Tuesday, September 23, 2025
Homeតារាខ្មែរកញ្ញាបេប៊ី ផ្ញើខ្លួន១០ឆ្នាំហើយ ពេលនេះលាទ្រនំលោកឧកញ៉ាទាំងអាល័យ

កញ្ញាបេប៊ី ផ្ញើខ្លួន១០ឆ្នាំហើយ ពេលនេះលាទ្រនំលោកឧកញ៉ាទាំងអាល័យ

ពិធីការិនីជុំ រចនាពេជ្រ ហៅបេប៊ី ដែលជាតារាចម្រៀងរបស់ផលិតកម្មថោន បានអះអាងថា ពេលនេះនាងបានចាកចេញពីស្ថានីយទូរទស្សន៍ CTN រយៈពេល៣ខែទៅហើយ បន្ទាប់ពីបានផ្ញើខ្លួនជាមួយទ្រនំនេះជិត១០ឆ្នាំមក។

ទោះជាយ៉ាងណា នាងថា នេះគឺជាការសម្រេចចិត្តមួយដ៏ពិបាក ព្រោះថានាងមានអនុស្សាវរីយ៍ និងទទួលបានបទពិសោធន៍ច្រើនពីការងារទាំងនោះ ប៉ុន្ដែដោយសារតែនាងដល់ពេលដែលត្រូវពង្រឹងអាជីពចម្រៀង​ទើបសុខចិត្តបោះផ្នែកពិធីការិនីនេះមួយអន្លើសិន ស្របពេលដែលអាជីពសម្ដែងភាពយន្ដ ក៏មិនអាចវិលមកវិញបានដែរ ប៉ុន្តែបើផលិតកម្មថោន តម្រូវឲ្យនាងថតកុន នាងនឹងទទួលសម្ដែងដោយរីករាយ។

បេប៊ី ថា ដើម្បីឲ្យអាជីពចម្រៀងកាន់តែរលូន នាងមិនអាចធ្វើពិធីការនីផងច្រៀងផងនោះទេ តែបើសួរថា តើនាងនៅស្រលាញ់ការងារទាំងនោះទេ នាងប្រាកដជាឆ្លើយថា ស្រលាញ់ ព្រោះអីឲ្យតែការងារសិល្បៈនាងពេញចិត្តទាំងអស់ ប៉ុន្ដែត្រូវតែមានជម្រើស១ ក្នុងការពេញចិត្តជាងនោះ គឺ​”ចម្រៀង”។

បេប៊ី បន្តថា តាំងតែពីនៅតូចម្ល៉េះ ដែលនាងស្រលាញ់ហើយប៉ងចង់ធ្វើជាអ្នកចម្រៀង តែកាលពីប៉ុន្មានឆ្នាំមុន នាងបានឈានចូលសម្ដែងភាពយន្ដ និងខារ៉ាអូខេ រួមទាំងពិធីការិនី ជាដើម ដែលពេលនោះមិនទាន់ក្លាយជាអ្នកចម្រៀង។ ប៉ុន្តែតាំងពីនាងចូលថោន មក គឺដូចបំណងដែលនាងប៉ងហើយ ព្រោះថាបានក្លាយជាតារាចម្រៀងបានសម្រេច ហេតុនេះហើយបានជានាងត្រូវទម្លាក់ចោលអាជីពពិធីការិនី។

បេប៊ី បន្ថែមថា ទោះជានាងបានលាឈប់ពី CTN មែន ប៉ុន្ដែពេលនេះនាងក៏មិនមែនទៅធ្វើការ ជាពិធីការិនីនៅទូរទស្សន៍ថោន ដែរ គឺសូមពង្រឹងតែផ្នែកចម្រៀងតែមួយមុខប៉ុណ្ណោះ។ នាងថា​រយៈពេលចុងក្រោយនេះនាងបានចេញបទថ្មីៗតម្រូវទីផ្សារ មានដូចជាបទ ”ថ្នម” , ”Hey Beby”, ”ប្រពន្ធកាច” និងបទ ”សើចអត់?” ជាដើម។

ក្រៅពីបេប៊ី តារាចម្រៀងដែលបោះបង់អាជីពសម្ដែង​ មានដូចជា កញ្ញារ៉ាប៊ី , ទេព បូព្រឹក្ស និងពេជ្រ សូលីកា ជាដើម។ ដោយឡែក បេប៊ី វិញ ពេលនេះនាងបានក្លាយទៅជាតារាចម្រៀងថោន គួរឲ្យចាប់អារម្មណ៍ទាំងការតុបតែងខ្លួន និងក្បាច់រាំ គឺមិនចាញ់រ៉ាប៊ី ឡើយ។

ប៉ុន្ដែជុំវិញការបោះបង់ចោលអាជីពពិធីការិនី មកផ្ដោតតែលើអាជីពចម្រៀងនោះ ត្រូវបានគេសង្ស័យថា បេប៊ី អាចគិតថា​អាជីពចម្រៀងស្រួលរកលុយបានច្រើនជាងធអាជីពពីធីការិនី។

ប៉ុន្តែតារាថោន រូបនោះ ថា នាងមិនគិតដូច្នេះឡើយ ព្រោះថាអ្នកចម្រៀងរកលុយបានច្រើនមែន តែក៏ត្រូវបែងចែកទៅលើក្រុមរាំ និងសម្លៀកបំពាក់ច្រើនដែរ។ ដោយឡែក ពិធីការិនីមិនសូវមានមានការចំណាយច្រើនដូច្នេះទេ។

អ្នកស្រីប៊ុន ណារី ម្ដាយរបស់បេប៊ី បានឲ្យដឹងថា កូនស្រីរបស់គាត់បានផ្អាកធ្វើពិធីការិនីសិន ព្រោះតែខំពង្រឹងផ្នែកចម្រៀងសិន។ អ្នកស្រីថា នោះជាការសម្រេចចិត្តរបស់បេប៊ី គាត់មិនជំរុញទេ ព្រោះគេស្រលាញ់ច្រៀងច្រើនជាងធ្វើពិធីការិនីអីចឹង គាត់ប្រគល់សិទ្ធិឲ្យកូនជាអ្នកសម្រេចចិត្ត។

ដោយឡែក ទាក់ទងរឿងបេប៊ី ថា ពេលណារៀបការប្ដីនោះ អ្នកស្រីណារី នៅតែថា មានគេតាមស្រលាញ់កូនស្រី តែមិនទាន់ច្បាស់លាស់ទេ ព្រោះថាពេលនេះ បេប៊ី ទើបមានអាយុ២៣ឆ្នាំអីចឹង មិនប្រញាប់ការប្ដីពេកទេ ព្រោះចាំឲ្យកូនចាស់ទុំជាងនេះបន្ដិចសិន។

យ៉ាងណា អ្នកស្រីនៅតែថា រឿងជ្រើសរើសគូស្រករនេះ គឺពិបាកដែរ ព្រោះកូនស្រីរបស់គាត់ ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

                                                ហ៊ឹម វិចិត្រ

RELATED ARTICLES