Tuesday, September 23, 2025
Homeតារាខ្មែរអនុស្សាវរីយ៍ ៥ឆ្នាំទៀត ចូលរោងការជាមួយសង្សារ

អនុស្សាវរីយ៍ ៥ឆ្នាំទៀត ចូលរោងការជាមួយសង្សារ

តារាចម្រៀងសាន់ដេ លោកយឿន សូត្រអនុស្សាវរីយ៍ បានឲ្យដឹងថា លោកមានគូស្នេហ៍ហើយ ប៉ុន្តែពេលនេះមិនទាន់មានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការក្នុងពេលឆាប់ៗទេ គឺត្រូវប្រើពេលរហូតដល់ទៅ៥ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ២០២៥ ដែលពេលនោះរូបគេមានអាយុ៣២ឆ្នាំឯណោះ ទើបត្រូវតែដល់វេលាដែលត្រូវចូលរោងការតែម្ដង។

យ៉ាងណា ពេលនេះម្ចាស់បទ​”ទីងមោង” រូបនេះ នៅតែមិនហ៊ានបណ្ដើរ និងបង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះទេ គឺជ្រើសផ្លូវលាក់មុខម្ចាស់ចិត្តតែម្ដង។

យឿន សូត្រអនុស្សាវរីយ៍ អះអាងថា ឆ្នាំនេះលោកមានអាយុ២៧ឆ្នាំហើយ អីចឹងទាល់តែ៥ឆ្នាំខាងមុខទៀត ទើបអាចរៀបការប្រពន្ធបាន។ លោកថា ការរង់ចាំរហូតដល់ទៅឆ្នាំ២០២៥ ទើបការប្រពន្ធនេះ ដោយសារចាំឲ្យមានជីវភាពសមរម្យជាងនេះសិន​ព្រោះពេលនេះលោកកំពុងតែប្រឹងរកលុយនៅឡើយ។

យឿន សូត្រអនុស្សាវរីយ៍ ជាតារាមច្រៀងមកពីខេត្តកំពង់ស្ពឺ ដែលឈានចូលផលិតកម្មសាន់ដេ ក្រោយពីតារាចម្រៀងសំខាន់របស់ផលិតកម្មនេះ ខេមរៈ សិរីមន្ដ ស្ពាយបង្វេចចូលទៅហង្សមាស។ ការជ្រកក្រោមដំបូលសាន់ដេ ជិត៣ឆ្នាំនេះ អនុស្សាវរីយ៍ ត្រូវបានគេដឹងថា​លោកជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងល្អ ក្រោយល្បីបទ ”ទីងមោង”។

អនុស្សាវរីយ៍ ថែមទាំងមានបងប្រុសរបស់ខ្លួនជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងទៀតផង ដែលសមត្ថភាពរបស់គេ មិនចាញ់នាយចឺម ឡើយ។ ថ្មីៗនេះដែរ គេឃើញអនុស្សាវរីយ៍ បានចេញបទបែបឡុកធុង ដោយថតសម្ដែង MV​ ជាមួយអ្នកមេម៉ាយរូបស្អាតណូម័រ ទៀតផង គឺបទ ”ឃើញដំរីជុះ”។

តារាចម្រៀងវ័យក្មេងសំឡេងខ្ពស់រូបនេះ បានឲ្យដឹងថា នៅឆ្នាំនេះ លោកបានបាត់បង់ទាំងស្រុងប្រាក់ចំណូលនៅរដូវក្ដៅនេះ ព្រោះតែកូវីដ-១៩ ហើយអំឡុងពេលដែលមិនអាចទៅណាបាននេះ លោកមានតែត្រៀមចេញបទចម្រៀងជាច្រើនបទ ដែលភាគច្រើនជាបទបែបស្រុកស្រែចម្ការតាមជនបទ៕

RELATED ARTICLES