Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ មិនប្រតិកម្មនឹងវិចិត្រករជ្រុលដៃ

លោកព្រាប សុវត្ថិ មិនប្រតិកម្មនឹងវិចិត្រករជ្រុលដៃ

ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថា លោកជាបុរសរូបសង្ហាម្នាក់ មិនចាញ់តួកុនឡើយ ទើបហង្សមាស ធ្លាប់ផ្ដល់តំណែងជាតួឯកឲ្យលោក តាមរយៈភាពយន្ដខ្នាតធំ រឿង ”នេសាទក្រពើ”។

តារាកូន៣ វ័យ៤៦ឆ្នាំរូបនេះ ក៏ត្រូវបានគេចាត់ទុកថា នៅតែរក្សារសម្រស់បានក្មេងជាងវ័យដដែល នៅឆ្នាំ២០២០នេះ ទើបមានតារាស្រីវ័យក្មេងជាច្រើនដួង ប៉ងថតសម្ដែងជាមួយលោក ដើម្បីងាយឆាប់បានល្បី ឬត្រូវបានគេស្គាល់ដោយរហ័ស។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះមានការចែកចាយនៅលើបណ្ដាញសង្គម គេឃើញមានវិចិត្រករមួយចំនួនបានយករូបថតរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ មកគូជាបន្ដរបន្ទាប់ ព្រោះតែពួកគេស្រលាញ់ព្រាប សុវត្ថិ ខ្លាំងពេក និងចាត់ទុកលោក ជា ”Idol” ផងដែរ។

ប៉ុន្តែគួររឲ្យស្ដាយ ម្ដងជាពីរដងទៅហើយ ដែលវិចិត្រករទាំងនោះហាក់ជ្រុលដៃបន្ដិច ព្រោះផាត់ពណ៌ចុះឡើងៗ រូបគំនូរដែលមានទាំងកូល័រ និងសខ្មៅមួយចំនួន លែងដូចរូបដើមតែម្ដង ធ្វើឲ្យផ្ទាំងគំនូររបស់ព្រាប សុវត្ថិ ទាំងនោះមិនសង្ហាដូចរូបពិត (Original) របស់លោកសោះ ទើបធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ព្រាប សុវត្ថិ មិនសប្បាយចិត្ត រហូតដល់តារាចម្រៀងរួមអាជីពមួយចំនួន បានចេញសារសូមអង្វរដល់វិចិត្រករទាំងឡាយ ឈប់គូររូបព្រាប សុវត្ថិ តទៀតទៅ ព្រោះគូយ៉ាងណាក៏មិនដូចដែរ។

តារាចម្រៀងខាត់ សុឃីម និងម៉ៃ សុគន្ធ សុទ្ធតែជាអ្នកបានយករូបភាពដែលវិចិត្រករ គូររូបព្រាប សុវត្ថិ មកវិភាគ និងសូមឲ្យវិចិត្រករឈប់គូររូបលោកទៀតទៅ ព្រោះគូរខុសឆ្ងាយពេក។

ប៉ុន្ដែទោះជាមានសារស្នើសុំឲ្យវិចិត្រករខ្លះបញ្ឈប់ការគូររូបភាពព្រាប សុវត្ថិ ទាំងឡាយ ដែលខុសពីរូបដើម ព្រោះនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ឬប្រែទៅជាការលេងសើចនោះយ៉ាងណា ក៏នៅតែមានវិចិត្រករថ្មីនៅតែព្យាយាមបញ្ចេញថ្វីដៃគូជាបន្ដបន្ទាប់ទៀតដែរ ហើយជាលទ្ធផល គឺបានធ្វើឲ្យក្រុមអ្នកគាំទ្រលោកព្រាប សុវត្ថិ ខកចិត្តចំពោះរូបភាពទាំងនោះ ព្រោះតែខុសពីលក្ខណៈរូបភាពដើមស្ទើរតែទាំងស្រុងតែម្ដង ខណៈដែលតារាចម្រៀងផ្សេងៗទៀត មានដូចជា សុ​ខ ពិសី , ពេជ្រ សោភា និងមាស សុខសោភា រួមទាំងសពខេមរៈ ស្រីពៅ ជាដើម មានវិចិត្រករគូរស្ទើរតែដូចរូបពិត១០០%។

យ៉ាងណា ព្រាប សុវត្ថិ គ្មានប្រតិកម្មចំពោះវិចិត្រករទាំងឡាយដែលគូររូបភាពលោក មិនបានដូចរូបស្អាតទាល់តែសោះនោះទេ ស្របពេលដែលកន្លងមកមានប្រជាជនជាច្រើនស្រលាញ់ព្រាប សុវតិ្ថ និងចាត់ទុកលោក ជា ”Idol” របស់ពួកគេ ដោយបានយករូបថតរបស់លោកទៅតាំងនៅហាងកាត់សក់ , ហាងរក្សាសម្រស់ និងបិទនៅបន្ទប់គេងតាមផ្ទះ ជាដើម។

ដោយឡែក នៅតាមបណ្ដាឆាកតន្រ្ដីទាំងឡាយព្រាប សុវត្ថិ ដែលចុះពីលើឆាកភ្លាម មានក្រុមអ្នកគាំទ្រចោមរោមឱបថើបជុំជិតនោះ បើទោះជាលោកមមាញឹកយ៉ាងណា ក៏តែងតែឈរថតរូបជាមួយពួកគេដែរ ទើបធ្វើឲ្យកំពូលតារាចម្រៀងរូបនេះតែងតែមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រទូទៅជាច្រើនឆ្នាំមកហើយ។

អំឡុងពេលដែលវិចិត្រករបានសាកថ្វីស្នាដៃគូររូបភាពព្រាប សុវត្ថិ ជាបន្ដបន្ទាប់នេះដែរ តារាចម្រៀងហង្សមាស រូបនេះ ព្រមទាំងក្រុមគ្រួសារ មានភរិយាអ្នកស្រី ឡុង ស្រមុំ និងកូនបុ្រសទាំង៣ រួមទាំងម្ដាយក្មេក អ្នកស្រីគង់ ចន្ធូ ជាដើម កំពុងតែកាន់ទុក្ខធំដោយសារតែយាយក្មេករបស់ព្រាប សុវត្ថិ ឈ្មោះវ៉ា បុប្ផា បានទទួលមរណភាពក្នុងអាយុ១០៥ឆ្នាំ កាលពីថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២០។

ព្រាប សុវត្ថិ មិនទាន់វិលមករកឆាកតន្រ្ដីវិញទេ ព្រោះអារម្មណ៍នៅតែអាលោះអាល័យអ្នកមានគុណ ខណៈដែលតារាចម្រៀងសាច់ថ្លៃជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលត្រូវជាចៅបង្កើតរបស់សព ក៏នៅតែកាន់ទុក្ខរួមគ្នាជាមួយព្រាប សុវត្ថិ ផងដែរ៕

                                                                                                                   ហ៊ឹម វិចិត្រ

RELATED ARTICLES