ពិធីការិនីដែលជោគជ័យលើអាជីពសិល្បៈរយៈពេល២៣ឆ្នាំមកហើយ អ្នកនាងគង់ សុជាតិ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួន ព្រមទាំងបញ្ចេញសារឲ្យតារាៗទាំងឡាយចងចាំថា មិនមែនដើម្បីចង់បានជោគជ័យហើយ ហ៊ានលះបង់គ្រប់យ៉ាង រួមទាំងកេរ្ដិ៍ខ្មាសនោះទេ។

ការថ្លែងសារបែបនេះរបស់អ្នកនាងសុជាតិ ធ្វើឲ្យមានការសង្ស័យថា នាងហាក់ចង់និយាយសំដៅទៅលើអ្នកណាម្នាក់ ព្រោះតែចង់បានភាពជោគជ័យខ្លាំងពេក រហូតដល់ហ៊ានលះបង់កេរ្ដិ៍ខ្មាសទៀតផង។

ប៉ុន្ដែយ៉ាងណា អ្នកនាងសុជាតិ មិនបញ្ជាក់ថា សាររបស់នាងនោះអាចនឹងត្រូវទៅលើអ្នកណាច្រើនជាងគេនោះទេ។ ប៉ុន្តែវាជាចំណុចដ៏រសើបមួយដែរ ព្រោះថានៅក្នុងសិល្បៈកន្លងមកធ្លាប់លេចឮថា មានតារាខ្លះហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបានតំណែងជាតួឯកឬតួនារីសំខាន់នៅស្ថាប័នណាមួយ ក្នុងនោះមានទាំងការលះបង់ខ្លួនប្រាណទៀតផង។

យ៉ាងណា សម្រាប់អ្នកដែលមានសមត្ថភាពពិតប្រាកដគឺមិនធ្វើដូច្នេះទេ ព្រោះភាពជោគជ័យដូចទៅនឹងអ្វីដែលអ្នកនាងសុជាតិ បានបញ្ជាក់នៅពេលនេះថា មិនមែនយកកេរ្ដិ៍ខ្មាសទៅប្ដូរនោះទេ។

គង់ សុជាតិ “ក្រោយភ្លៀងមេឃស្រឡះ” ព្រោះពេលនេះចំណងស្នេហានាងជាមួយស្វាមី លោកជា វិបុល ចាប់ផ្ដើមស្រស់បំព្រងឡើងវិញ បន្ទាប់ពីមុននេះលេចឮថា លោកវិបុល ចង់បែកឆ្វេងងាកទៅស្នេហ៍ស្និទ្ធដៃគូ អ្នកនាងចាន់ កែវនិមល ធ្វើឲ្យសុជាតិ ក្រៀមស្រពោនឱរ៉ាតែម្នាក់ឯង។

ទោះជាយ៉ាងណា ក្រោយថៅកែហង្សមាស បានបំបែកលែងឲ្យនិមល និងវិបុល ចាប់ដៃគ្នាទៀតនោះ ស្រាប់តែពេលនេះគេឃើញលោកវិបុល កាន់តែស្រលាញ់ថ្នាក់ថ្នមភរិយាលើសដើម។ ចំណងស្នេហាជាង៦ឆ្នាំនេះ ពួកគេបានទទួលចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះជា សុជាតិនារី អាយុជាង៣ឆ្នាំ ខណៈដែលមុននេះ លោកវិបុល ចង់បានកូនភ្លោះប្រុស តែសុជាតិ មិនទាន់អាចពពោះតាមបំណងស្វាមីបានឡើយ។

ដោយឡែក ថ្មីៗនេះដែរ គេឃើញអ្នកនាងសុជាតិ មានអាការៈមិនស្រួលខ្លួន ស្រាប់តែលោកវិបុល បានជូនភរិយាទៅមន្ទីពេទ្យទាំងយប់ ព្រមទាំងបង្ហាញកាយវិការលើកទឹកចិត្តភរិយាដល់គ្រែពេទ្យតែម្ដង ដែលធ្វើឲ្យគូស្នេហ៍ជាច្រើនសរសើរថា អ្នកនាងសុជាតិ ពិតជាសំណាងដែលមានស្វាមីចេះយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់៕