អ្នកនាងគង់ សុជាតិ បានផ្ទុះកំហឹងសាជាថ្មីម្ដងទៀត ដោយសារតែមានមនុស្សខ្លះត្រូវបានអ្នកនាងហៅថា អត់សតិ ហើយជាមនុស្សពាក់មុខទេវតា ប៉ុន្តែអ្នកនាងថា សន្ដានមនុស្សទាំងនោះគង់តែត្រូវបានលាតត្រដាងដោយចរិតរបស់គេ នៅថ្ងៃណាមួយជាមិនខានឡើយ។

ទោះជាយ៉ាងណា អ្នកនាងគង់ សុជាតិ មិននិយាយថា មនុស្សដែលនាងចង់និយាយសំដៅនោះថា ជាអ្នកណា ហើយមានឈ្មោះអីឡើយ។

អ្នកនាងគង់ សុជាតិ ថ្លែងសារទាំងមួម៉ៅថា ពេលខ្លះអារម្មណ៍របស់យើងបានស្ងប់ដោយក្ដីមេត្តា ប៉ុន្តែជនដែលយើងមិនប្រាថ្នានៅតែបន្ដភាពអសីលធម៌ ដោយគ្មានជាសន្ដានមនុស្ស ហេតុអីក៏គ្មានសតិក្នុងការគិត និងធ្វើរឿងល្អៗឲ្យជីវិតបែបនេះ?និយាយចុះ ព្រោះអ្នកជាមនុស្សពាក់មុខទេវតា ហើយក៏មិនចាំបាច់លាងខ្លួនដែរ ព្រោះក្អែកពាក់ស្លាបហង្ស គង់មានថ្ងៃគេស្គាល់សន្ដាន ព្រោះវាត្រូវលាតត្រដាងដោយចរិត។

អ្នកលេងនៅលើបណ្ដាញសង្គមបានសួរអ្នកនាងគង់ សុជាតិ ថា តើអ្នកនាងចង់និយាយនោះជាអ្នកណាទៅ? ហេតុអីក៏មិនបញ្ចេញឈ្មោះ និងរូបថតឲ្យគេស្គាល់តែម្ដងទៅ? ប៉ុន្តែសុជាតិ មិនឆ្លើយតបឡើយ។

គួររំលឹកថា មុននេះអ្នកនាងគង់ សុជាតិ ហាក់ប៉ះពាល់អារម្មណ៍ផ្លូវចិត្តដ៏ធ្ងន់ធ្ងរ នៅពេលដែលតារារួមអាជីពបានខ្សឹបខ្សៀវគ្នាថា ស្វាមីរបស់អ្នកនាង លោកជា វិបុល ហាក់បែកឆ្វេងងាកទៅរកភាពស្និទ្ធស្នាលប្លែកជាមួយពិធីការិនីជាដៃគូ អ្នកនាងចាន់ កែវនិមល ទើបធ្វើឲ្យសុជាតិ ស្រងូតស្រងាត់មួយរយៈ។

ប៉ុន្ដែក្រោយពេលត្រូវថៅកែហង្សមាស បំបែកជា វិបុល និងចាន់ កែវនិមល លែងឲ្យធ្វើពិធីការិនីជាមួយគ្នាទៀតនោះ ពេលនេះគេឃើញលោកវិបុល ចាប់ផ្ដើមងាកមករកភាពផ្អែមល្ហែមស្នេហ៍ និងយកចិត្តសុជាតិ ជាថ្មីឡើងវិញ។

ចំណងស្នេហាជាង៧ឆ្នាំនេះ សុជាតិ ទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ៕