អាលីហ្សា ចាញ់កូនកាន់តែខ្លាំងធ្វើឲ្យនាងពិបាកទ្រាំខ្លាំងណាស់ ព្រោះជាកូនលើកដំបូងខណៈដែលស្វាមីរបស់នាង លោកសូ លីឃាំង មិនបាននៅនែបនិត្យជិតកាយានាងឡើយ ព្រោះកំពុងរស់នៅអាមេរិក ខណៈដែលជើងយន្ដហោះត្រូវបានបិទ ព្រោះកូវីដ១៩ ធ្វើឲ្យអាលីហ្សា មានអារម្មណ៍ឯកោកណ្ដោចកណ្ដែងដេកនឹកប្ដីតែម្នាក់ឯងជារៀងរាល់រាត្រី។

ប៉ុន្តែអំឡុងពេលពោះធំនេះ អាលីហ្សា ក៏កាន់តែប្រែប្រួលខ្លាំងដែរ ព្រោះនាងឃើញអ្នកកាសែតចេះតែផ្អើលៗនិងបដិសេធរាល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាំងឡាយ។

មិត្តភក្ដិនៅក្នុងចង្កោមសិល្បៈដែលរួមអាជីពជាមួយអាលីហ្សា បានឲ្យដឹងថា ពេលនេះ អាលីហ្សា ពោះធំជាង៤ខែទៅហើយនឹងមិនអាចថតសម្ដែងសិល្បៈដូចមុនទៀតបានទេ គឺសម្ងំតែនៅក្នុងផ្ទះ។ ពួកគេបង្ហើបថា ដោយសារតែកូនទី១ ហើយប្ដីមិននៅជិតបែបនេះ ទើបអាលីហ្សា ចេះតែកើតរោគអផ្សុកនឹកប្ដីផង ពិបាកទ្រាំពេលពោះធំនេះផង ហើយបើជើងយន្ដហោះនៅតែបិទបែបនេះទៀត អាលីហ្សា ដែលនឹងសម្រាលកូននៅចុងឆ្នាំ២០២០នេះ ក៏អាចនឹងកើតកូនដោយគ្មានប្ដីនាងនៅក្បែរនាងដែរ។

អាលីហ្សា បានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកសូ លីឃាំង ដែលមានអាយុប្អូននាង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយក្រោយរៀបការជិត១ឆ្នាំនេះ អាលីហ្សា មិនទាន់ទទួលបានសិទ្ធិទៅរស់នៅអាមេរិកស្របច្បាប់ (Green Card) នោះទេ ហេតុនេះហើយកូនដំបូងរបស់នាងក៏កើតភ្លាម គ្មានសញ្ជាតិអាមេរិកដែរ។

ទោះជាយ៉ាងណា អាលីហ្សា ធ្លាប់ប្រាប់ថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅរស់នៅអាមេរិក តាមស្វាមីនៅពេលដែលបានវីសាភ្លាម គឺនឹងទៅភ្លែតតែម្ដង ដែលពេលនោះហើយអាជីពសិល្បៈរបស់នាងនឹងត្រូវបញ្ចប់។

ក្រៅពីអាលីហ្សា តារាដែលយកប្ដីអាណិកជនខ្មែរ នៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី , គឹម លក្ខិណា , វ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើម៕

