អតីតពិធីការិនី CTN អ្នកនាងផូ មុនីពៅ បានតុបតែងខ្លួនកាន់តែឡូយឆាយ ដែលគ្រងសុទ្ធតែគ្រឿងពេជ្រទាំងឈុតៗ និងមានការផ្លាស់ប្ដូរការរស់នៅតាមបែបអឺរ៉ុប សម្របតាមក្រុមគ្រួសារឪពុកម្ដាយក្មេករបស់នាង ដែលជាត្រកូលអភិជន តាំងពីនាងមានស្វាមី ជាង៩ឆ្នាំនេះ។

មុនីពៅ បាននិយាយភាសាបារាំង ជាប្រចាំថ្ងៃ ហើយស្វាមីរបស់នាងជាមន្រ្ដីស្ថានទូត ដែលរដ្ឋាភិបាលបារាំង បានបញ្ជូនទៅបម្រើការនៅតាមបណ្ដាប្រទេសផ្សេង ហេតុនេះហើយបានជាមុនីពៅ បានធ្វើដំណើរពាសពេញពិភពលោកតាមស្វាមីតែម្ដង។

ជាញឹកញាប់ គេឃើញអតីតតារាធ្មេញច្រពើសរូបនេះ បង្ហាញនូវសេចក្ដីសុខនិងមានសុភមង្គលណាស់ តាមរយៈការបណ្ដើស្វាមី និងកូនប្រុសដែលមានអាយុជាង៥ឆ្នាំ ដើរកម្សាន្ដតាមតំបន់រមណីយដ្ឋាន និងទេសចរណ៍នានា ពាសពេញពិភពលោក ប៉ុន្ដែនាងខកខានធ្វើដំណើរមកលេងស្រុកកំណើតជាច្រើនឆ្នាំមកហើយ ព្រោះថា ស្វាមីរបស់នាងជាប់បម្រើការនៅស្ថានកុងស៊ុលនៅបណ្ដាប្រទេសប៉ែកអឺរ៉ុប។

បុគ្គលិកបម្រើការនៅ CTN ម្នាក់ ដែលធ្លាប់បម្រើការងារជាមួយផូ មុនីពៅ បាននិយាយថា មុនីពៅ ខានមកស្រុកខ្មែរ ជាច្រើនឆ្នាំមែនព្រោះតែប្ដីនាងជាប់ធ្វើការនៅស្ថានកុងស៊ុលប្រទេសក្រៅ ជាបន្ដបន្ទាប់ អីចឹងហើយបានជាប្ដីនាងទៅដល់ណានាងទៅដល់ហ្នុងដែរ។

ប្រភពនោះបន្ថែមថា ពេលខ្លះ មុនីពៅ ទោះជានាងមកលេងស្រុកមែន ប៉ុន្តែក៏នាងមិនបង្ហោះបង្ហាញឲ្យគេដឹងដែរ អីចឹងហើយបានជាគេពិបាកទទួលបានដំណឹងពីនាងណាស់។
ផូ មុនីពៅ បានរៀបការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយលោកអេរិក ជាបុរសជនជាតិបារាំង រូបសង្ហា ដែលជាមន្រ្ដីបម្រើការនៅស្ថានទូតបារាំង។

ក្រោយរៀបការរួច មុនីពៅ បានបញ្ចប់អាជីពសិល្បៈទាំងស្រុង ដោយចេញទៅរស់នៅតាមស្វាមី ហើយនាងមិនដែលបង្ហាញខ្លួនចូលរួមតាមវេទិការអ្នកសិល្បៈនៅបារាំង ដូចអតីតតារាផ្សេងៗទៀតឡើយ។

ក្រៅពីផូ មុនីពៅ តារាខ្មែរ ដែលមានស្វាមីរស់នៅប្រទេសបារាំង មានដូចជា អ្នកនាងជិន សេរីយ៉ា និងអ្នកស្រីសូ សាវឿន ជាដើម៕