Tuesday, September 23, 2025
Homeតារាខ្មែរលោកខេម ថា យ៉ាងយូរ៣ឆ្នាំទៀត ចូលរោងការហើយ

លោកខេម ថា យ៉ាងយូរ៣ឆ្នាំទៀត ចូលរោងការហើយ

តារាចម្រៀងប៉ុន សុណារិន្ទ ហៅខេម ត្រូវបានគេបង្ហើបឱ្យដឹងថា មានម្ចាស់ស្នេហ៍ថ្លើមថ្លៃជាស្រីស្អាតម្នាក់ដែលជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំង នោះ គឺស្រីស្អាត “អូនកា” ដែលជាញឹកញាប់ លោកខេម តែងតែជិះយន្តហោះទៅជួបបណ្តូលចិត្ត បើទោះជាតារាចម្រៀងថោន រូបនេះ មមាញឹកការងារសិល្បៈក្នុងស្រុកយ៉ាងណាក៏ដោយ។

ប៉ុន្តែនៅពេលត្រូវសួរថា ពេលណាលោកខេម ត្រូវដឹកដៃអូនកា រៀបការ? ម្ចាស់បទ “ស្រលាញ់ស្រី ១,៧៣ម៉ែត្រ” រូបនេះ បែរជាឆ្លើយដោយស្ទាក់ស្ទើរ និងបែបរដាក់រដុបទៅវិញ។

តារាថោន វ័យ៣៥ឆ្នាំ លោកខេម ថ្លែងថា “អូបង! ហើយម៉េចបានសួរទៅដល់រឿងហ្នឹងទៅវិញ? មិនដឹងថា ខ្ញុំស្រលាញ់គេ ឬគេស្រលាញ់ខ្ញុំទេ? រឿងរៀបការហ្នឹង បើថាឱ្យកំណត់ពេលវេលាច្បាស់លាស់ មិនទាន់អាចនិយាយបានទេ។ ប៉ុន្តែមិនយូរទេអាច២ទៅ៣ឆ្នាំទៀតហ្នឹង ហើយបើខ្ញុំរៀបការ ខ្ញុំនឹងហៅបងឯង (អ្នកយកព័ត៌មាន) មុនគេ ព្រោះអត់មានអីត្រូវលាក់បាំងទេ។ ខ្ញុំក៏មិនដែលគិតថា ការប្រពន្ធទៅខ្លាចធ្លាក់កូដអី មិនដែលគិតអ៊ីចឹងសោះ។ ប៉ុន្តែខ្ញុំរង់ចាំពេលវេលាសមស្របណាមួយសិន”។

ខេម ធ្លាប់មានសង្សារជាតារាសម្តែងស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេកម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពត ប៉ុន្តែបានចែកផ្លូវគ្នាវិញ ហើយអ្នកចម្រៀងថោន រូបនេះក៏ភ្ជាប់ស្នេហ៍ជាមួយ “ស្រីកា” ដែលរស់នៅប្រទេសបារាំង ហើយត្រូវក្រុមគ្រួសារទាំងសងខាងដឹងឮទៀតផង។

ជាញយៗ គេឃើញខេម ទៅដើរលេងនៅបារាំង ដោយមិនមានទាក់ទងការច្រៀងសម្តែងឡើយ ប៉ុន្តែខេម បានលាក់បាំងគូស្នេហ៍ថ្មីជិតឈឹង និងមិនដែលហ៊ានបណ្តើរគ្នាជាចំហឡើយ ហើយខណៈដែលជំងឺកូវីដ-១៩ កំពុងផ្ទុះនេះ ខេម បានលុបចោលគម្រោងទៅលេងនៅបារាំង និងការចេញទៅច្រៀងសម្តែងនៅអាមេរិក នៅអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។

ខេម បន្ថែមថា “ខ្ញុំមិនទាន់មានគម្រោងចេញទៅបារាំង ទៀតទេ ហើយផែនការខ្ញុំទៅច្រៀងសម្តែង នៅអាមេរិក នៅខែសីហា ឆ្នាំ២០២០ ហ្នឹង ក៏ត្រូវបានលុបចោលវិញដែរ ព្រោះជើងយន្តហោះគេបិទ អស់ហើយ។ ចំពោះជំងឺកូវីដ-១៩នេះ ខ្ញុំត្រូវបានគេលុបការប្រគំតន្ត្រីចោលច្រើនដែរ ហើយសួរថា ខ្ញុំស្តាយឬអត់? ខ្ញុំប្រាកដជាស្តាយ ព្រោះបាត់បង់ប្រាក់ចំណូល។ ប៉ុន្តែខ្ញុំគាំទ្រវិធានការថ្នាក់ដឹកនាំដែលទប់ស្កាត់ការឆ្លងជំងឺនេះ ព្រោះបើបើកឱ្យនៅមានការជួបជុំទៀត យើងជាតារាអ៊ីចឹងតែងតែមានបងប្អូនមកស្វាគមន៍ហើយ មិនដឹងថា យើងជាតារាហ្នឹងចម្លងទៅឱ្យបងប្អូន ឬបងប្អូនចម្លងមកឱ្យយើងវិញទេ ព្រោះមើលមិនឃើញដូចគ្នា”។

ក្រៅពីមិនទាន់កំណត់ថា នឹងត្រូវដឹកដៃ “អូនកា” ចូលរោងការនៅពេលណានោះ ខេម ក៏បានឱ្យដឹងដែរថា បុណ្យចូលឆ្នាំខ្មែរ កន្លងមក ទោះជាលោកមិនបានត្រៀមចេញទៅសម្តែងរាំច្រៀងនៅទីណាមែន ប៉ុន្តែលោកបានចេញបទចម្រៀងប្រពៃណីខ្មែរចំនួន៣បទ ក្នុងនោះ មានបទទោល និងបទឆ្លងឆ្លើយជាមួយមាស សុខសោភា ផងដែរ។

តារាចម្រៀងថោន រូបនេះថា នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោកមិនមានគម្រោងចេញទៅដើរកម្សាន្តនៅទីណាទេ គឺនៅតែផ្ទះ ព្រោះបើទៅឆ្ងាយក៏មានអារម្មណ៍មិនល្អ ដោយសារកូវីដ-១៩ នេះដែរ។ ប៉ុន្តែលោកថា នឹងចេញច្រៀងរាំតាមឆាកតន្ត្រីនៅប៉ុស្តិ៍ទូរទស្សន៍ធម្មតា ព្រោះស្ថានីយ មិនឱ្យអ្នកទស្សនាចូលនោះទេ៕

                                  ហ៊ឹម វិចិត្រ

RELATED ARTICLES