តារាចម្រៀងសុខ ពិសី បានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ លើឆាកតន្រ្ដីទូរទស្សន៍ហង្សមាស កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីសម្ពោធស្មាតហ្វូនមួយ ដែលអ្នករៀបចំកម្មវិធីតម្រូវឲ្យតារាចម្រៀងមកពីផលិតកម្មផ្សេងគ្នានេះច្រៀងឆ្លងឆ្លើយគ្នា។
មុនឡើងឆាកសុខ ពិសី បានសម្ដែងការបារម្ភចំពោះបទចម្រៀងដែលនាងត្រូវច្រៀងជាមួយលោកព្រាប សុវត្ថិ ដូចជាបទ ”ប្រស្នា៤ខ” និងបទខ្លះទៀតដែលនាងមិនធ្លាប់ច្រៀង ទើបធ្វើឲ្យតារាសាច់សខ្ចីរូបនេះភ័យបុកពោះតែម្ដង ព្រោះខ្លាចភ្លេចប៉ារ៉ូល។

ទោះជាយ៉ាងណា ពិសី នៅតែអាចច្រៀងដោយរលូនជាមួយលោកព្រាប សុវត្ថិ បើទោះជាចម្រៀងមួយបទនេះ ព្រាប សុវត្ថិ ថា ពិសី ច្រៀងបានតែប្រស្នា៣ខ ភ្លេច១ខក៏ដោយ ប៉ុន្តែសិស្សប្អូនប៉ះសិស្សច្បងនេះសម្ដែង និងដាក់អារម្មណ៍បានល្អទៅតាមបទចម្រៀង ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត និងប្លែកអារម្មណ៍ បើទោះជាអ្នកទាំង២នៅផលិតកម្មផ្សេងគ្នាក៏ដោយ។

នេះមិនមែនជាលើកទី១នោះទេ ដែលសុខ ពិសី ត្រូវចាប់ដៃច្រៀងផ្ដោះផ្ដងជាមួយលោកព្រាប សុវត្ថិ ប៉ុន្តែកន្លងមកក្រុមហ៊ុនមួយនេះក៏ធ្លាប់តម្រូវឲ្យតារាទាំង២ដួង ច្រៀងឆ្លងឆ្លើយ និងថតស្ពតរួមគ្នា ទាំងក្នុងនិងក្រៅស្រុកផងដែរ។

ប៉ុន្ដែសុខ ពិសី ជាអ្នកចម្រៀងសម័យហើយ បើទោះជាកន្លងមកនាងធ្លាប់បង្ហាញឲ្យគេឃើញថា នាងចូលចិត្តបទពីដើមៗមែន ប៉ុន្តែការច្រៀងបទទាំងនោះអាចធ្វើឲ្យនាងប្រឈមការភ្លេចប៉ារ៉ូលខ្លះដែរ ហើយរឿងទាំងនេះមិនមែនកើតឡើងសម្រាប់តែរូបនាងទេ តែគឺចំពោះតារាភាគច្រើនតែម្ដង។

គួររំលឹកថា ក្រៅពីត្រូវប៉ាន់ទីផ្សារចម្រៀងផ្នែកយុវវ័យតារាចម្រៀងសុខ ពិសី ក៏ជាតារាដែលក្ដោបបានទីផ្សារស្បតពាណិជ្ជកម្មធំជាច្រើនផងដែរ នាពេលកន្លងមក ទាំងស្ពតឃោសនាទូរស័ព្ទ, សាប៊ូកក់សក់ និងដុសខ្លួន រួមទាំងផលិតផល Cosmetic មួយចំនួនទៀត។

ពិសី ត្រូវបានគេផ្ដល់រហ័សនាមថា នាងជា ”រាជិនីសម្រស់”ផងដែរ ព្រោះតែនាងតែងបង្ហាញភាពលេចធ្លោ និងទាក់ទាញរូបសម្រស់គ្រប់ពេលវេលាតែម្ដង។ ចំណែកនៅផលិតកម្មសាន់ដេ វិញ ពិសី នៅតែជាអ្នកចម្រៀងស្រីនាំមុខគេជាច្រើនឆ្នាំមកហើយ ទោះជាពេលនេះនាងបាត់បង់ដៃគូដ៏ស្និទ្ធស្នាលតារាចម្រៀងខេម ប៊ុនថៃ ហៅសិរីមន្ដ ក៏ដោយ។

ប៉ុន្ដែក្រោយសិរីមន្ដ រត់ចោលនាងនោះ ពិសី បានងាកមកចាប់ដៃជាមួយតារាចម្រៀងប្រុសនៅសាន់ដេ ដោយមិនប្រកាន់ដៃគូឡើយ ដូចជានាងច្រៀងសម្ដែងជាមួយលោកឆាយ វីរៈយុទ្ធ, ខាន់ ជេមស៍, នាយចឺម និងតារាមួយចំនួនទៀត។ ដោយឡែក ទីផ្សារចម្រៀងរបស់នាងនៅតែរក្សាលំនឹងបានដដែល បើប្រៀបធៀបការចាប់ដៃគូជាមួយសិរីមន្ដ និងការលែងចាប់ដៃគូជាមួយគ្នានៅពេលនេះ។

ទោះជាយ៉ាងណា ក្រោយត្រូវផ្អាកបណ្ដាឆាកតន្ត្រីទាំងឡាយ ដោយសារតែកូវីដ-១៩នេះ សុខ ពិសី បានងាកមកពង្រឹងផ្នែករកស៊ីក្រៅសិល្បៈរបស់នាង តាមរយៈការលក់ផលិតផល Collagen វិញម្ដង ខណៈដែលដំណឹងរៀបការរបស់នាង ក៏នៅតែបន្ដរភាពស្ងប់ស្ងាត់សូន្យឈឹងជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ហើយពេលនេះពួកគេថែមទាំងមិនទាន់ហ៊ានសារភាពស្នេហ៍ឡើយ៕
ហ៊ឹម វិចិត្រ