តារាសម្តែង ឆុំ វត្តី បានរៀបការតាមកាលកំណត់ទៅហើយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ជាមួយលោករិទ្ធីហួរ រក្សា កូនលោកទិត្យ ធារិទ្ធិ អ្នកដឹកនាំភាពយន្ត។
មង្គលការដោយប្រថុចញ៉ុច នៅរដូវកូវីដ-១៩នេះ ត្រូវបានគេមើលឃើញថា វត្តី បានជួបរឿងខកចិត្ត ដល់ទៅ២នោះ គឺរៀបការដោយគ្មានកម្មវិធីជប់លៀង និងខកខានចេញទៅក្រេបចន្ទទឹកឃ្មុំនៅអឺរ៉ុប ទើបធ្វើឱ្យវត្តី មានអារម្មណ៍មិនសូវល្អទេ ថ្ងៃក្រាបផ្ទឹម…។

បន្ទាប់ពីរារែកស្ទាក់ស្ទើរចិត្តអស់ជាច្រើនខែថា ត្រូវរៀបការ ឬមិនរៀបការនោះ នៅទីបំផុត តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” អ្នកនាងឆុំ វត្តី ក៏បានរៀបការតាមប្រពៃណីខ្មែរ ជាមួយលោករិទ្ធីហួរ រក្សា ហៅ ណេង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដែលកម្មវិធីនោះធ្វើនៅផ្ទះលោកទិត្យ ធារិទ្ធិ ដែលជាឪក្មេករបស់វត្តី នៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ភ្ញៀវដែលចូលរួម គឺមានតែតារាជិតដិត បំផុតប៉ុណ្ណោះ ហើយកម្មវិធីនោះប្រព្រឹត្តទៅតែមួយព្រឹក ដោយគ្មានការជប់លៀងផឹកស៊ី រាំរែកនៅពេលល្ងាចដូចមង្គលការដទៃទៀតឡើយ ព្រោះតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ទើបធ្វើឱ្យមានការលេចឮថា វត្តី មានការខកចិត្តដែលពិធីមង្គលរបស់នាងមិនទាន់បានរៀបចំដូចបំណង។

ទោះជាយ៉ាងណា តារាសម្តែងស្រអែមស្រស់ ឆុំ វត្តី វាចាទាំងលាយឡំសំណើចថា នាងមិនតូចចិត្ត តូចថ្លើមនោះទេ ព្រោះថាធ្វើម៉េចបើជំងឺកូវីដ-១៩ នេះ កើតជាសាកលលោកទៅហើយ អ៊ីចឹងទោះជា ពេលនេះមិនអាចធ្វើពិធីជប់លៀងបានមែន ប៉ុន្តែនាងនឹងធ្វើកម្មវិធីនោះនៅពេលដែលស្ងាត់ជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះនៅពេលខាងមុខ ព្រោះថា បានកក់លុយធ្វើកម្មវិធីនៅកោះពេជ្រ ទៅហើយ។

វត្តី បន្តថា ចំពោះការមិនលុបចោលមង្គលការ ឬលើកពេលដែរនោះ ដោយសារតែពេលាដេញទៅចំថ្ងៃទី៤ ខែ៥ នេះ ជាថ្ងៃល្អសម្រាប់នាងនិងស្វាមីហើយ អ៊ីចឹងបានជានាងនិងក្រុមគ្រួសារទាំងសងខាងបានឯកភាពគ្នានៅរក្សាធ្វើនៅថ្ងៃនេះដដែល។
ស្វាមីរបស់ឆុំ វត្តី លោករិទ្ធីហួរ រក្សា ត្រូវបានលោកតាអាចារ្យប្រកាសថា លោកជាបណ្ឌិតដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយលោករក្សា បាននិយាយទាំងអារម្មណ៍រំភើបថា លោកស្រលាញ់វត្តី ជាង៣ឆ្នាំមកហើយ ព្រោះឃើញនាងសម្តែងសិល្បៈមានទេពកោសល្យល្អ ព្រមទាំងមានអត្តចរិតថ្លៃថ្នូរ និងធ្វើឱ្យលោកសប្បាយរីករាយគ្រប់ពេលវេលានៅពេលណាដែលមាននាងនៅក្បែរ។

ដោយឡែក វត្តី វិញថា បេះដូងនាងមានសេចក្តីសុខណាស់ពេលដែលបានលោករក្សា ចូលមក ហេតុនេះហើយ នាងគ្មានការរារែកចិត្តចំពោះមង្គលការដែលប្រព្រឹត្តទៅប៉ះចំរដូវកូវីដ-១៩ មិនទាន់ស្ងាត់នោះទេ គ្រាន់តែកាត់កម្មវិធីជប់លៀងចេញសិនប៉ុណ្ណោះ។

ចំណែកគម្រោងនាំស្វាមីចេញទៅក្រេបចន្ទទឹកឃ្មុំនៅក្រៅស្រុក ពិតជាត្រូវអាក់ខានមែន ព្រោះតែ ជើងយន្តហោះមិនទាន់បើក និងម៉្យាងទៀតជំងឺកូវីដ-១៩ មិនទាន់ស្ងាត់បែបនេះ នាងមិនទាន់ហ៊ានចេញទៅទេ។

ឆុំ វត្តី បន្ថែមថា នាងមិនបោះបង់គម្រោងដឹកដៃស្វាមីទៅទៅក្រេបទឹកឃ្មុំនៅក្រៅស្រុកនោះទេ គឺនៅតែរក្សាដដែល គ្រាន់តែពេលនេះត្រូវបង្ខំចិត្តផ្អឹ ទុកសិនហើយ។
វត្តី បញ្ជាក់ថា ពេលដែលស្ងប់ស្ងាត់កូវីដ-១៩ ហើយ នាងនឹងនាំប្តីទៅដើរលេងនៅប្រទេសប៉ែកអឺរ៉ុប តាមគម្រោងដែលប៉ងជាយូរមកហើយ។

ថ្វីត្បិតតែឆុំ វត្តី ប្រឈមការខកចិត្តដល់ទៅ២រឿង ដោយអាក់ខានការផឹកស៊ីរាំរែក និងផ្អាកគម្រោង ទៅក្រេបចន្ទទឹកឃ្មុំនៅក្រៅស្រុក ព្រោះតែនាងសម្រេចចិត្តរៀបការនៅរដូវកូវីដ-១៩នេះមែន ប៉ុន្តែ ទាំងវត្តី និងស្វាមីរបស់នាង មានគំនិតស្របគ្នាតែម្តង ចំពោះគម្រោងការយកកូនភ្លាមៗឱ្យបានដល់ទៅ៣នាក់ ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត៕
ហ៊ឹម វិចិត្រ