energy បានក្ស័យធន និងបញ្ឈប់ការបូមប្រងនៅប្លុកនោះ ។ លោកបានលើកឡើងថា បន្ទាប់ពីលោកបានជួបជាមួយបណ្តាទូតនានា ដូចជាបារាំង ចិន ​ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម លោកតែងតែអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគធំលើវិស័យរ៉ែ ដែលចង់មកវិនិយោគលើការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា សូមធ្វើការសិក្សាពីប្លុកប្រេងនេះ ដោយរដ្ឋាភិបាលមានការចំហរ ចំពោះបំណងនៃសិក្សាវិនិយោគបូមប្រេងនេះ។ តែយ៉ាងណាលោកបញ្ជាក់ថា នៅក្នុងប្លុក A ​សក្តានុពលនៃការទាញយកប្រេងអាចនឹងមានទំហំតូច។ ជាមួយគ្នានេះ លោកបានឱ្យដឹងផងដែរថា ​ក្រោយការបែងផល ពីការលក់ប្រេងឆៅជិត ៣០ម៉ឺនប៉ារ៉ែលដែលបូមចេញពីសមុទ្រកម្ពុជានៅប្លុក A ហើយត្រូវបានកប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos លួចដឹកទៅនោះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក ។ លោកបានឱ្យដឹងថា ប្រេងឆៅសរុបជិត ៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជាលក់ បានជាង ២៥លានដុល្លារ ក្នុងនោះកម្ពុជាទទួលបានចំណែកជាងពាក់កណ្តាល ក្រោយដោះស្រាយគ្នារួច ។

ចំណុចខ្សោយ នៃវិស័យថាមពលកម្ពុជា ត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅដើមឆ្នាំ២០២៦ នេះ។ បន្ទាប់ពីមានការផ្ទុះអាវុធកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ តម្លៃប្រេងនៅលើពិភពលោក បានហក់ឡើងខ្ពស់ភ្លាមៗ ។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តម្លៃសាំងនៅភ្នំពេញ បានឡើងថ្លៃជាង ៣០% ចំណែកប្រេងម៉ាស៊ូត បានហក់ឡើងដល់ទៅ ៦០% ហើយហ្គាស់ក៏ឡើងថ្លៃ ខណៈដែលក្រុមហ៊ុនសូគីមិច ដែលជាអ្នកចែកចាយប្រេងនិងហ្គាសដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុន៦ផ្សេងទៀត បានប្រកាសផ្អាកលក់ហ្គាស់ចម្អិនអាហារ (LPG) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ដោយសារតែមិនអាចនាំចូលបាន ព្រោះមានការរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់។ វិបត្តិនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ជាពិសេសវិស័យដឹកជញ្ជូន និងការរស់នៅប្រចាំថ្ងៃ ដោយសារតម្លៃហ្គាសចម្អិនអាហារធុង ១៥គីឡូក្រាម បានឡើងថ្លៃជិតទ្វេដង គឺពី ១៧ដុល្លារ ឡើងដល់៣០ ដុល្លារ ត្រឹមតែក្នុងរយៈពេលមួយខែ។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ រាជរដ្ឋាភិបាល បានចេញវិធានការបន្ទាន់ ដោយជួយចេញលុយឧបត្ថម្ភធន ៦.៥ សេន ក្នុងមួយលីត្រសម្រាប់ប្រេងសាំង និងបានកាត់បន្ថយពន្ធនាំចូល រួមទាំងពន្ធលើតម្លៃបន្ថែម (VAT) មកត្រឹមសូន្យ ដើម្បីកុំឱ្យប្រេងឡើងថ្លៃហួសហេតុពេក ។

សម្រាប់អ្នកនយោបាយ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា បន្ថែមលើការនាំចូលប្រេងពីក្រៅប្រទេស ប្រសិនបើកម្ពុជា មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង នោះនឹងធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារកាន់តែមានភាពប្រសើរ ហើយក៏អាចចែកចាយទៅប្រទេសជិតខាងដែលមានតម្រូវការប្រើប្រាស់ប្រេងផងដែរ។ ដូចនេះនៅក្នុងស្ថានភាពនេះ កម្ពុជា គួរពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះលទ្ធភាពនៃការធ្វើពិពិធកម្មប្រេងចម្រាញ់ ក៏ដូចជាត្រូវរក្សាតម្លៃប្រេង កុំឱ្យឡើងថ្លៃ ដើម្បីបង្ការផលប៉ះពាល់ដល់សេដ្ឋកិច្ច៕

RELATED ARTICLES