Tuesday, September 23, 2025
Homeតារាខ្មែរអែន ឌី និងស្រីក្មេង២នាក់ បានចេញច្រៀង១លើកគត់ ផុងខ្លួននៅអូស្ត្រាលី

អែន ឌី និងស្រីក្មេង២នាក់ បានចេញច្រៀង១លើកគត់ ផុងខ្លួននៅអូស្ត្រាលី

រយៈពេលជាង១ខែទៅហើយ ដែលអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី បានជាប់ខ្លួននៅអូស្រា្ដលី ជាមួយស្រីក្មេង២នាក់ទៀត មានស្រីស្អាតជាតិ សុច្ចកា និងខៀវ សុភា ហើយទោះជាដល់ថ្ងៃកំណត់វិលចូលស្រុកវិញ តាំងពីមុនថ្ងៃចូលឆ្នាំខ្មែរក្ដី ប៉ុន្តែពេលនេះពួកគេទាំង៣ មិនអាចហោះមកតាមកាលកំណត់បានឡើយ។

ម្ចាស់បទ ”នឹកបង៥០%ផង” លោកអែន ឌី បានថ្ងូរថា នឹកស្រុក និងចង់វិលមកវិញ តែមិនដឹងថាថ្ងៃណាបានមកដល់ផ្ទះវិញឡើយ។

ថ្លែងតាមឆាតកាលពីពេលថ្មីៗនេះ លោកអែន ឌី បានឲ្យដឹងថា លោកនិងតារារួមដំណើរច្រៀងសម្ដែងនៅអូស្រា្ដលី បានតែ១លើកគត់ ក្រៅពីនេះត្រូវជាប់ឃុំខ្លួននៅផ្ទះ ព្រោះតែកូវីដ១៩ អាជ្ញាធរអូស្រា្ដលី មិនអុញ្ញាតឲ្យមានការជួបជុំគ្នានោះឡើយ។​លោកថា មិនទាន់ដឹងថា ពេលណាទើបអាចវិលមកស្រុកវិញបានទេ ព្រោះថាជើងយន្ដហោះពីអូស្រា្ដលី មកកម្ពុជា ត្រូវបានផ្អាកទៅហើយ និងមិនដឹងពេលណាទើបបើកឲ្យដំណើរការវិញនោះទេ។

ក្រៅពីលោកអែន ឌី ដែលជាប់ឃុំខ្លួនតែនៅក្នុងផ្ទះនៅអូស្រា្ដលីនោះ ស្រីស្អាត២រូបដែលរួមដំណើរជាមួយលោក គឺកញ្ញាជាតិ សុច្ចកា និងខៀវ សុភា ក៏ជួបរឿងដូចគ្នាផងដែរហើយម្នាក់ៗ នឹកស្រុកនិងចង់តែវិលវិញ។ ប៉ុន្ដែដោយសារគ្មានជើងយន្ដហោះមកបែបនេះហើយ ទើបពួកគេមានតែបង្ខំចិត្តបន្ដស្នាក់នៅអូស្រា្ដលី ដោយគ្មានបានច្រៀងសម្ដែងតទៅទៀតឡើយ។

អែន​ឌី បានដឹកដៃស្រីស្រស់ជាតិ សុច្ចកា និងខៀវ សុភា ទៅអូស្រា្ដលី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយតាមគម្រោងពួកគេត្រូវច្រៀងសម្ដែងរយៈពេល១ខែគត់ ពោលគឺត្រូវវិលវិញតាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ម្ល៉េះ។

សម្រាប់អែន ឌី ជាលើកទី៣ ក្នុងការចេញទៅច្រៀងនៅអូស្រា្ដលី ហើយដោយសារតែកូវីដ១៩ ទើបធ្វើឲ្យលោកនឹងស្រីស្អាតទាំង២ ជាប់ផុងខ្លួនមិនអាចកំណត់ថា​ថ្ងៃណាមកដល់ស្រុកវិញទេ៕

RELATED ARTICLES