Wednesday, September 24, 2025
Homeតារាខ្មែរសោភា ទេពី សុំទោស ”អូនធំ”

សោភា ទេពី សុំទោស ”អូនធំ”

សោភា ទេពី បានចេញបទ ”អូនធំ” ដែលធ្វើឲ្យមានការរិះគន់ច្រើនថា បទមួយនេះហាក់ដូចជាបញ្ឆេះអារម្មណ៍ប្រុសៗទាំងឡាយឲ្យក្ដៅខ្លួន ព្រោះអត្ថន័យភាគច្រើនប្រុសៗស្ដាប់ហើយ នៅមិនសុខឡើយ។

ទោះជាយ៉ាងណា កញ្ញាទេពី ថា អ្នកនិពន្ធរបស់នាងបានអះអាងហើយថា បទនេះកុំគិតលើរឿងផ្សេងអី ព្រោះគាត់សរសេរមិនមានចេតនាធ្វើឲ្យអ្នកណាគិតដល់រឿងអ្វីផ្ដេសផ្ដាសនោះទេ។ ចំណែករូបនាងផ្ទាល់ថា មានតែការសុំទោស ព្រោះនាងមិននឹកស្មានថា ១បទនេះធ្វើឲ្យមានគេរិះគន់ច្រើនដល់ម្លឹងសោះ។

សោភា ទេពី ថ្លែងថា ”បទ ”អូនធំ” ហ្នឹង គេចង់និយាយអំពីមនុស្សធំមុនអាយុ ដំឡោកតើ។ តែខ្ញុំមិននឹកស្មានថា គេស្ដាប់ទៅ គិតជ្រៅដល់ម្លឹងសោះ? ខ្ញុំក៏មិននឹកស្មានថា មានគេរិះគន់ច្រើនអីចឹងដែរ អីចឹងខ្ញុំមានតែសូមខន្ដីអភ័យទោសពីបងប្អូន ព្រោះអ្នកនិពន្ធ គាត់គ្មានបំណងធ្វើឲ្យអ្នកណាស្ដាប់ទៅស្រើបស្រាលនោះទេ”។

សោភា ទេពី ថា ទោះជាបទ​ ”អូនធំ” មានគេរិះគន់ច្រើនមែន ប៉ុន្ដែបទនេះក៏មានអ្នកចូលទៅមើលច្រើនដែរ ហេតុនេះហើយនាងខកចិត្តផងរំភើបផង។ ប៉ុន្ដែនាងមានតែពាក្យថា សុំទោសទៅបងប្អូនទេ ប្រសិនបើបទ១នេះ ធ្វើឲ្យពួកគាត់គិតថាហួសហេតុពេក។

យ៉ាងណា ទេពី ថា នៅតែបន្ដការធ្វើបទចម្រៀងថ្មីៗ ដោយចំណាយថវិកាផ្ទាល់ខ្លួន មិនមានគម្រោងចូលច្រៀងនៅផលិតកម្មមួយណាឡើយ។

សោភា ទេពី ល្បីឈ្មោះតាមរយៈបទ ”អ្នកណាកែចិត្តបង?” អំឡុងពេលដែលនាងជ្រកកោនក្រោមដំបូលផលិតកម្ម Zone ។ ប៉ុន្ដែដោយសារនាងមានទំនាស់ចម្រូងចម្រាសជាមួយលោកអ៊ុច រ៉ាវុឌ្ឍ ថៅកែផលិតកម្មនេះ ទើបធ្វើឲ្យនាស្ពាយបង្វេចដើរចេញដោយគ្មានអាល័យឡើយ។

សោភា ទេពី បញ្ជាក់ថា ពេលនេះបានធ្វើបទចម្រៀង​ Original Songs ផង និងច្រៀង Cover បទរបស់អ្នកស្រីប៉ែន រ៉ន និងរស់ សេរីសុទ្ធា ឡើងវិញផង។ ដោយឡែក រឿងគូស្នេហ៍វិញ នាងថា មិនទាន់ចង់បានប្ដីទេ៕

RELATED ARTICLES