Tuesday, September 23, 2025
Homeតារាខ្មែរឆុំ វត្តី ពន្យារពេលធ្វើពិធីជប់លៀងមង្គលការ ខាងកោះពេជ្រ ក៏ធ្វើរឿងមួយនេះ

ឆុំ វត្តី ពន្យារពេលធ្វើពិធីជប់លៀងមង្គលការ ខាងកោះពេជ្រ ក៏ធ្វើរឿងមួយនេះ

តារាសម្ដែងឆុំ វត្តី នឹងរៀបការតាមកាលកំណត់ជាមួយលោករិទ្ធិ ហួរក្សា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះហើយ បើទោះជាជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់ក្ដី ប៉ុន្ដែនាងមិនអាចរំសាយកម្មវិធីដែលបានព្រាងទុកមុនជាច្រើនខែមកហើយនោះទេ។

យ៉ាងណា មង្គលការរបស់វត្តី បានបង្វិលពីការរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ មកធ្វើនៅផ្ទះឪពុកក្មេករបស់នាង លោកទិត ធារិទ្ធិ ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វិញ ហើយកម្មវិធីរៀបចំតែនៅមួយព្រឹកប៉ុណ្ណោះ មិនមានការជប់លៀងផឹកស៊ីនៅពេលល្ងាចដូចមង្គលការទូទៅឡើយ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៩ ខែមេសា ឆុំ វត្តី បានឲ្យដឹងថា នាងពិតជាបានត្រៀមខ្លួនរួចហើយ សម្រាប់កម្មវិធីពិសេសរបស់នាង នៅថ្ងៃទី៤ ខែឧសភា ខាងមុខនេះ។

វត្តី វាចាថា ”ខ្ញុំនឹងរៀបការនៅថ្ងៃ៤ ខែ៥ ហ្នឹង ធម្មតាតាមគម្រោងដែលបានរៀបចំទាំងអស់ ព្រោះថាបានដេញពេលាចំថ្ងៃហ្នឹងល្អសម្រាប់ពួកយើងទាំង២ ហើយអីចឹងមិនអាចលុបចោលវិញបានទេ។ មង្គលការរបស់ខ្ញុំបានរៀបចំតាមក្បួនខ្នាតប្រពៃណីខ្មែរទាំងអស់ គឺកម្មវិធីធ្វើតាំងពីព្រឹករហូតដល់ពេលថ្ងៃញាំអាហារតែម្ដង។ ប៉ុន្ដែគ្មានកម្មវិធីជប់លៀងនៅពេលល្ងាចដូចការគេទេ ព្រោះយើងមិនចង់ឲ្យមានការជួបជុំទ្រង់ទ្រាយធំអីចឹង ដោយសារតែកូវីដ-១៩នៅមិនទាន់ស្ងាត់”។

ឆុំ វត្តី បានឲ្យដឹងដែរថា តាមពិតមង្គលការរបស់នាងត្រូវប្រារព្ធធ្វើកម្មវិធីជប់លៀងនៅមជ្ឈមណ្ឌលកោះពេជ្រ មែន ព្រោះបានកក់គេជាមុនអស់ទៅហើយ តែពេលនេះត្រូវពន្យារពេល ដោយលើកកម្មវិធីសប្បាយៗទាំងនោះវិញ ប៉ុន្តែនៅធ្វើដដែលទេ គឺនៅពេលដែលស្ងប់កូវីដ-១៩ ខាងមុខនេះ អីចឹងរៀបការពេលនេះ គឺធ្វើតែមួយព្រឹកសិនប៉ុណ្ណោះ។

ឆុំ វត្តី បន្ថែមថា ”យើងបាននិយាយគ្នាជាមួយខាងកោះពេជ្រហើយ គាត់ក៏យល់ដែរ ព្រោះខ្ញុំបានកក់លុយគេហើយ។ គាត់បានយល់ព្រមឲ្យយើងធ្វើកម្មវិធីជប់លៀងនៅហ្នុង ពេលណាក៏បាន ព្រោះឥឡូវមិនអាចធ្វើបានទេ។ កម្មវិធីការខ្ញុំហ្នឹង ទោះជាធ្វើតែមួយព្រឹកមែន តែរៀបចំតាមប្រពៃណីខ្មែរទាំងអស់ ហើយខ្ញុំក៏បានហៅតារាៗរួមអាជីពជាមិត្តភក្ដិទៅច្រើនដែរ គឺភ្ញៀវនៅតែមានតាមធម្មតាដដែលហ្នឹង”។

ឆុំ វត្តី តួឯករឿង ”ហ្លួងព្រះស្ដេចកន” បានភ្ជាប់ស្នេហ៍ជាមួយលោករិទ្ធិ ហួរក្សា ជាង៥ឆ្នាំ ទើបឈានដល់កំណត់ថ្ងៃរៀបការពេលនេះ។​ ក្រៅពីឆក់បានតំណែងជាតួឯកធំៗនោះ វត្តី ក៏មានតួនាទីជាអ្នកចាត់ការទូទៅរបស់ផលិតកម្មឪពុកក្មេករបស់នាង លោកទិត ធារិទ្ធិ ផងដែរ ទើបធ្វើឲ្យនាងមមាញឹកច្រើនថតសម្ដែង រហូតទាល់តែដល់កៀកថ្ងៃរៀបការតែម្ដង។

ដោយឡែក ក្រៅពីលើកពេលធ្វើពិធីជប់លៀងផឹកស៊ីរាំរែកសប្បាយនោះ វត្តី ក៏មិនទាន់មានគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីណាដែរ ព្រោះថាពេលនេះជើងយន្ដហោះមួយចំនួន នៅមិនទាន់បើកវិញនៅឡើយ៕

          ហ៊ឹម វិចិត្រ

RELATED ARTICLES