តារាចម្រៀងឱក សុគន្ធកញ្ញា ដែលមានស្វាមីលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ហើយប្អូនថៅកែហង្សមាស រូបនេះ មានកូនចៅរាប់រយនាក់នៅក្រុមឱវាទហៅថា ”មេៗ” នោះ ពេលនេះនាងក៏ត្រូវបានពួកគេគោរព និងហៅថាជា ”មេស្រីៗ” ដែរ។

សកម្មភាពបែបនេះធ្វើឲ្យជីវិតសុគន្ធកញ្ញា មានការប្រែប្រួលខ្លាំង ក្រោយពេលមានកូន១នេះ គឺទាំងនៅផលិតកម្មនិងស្ថានីយទូរទស្សន៍ រួមទាំងក្រុមហ៊ុនហង្សមាសទាំងមូលផង នាងកាន់តែមានឥទ្ធិពលជាងតារាផ្សេងទៀតរបស់ផលិតកម្មនេះ។

ដោយឡែក ស្វាមីរបស់សុគន្ធកញ្ញា ដែលធ្លាប់លេចឮថា លោកមានស្រីតោងស្នេហ៍ច្រើន ពេលនេះលោកសុខលី បានស្រលាញ់និងថ្នាក់ថ្នមភរិយាកាន់តែខ្លាំងឡើងៗ ក្រោយមានកូន១នេះ ទើបធ្វើឲ្យអ្នកសិល្បៈរួមអាជីពមើលឃើញថា សុគន្ធកញ្ញា មានអ្វីៗគ្រប់បែបយ៉ាងអស់ហើយនៅពេលនេះ ដែលតារាផ្សេងៗទៀតមិនអាចធ្វើបានដូចរូបនាងឡើយ។

ឱក សុគន្ធកញ្ញា បានថ្លែងសារថា ពេលនេះកូនប្រុសរបស់នាង ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី មានអាយុជាង៥ខែទៅហើយ។ ចំណែករូបសម្រស់របស់សុគន្ធកញ្ញា ក្រោយមានកូន១នេះ គេឃើញនាងនៅតែឡើងគីឡូបន្ដិច តម្រូវឲ្យសម្រកមកវិញជាបន្ទាប់ ទើបបាន។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩ ហើយនាងបានផ្អាកឡើងឆាកតាំងពីខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បាត់មុខពីឆាកតន្រ្ដីជិត៥ខែ ទើបសុគន្ធកញ្ញា ចេញស្ដារមុខកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ វិញតាមរយៈការរៀបចំរបស់ស្វាមីនាង ប៉ុន្តែពេលនេះ បណ្ដាឆាកប្រំតន្ត្រីទាំងឡាយត្រូវបានបិទទាំងអស់ ដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យសុគន្ធកញ្ញា មានពេលកាន់តែច្រើនក្នុងការជួបជុំជាមួយស្វាមីនិងកូន។ ប៉ុន្ដែពេលនេះនាងនៅមិនទាន់មានបទចម្រៀងមួយណា ផ្ទុះខ្លាំងដូចមុនឡើយ៕
