តារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានចំណាយពេលជិះរថយន្ដពីផ្ទះរបស់នាង នៅខេត្តកំពង់ស្ពឺ មកច្រៀងនៅភ្នំពេញ តាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន ដោយត្រូវប្រើពេលដល់ទៅ១ម៉ោងឯណោះ ដែលខុសពីអ្នករួមអាជីពជាមួយនាងមួយចំនួនពួកគេភាគច្រើនទិញផ្ទះនៅភ្នំពេញ ឬជួលបន្ទប់ខុនដូជិតៗក្រុងស្នាក់នៅ។

ប៉ុន្ដែអ៊ីវ៉ា វិញ នាងសុខចិត្តចុះឡើងទៅមកៗពីខេត្ត មកភ្នំពេញ ដោយគ្មានគម្រោងទិញផ្ទះវីឡាថ្មីដូចគេឡើយ ខណៈដែលផ្ទះវីឡាដ៏ស្កឹមស្កៃរបស់នាងនៅកំពង់ស្ពឺ មិនចាញ់ផ្ទះរបស់តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ឡើយ។

អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ដោយសារតែទម្លាប់ ទើបធ្វើឲ្យនាងមិនចង់គេងនៅទីណា ក្រៅពីផ្ទះរបស់នាងនៅខេត្តកំពង់ស្ពឺ នោះទេ។ នាងថា ពិតជាសុខចិត្តធ្វើដំណើរទាំងយប់ពីភ្នំពេញ ទៅគេងនៅផ្ទះឯខេត្តកំពង់ស្ពឺ មែន ។

អ៊ីវ៉ា បញ្ជាក់ថា គ្មានគម្រោងទិញផ្ទះថ្មីនៅភ្នំពេញ នោះទេ ព្រោះចិត្តនាងចង់តែទៅគេងនៅផ្ទះកំណើត ស្រួលមើលហាងសម្លៀកបំពាក់នៅក្បែរនោះផងដែរ។

អ៊ីវ៉ា តាំងពីចូលសិល្បៈជាង១០ឆ្នាំមកនេះ នាងតែងតែត្រូវបានឪពុកម្ដាយរបស់នាងតាមជាប់ជានិច្ច តែគួរឲ្យស្ដាយ ម្ដាយរបស់នាង អ្នកស្រីភួង សុខា បានទទួលមរណៈភាពកាលពីឆ្នាំ២០១៣ទៅហើយ។
បច្ចុប្បន្ន អ៊ីវ៉ា នៅតែត្រូវបានឪពុករបស់នាង លោកអ៊ូ វ៉ាវ បើករថយន្ដជូននាងទៅគ្រប់បណ្ដាកម្មវិធីដែលនាងទៅច្រៀងសម្ដែង។

លោកវ៉ាវ ធ្លាប់និយាយថា លោកក៏ចង់ឲ្យអ៊ីវ៉ា មានគូស្រករឆាប់ៗដែរ ដោយមិនបារម្ភកូនធ្លាក់កូដនោះទេ ព្រោះបើបានកូនប្រសារទៅបានជូនកូនស្រីទៅច្រៀង មិនពិបាកលោកជូនទៅដូចពេលនេះ។

យ៉ាងណា លោកថា រឿងគូស្រករ លោកបានផ្ដល់សិទ្ធិឲ្យកូនជ្រើសដោយខ្លួនឯង៦០% លោកសុំត្រឹមតែ៤០%ប៉ុណ្ណោះ។ ប៉ុន្ដែរអ៊ីវ៉ា ថានាងមិនទាន់ចង់រៀបការឡើយ៕