ខាត់ សុឃីម និងស្វាមី លោកអ៊ិន សុបញ្ញា ហៅផាណូ បានធ្វើដំណើរពីភ្នំពេញ ទៅខេត្តសៀមរាប ដើម្បីធ្វើការជួបជុំជាមួយប្រជាពលរដ្ឋចំនួន២០០០គ្រួសារ តវ៉ាជាលើកទី២ រឿងតុលាការខេត្តសៀមរាប ឃុំខ្លួនលោកឌីម សួនណាត ដោយមិនដោះស្រាយជូនថៅកែក្រុមហ៊ុនអ៊ីណារីតា រូបនេះ ក៏ដូចជាជនរងគ្រោះទាំងឡាយដែលបានចាញ់បោកក្រុមហ៊ុនមួយនេះ។

នៅកណ្ដាលថ្ងៃ អ្នកនាងខាត់ សុឃីម បានកាន់ក្បាលមីក្រូប្រកាសស្នើសុំដល់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យលោកទាំង២ ជួយរកដំណោះស្រាយលើរឿងនេះផង។

ដោយឡែក ប្រជាជនដែលចូលរួមការតវ៉ាជាមួយអ្នកនាងខាត់ សុឃីម បាននាំគ្នាកាន់បដាភ្ជាប់ដោយពាក្យសារផ្សេងៗ រួមទាំងរូបថតលោកនាយករដ្ឋមន្រ្ដី និងលោកជំទាវផងដែរ។ ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ គេនៅតែមិនទាន់ឃើញមានដំណោះស្រាយនោះទេ ខណៈដែលការតវ៉ាកាន់តែមានទ្រង់ទ្រាយធំជាងមុន។

គួររំលឹកថា អ្នកនាងខាត់ សុឃីម បានលេចមុខជាច្រើនតាមកម្មវិធីរបស់ក្រុមហ៊ុនអ៊ីណារីតា មុនពេលដែលម្ចាស់ក្រុមហ៊ុនរូបនេះ លោកឌីម សួនណាត ត្រូវបានសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោក និងចេញសែកស្អុយរាប់លានដុល្លារ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

ក្រោយថៅកែក្រុមហ៊ុនរូបនេះត្រូវបានឃុំខ្លួន អ្នកនាងខាត់ សុឃីម និងតារាជាច្រើនដែលធ្លាប់ចូលរួមកម្មវិធីរបស់លោក នៅតែបង្ហាញការគាំទ្រចំពោះអ្នករកស៊ីអចលនទ្រព្យរូបនេះ ខណៈដែលជនរងគ្រោះជាច្រើនក្ដៅក្រហាយជាខ្លាំង ចំពោះប្រាក់ដែលពួកគេបានបាត់បង់ទៅលើក្រុមហ៊ុនមួយនេះ។

តាមព័ត៌មានថា អ្នកនាងខាត់ សុឃីម ក៏អស់លុយច្រើនដែរ ព្រោះផុងខ្លួនជាមួយក្រុមហ៊ុនមួយនេះ ប៉ុន្តែនាងមិនដែលបញ្ចេញឲ្យគេដឹងទេ ហើយជម្រើសចុងក្រោយ មានតែចូលរួមធ្វើការតវ៉ាជាមួយពលរដ្ឋរឿងតុលាការឃុំខ្លួនលោកឌីម សួនណាត មិនព្រមដោះស្រាយ៕

